Ad Code

គួ​ន ប៊ុន​ហ៊ីម ជួប យ៉​ន ពិសី , យុគ យក្ស​ផ្លែ ជួប ម៉ន សា​ម៉េ​ត ក្នុង​ជម្រុះ​ចុងក្រោយ វគ្គ​១/៤​ផ្ដាច់ព្រ័ត្រ TV5 Knock Out Series ទម្ងន់ ៥៧​គ​.​ក្រ​



ការប្រកួត​ប្រដាល់​ដណ្តើមពាន​រង្វាន់​ជើងឯក​TV5 Knock Out Series by K.Cement ទម្ងន់ ៥៧​គីឡូក្រាម​ លើ​សង្វៀន TV5 ព្រែកកំពឹស នៅ​ថ្ងៃ​សៅរ៍ ទី​២៦ ខែ​មករា ឆ្នាំ​២០១៩​នេះ ជាការ​ប្រកួត លើកចុងក្រោយ​ក្នុង​ជម្រុះ​វគ្គ​១ ​ភាគ​៤​ផ្ដាច់ព្រ័ត្រ​(៨​នាក់​ចុងក្រោយ​) ដែល​មាន​អ្នក​ប្រដាល់​៤​រូប ​គឺ​ គួ​ន ប៊ុន​ហ៊ីម អ្នក​ប្រដាល់​ក្លិប​ពន្លឺ​សាមគ្គី ,​យ៉​ន ពិសី ក្លិប​សាល​វ័​ន្ត​កីឡា​,​យុគ​យក្ស​ផ្លែ ក្លិប​បូរី​រាជ​សីហ៍​មាន​រិ​ទ្ធ និង​ម៉ន សា​ម៉េ​ត ក្លិប​កងចក្រ​រាជ​សីហ៍ ដើម្បី​ដណ្តើម​យក​កៅអី​សម្រាប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។​
​ ​
សម្រាប់​ការប្រកួត​ជម្រុះ​១​ភាគ​៤​ផ្ដាច់ព្រ័ត្រ លើក​ចុង​ក្រោយ​នេះ គួ​ន ប៊ុន​ហ៊ីម នឹង​ជួប​ប្រកួត​ជាមួយ​យ៉​ន ពិសី ហើយ​យុគ យក្ស​ផ្លែ ជួប​ជាមួយ ម៉ន សា​ម៉េ​ត។

​រវាង​គួ​ន ប៊ុន​ហ៊ីម និង យ៉​ន ពិសី នេះ ពួកគេ​មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក។ ដូច្នេះ ជា​ការ​ជួប​គ្នា​លើក​ទី​១ សម្រាប់​អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ។ គួ​ន ប៊ុន​ហ៊ីម ជា​អ្នក​ប្រដាល់​ជើងចាស់ ឯ យ៉​ន ពិសី ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ។

ទោះជា​យ៉ាងណា សម្រាប់​ការជួបគ្នា​រវាង ​គួ​ន ប៊ុន​ហ៊ីម និង យ៉​ន ពិសី នេះ ក្រុម​អ្នកវិភាគ​ប្រដាល់​បាន​អះអាង​ថា គួ​ន​ ប៊ុន​ហ៊ីម នឹង​បាន​កៅអី​សម្រាប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ព្រោះថា​ ប៊ុន​ហ៊ីម ដែល​គេ​ដឹង​ច្បាស់​ថា ជា​ចាស់ ​និង​ជា​ជើង​ខ្លាំង​យូរហើយ គេ​វាយ​ស៊ូ​ខ្លាំង​ណាស់។ ប៊ុន​ហ៊ីម មាន​កណ្ដាប់ដៃ និង​ជង្គង់​ល្អ ហើយ​ថែមទាំង​មានចិត្ត​ប្រដាល់​ធំ​ថែមទៀត​។​ ចាំ​មើល តើ ​យ៉​ន ពិសី អាច​យកឈ្នះ ​គួ​ន ប៊ុន​ហ៊ីម បាន ឬ​អត់?។​

