ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានប៉ូលិសប៉ុស្តិ៍បឹងសាឡាងស្រាវជ្រាវ រហូតឃាត់ខ្លួនបាន ក្រោយពីធ្វើសកម្មភាពប្លន់ យកលុយ និងទូរស័ព្ទដៃបាន១ម៉ោង។
ជនសង្ស័យ ត្រូវបានប៉ូលិសឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៧និង០០នាទី ចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ផ្លូវលេខ២៧១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ជនសង្ស័យ ឈ្មោះ ចាន់ សុផានិត ហៅ ខ្និត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ក្រោមស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យប្រើប្រាស់គ្រឿងញៀន ពិនិត្យធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន ជាលទ្ធផល វិជ្ជមាន(មានសារធាតុញៀន)។
ជនរងគ្រោះ ឈ្មោះ ហួន ចែម ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡានក្រុមហ៊ុនរិទ្ធមុន្នី
ស្នាក់នៅភូមិត្រពាំងជ្រៃ ឃុំត្រពាំងជ្រៃ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ រីឯសម្ភារៈបាត់បង់រួមមាន លុយខ្មែរ៣០០.០០០រៀល(សាមសិបម៉ឺនរៀល) ទូរស័ព្ទចំនួន០១គ្រឿង ម៉ាក L G ពណ៌ស គ្មានស៊ីម (ទើបទិញ)។
មន្ត្រីប៉ូលិសផ្នែកព្រហ្មទណ្ឌខណ្ឌទួលគោកបានឲ្យដឹងថា មុនពេលកើតហេតុ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ម៉ោងប្រហែល១៦និង០០នាទី ជនរងគ្រោះមកពីទិញទូរស័ព្ទនៅផ្សារដើមគរ រួចបានជិះម៉ូតូឌុបមកឈប់ឈរចាំជិះឡានបង នៅម្តុំជិតបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ សង្កាត់បឹងសាឡាង(កន្លែងកើតហេតុខាងលើ) ខណៈកំពុងឈររង់ចាំជិះឡានបងនោះ ក៏ស្រាប់តែមានជនសង្ស័យចំនួន០៣នាក់ បានស្ទុះចេញពីក្រោមស្ពានអាកាសស្ទឹងមានជ័យ មកធ្វើសកម្មភាពចាប់ក្រៀកវាយប្លន់លូកយកទូរស័ព្ទ និងលុយមានសម្រេច ហើយនាំគ្នារត់គេចខ្លួនបាត់អស់ទៅ។ ក្រោយពេលកើតហេតុ ជនរងគ្រោះ បានមករាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងសាឡាង សហការជាមួយជនរងគ្រោះចុះដល់កន្លែងកើតហេតុ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ខាងលើ នាំយកមកប៉ុស្តិ៍ធ្វើការសាកសួរ ហើយត្រូវបានជនសង្ស័យឆ្លើយសារភាពថា រូបគេ និងបក្សពួក២នាក់ទៀត(គេចខ្លួនបាត់)ពិតជាបានប្រព្រឹត្តវាយប្លន់យកទូរស័ព្ទ និងលុយរបស់ជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យ ឈ្មោះ ចាន់ សុផានិត ហៅខ្និត កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments