លោក ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក រួមជាមួយប្រជាជន១១ឃុំ ក្នុងស្រុកកោះធំ ខេត្តកណ្ដាល កាលពីចុងសប្ដាហ៍កន្លងមកនេះ បានចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អាងហែលទឹកមួយតម្លៃប្រមាណជាង៣០០.០០០ដុល្លារ ដើម្បីស្វែងរកធនធានហែលទឹកនៅតំបន់នោះ។ អាចនិយាយបានថា នេះជាប្រវត្តិសាស្ត្រហើយ ដែលស្រុកកោះធំរបស់ខេត្តកណ្ដាលទទួលបានកាដូអាងហែលទឹកមួយ ដែលមានតម្លៃថ្លៃបែបនេះ។
សម្រាប់អាងហែលទឹកដែលធ្វើនៅក្នុងបរិវេណកីឡដ្ឋានកោះធំនោះ មានទទឹង២២ម៉ែត្រ និង បណ្ដោយ២៥ម៉ែត្រ។ បន្ទាប់ពីបញ្ចប់ការសាងសង់ទីនេះ នឹងក្លាយជាកន្លែងបណ្ដុះបណ្ដាលកីឡាថ្នាលសម្រាប់អ្នករស់នៅតំបន់នេះតែម្ដង។
លោកឧកញ៉ា ប៉ាង ណាំ ប្រធានក្រុមហ៊ុនកាំត្រង់ស៊ីបបានជួយឧបត្ថម្ភគាំទ្រផ្នែកថវិកាឲ្យការសាងសង់អាងហែលទឹកនេះ សម្រេចជារូបរាងឡើងនៅពេលនេះ។
ពេលនេះ រចនាសម្ព័ន្ធសម្រាប់កីឡាហែលទឹកកាន់តែសម្បូរបែបហើយ បន្ទាប់ពីមជ្ឈមណ្ឌលហែលទឹកតេជោសែន ខេត្តកំពង់ចាម អាងហែលទឹក នាពហុកីឡដ្ឋានមរតកតេជោ អាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកដែលកំពុងជួសជុលក្នុងទំហំទឹកប្រាក់ជាង២០លានដុល្លារ និងអាងហែលទឹកស្រុកកោះធំដែលបានបញ្ចុះបឋមសិលារួចហើយនេះ។
ក្នុងប្រវត្តិកីឡាហែលទឹករបស់កម្ពុជា អ្នកហែលទឹក ដ៏ល្បីល្បាញចំនួនច្រើនលើសលប់ មានប្រភពមកពីស្រុកជាប់មាត់ទន្លេ ពិសេសខេត្តកំពង់ចាម។ បន្ទាប់ពីខេត្តកំពង់ចាមទទួលបាននូវអាងហែលទឹកមួយ ដែលប្រសិទ្ធិនាមថា មជ្ឈមណ្ឌលហែលទឹកតេជោសែនមកនោះ អាងហែលទឹកនោះបានក្លាយជាទីកន្លែងប្រកួតកីឡាថ្នាលរៀងរាល់ឆ្នាំ មិនតែប៉ុណ្ណោះការប្រកួតធំៗ ក៏តែងតែធ្វើនៅទីនោះដែរ៕
Source: Kampuchea Thmey Daily
0 Comments