គួ​ន ប៊ុន​ហ៊ីម ប្រកួត​ក្នុង​ជុំ​ទី​២ គេ​បាន​យកឈ្នះ ​ជា ចំរើន ក្លិប​អេ ភូ​ថង​កីឡា ដោយ​ពិន្ទុ​ដាច់​តែម្តង។ ចំណែក យ៉​ន ពិសី ប្រកួត​ជុំ​ទី​២ គេ​បាន​ឈ្នះ ជ័យ ប៊ុន​សង់ អ្នក​ប្រដាល់​ក្លិប​គី​សែ​មាន​រិ​ទ្ធ ដោយ​ស្វ័យប្រវត្តិ ដោយសារតែ ​ប៊ុន​សង់ រក្សា​ទម្ងន់​៥៧​គីឡូក្រាម​ពុំបាន។​

សូមបញ្ជាក់ថា ការប្រកួត​ក្នុង​ជុំ​ទី​៣​នេះ គឺ​ប្រកួត​តែ​បី​ទឹក ដោយ​ក្នុង​មួយ​ទឹក​មាន​៣​នាទី សម្រាក​២​នាទី ដូច​កាល​ប្រកួត​ក្នុង​ជុំ​ទី​២​ដែរ ហើយ​អ្នក​ដែល​ឈ្នះ​បាន​ឡើង និង​អ្នក​ដែល​ចាញ់​ត្រូវ​ជ្រុះ​ធ្លាក់​ត្រឹមនេះ។ ចំពោះ​ការប្រកួត​មួយគូ​ទៀត​នោះ ជាការ​ជួបគ្នា​រវាង ​យុគ យក្ស​ផ្លែ និង ម៉ន សា​ម៉េ​ត​។​ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ជា​អ្នក​ប្រដាល់​ខ្លាំង​ជើងចាស់​ដូចគ្នា ប៉ុន្តែ​ពួកគេ​មិន​ធ្លាប់​ប៉ះគ្នា​ទេ​កន្លងមក។

សម្រាប់​ការជួបគ្នា​លើក​នេះ មិនដឹងថា​នរណា ជា​អ្នក​មាន​សំណាង​បាន​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នោះទេ? តែ​យ៉ាងណា គេ​មាន​ជំនឿ​លើ ​ម៉ន សា​ម៉េ​ត ច្រើនជាង​យក្ស​ផ្លែ។ ប៉ុន្តែ សា​ម៉េ​ត ក៏​មិនអាច​ធ្វេសប្រហែស​ ​ឬ​មើលស្រាល​យក្ស​ផ្លែ​បានដែរ ព្រោះ​យក្ស​ផ្លែ​នេះ គេ​ក៏​វាយ​ខ្លាំង​ និង​ល្អ​ដែរ និយាយ​រួម​ពីរ​នាក់​នេះ គឺ​ត្រូវ​មានការ​ប្រយ័ត្ន​រៀងៗ​ខ្លួន​។ យ៉ាងណា ការប្រកួត​រវាង​អ្នក​ប្រដាល់​ទាំង​ពីរ ទោះជា​អ្នកណា​ឈ្នះ ក៏​ឈ្នះ​ដោយ​វេទនា​ដែរ។ ចាំមើល រវាង ​យុគ យក្ស​ផ្លែ និង ម៉ន សា​ម៉េ​ត តើន​រណា​ត្រូវ​ដើរ​ចេញពី​ការប្រកួត​នេះ?។​

សូម​បញ្ជាក់​ថា កាលពី​ជុំ​ទី​១ យុគ យក្ស​ផ្លែ បាន​វាយ​ឈ្នះ​ សេន កុសល អ្នក​ប្រដាល់​ក្លិប​មោងឬស្សី​មរតក​គុន​ខ្មែរ​ដោយ​ពិន្ទុ ហើយ​ ម៉ន សា​ម៉េ​ត គេ​វាយ​ឈ្នះ​សិស្ស​ប្អូន រឿន សុខលី អ្នក​ប្រដាល់ ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ដោយ​ពិន្ទុ​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu