ព្រៃវែង ៖ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ អធិការដ្ឋាននគរបាលស្រុកពាមជ័រ បានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន និងដកហូតបានសារធាតុញៀន គឺម៉ាទឹកកកចំនួន១០០កញ្ចប់។
លោក ជា ហេង អធិការនគរបាលស្រុកពាមជរ៍បានឲ្យដឹងថា ប្រតិបត្តិការចាប់ឃាត់ខ្លួនស្ត្រីជួញដូរគ្រឿងញៀនខាងលើ គឺប្រព្រឹត្តទៅ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ដោយកម្លាំងជំនាញការិយាល័យគ្រឿង ខេត្តព្រៃវែង សហការជាមួយនឹងអធិការដ្ឋាននគរបាលស្រុកពាមជរ៍ ដោយនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១២និង៣០នាទី សមត្ថកិច្ចយើងបានប្រើវិធានការញុះញង់ ដោយឲ្យកម្លាំងបង្កប់របស់យើង ទៅទិញសារធាតុញៀន គឺម៉ាទឹកកកចំនួន១កញ្ចប់ពីជនសង្ស័យ ឈ្មោះ អ៊ឹង ជីវន្ត័ ភេទស្រី អាយុ២៨ឆ្នាំ ទីលំនៅនៅភូមិ បង្អែកឃុំ ស្វាយភ្លោះ ស្រុកពាមជរ៍ ខេត្តព្រៃវែង មានមុខរបរលក់ដូរ ក្នុងតម្លៃ៣ម៉ឺនរៀល លុះដល់រសៀលថ្ងៃដដែល វេលាម៉ោង១៥និង១០នាទី សមត្ថកិច្ចបានប្រើវិធានខាងលើទៅទិញគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន២កញ្ចប់ទៀត ក្នុងតម្លៃ៨ម៉ឺនរៀល ពីជនសង្ស័យដដែល ហើយក្នុងពេលនោះ សមត្ថកិច្ចក៏ធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើតែម្ដង។
លោកអធិការបានបន្តទៀតថា ក្រោយពេលចាប់ឃាត់ខ្លួន សមត្ថកិច្ចយើងបានធ្វើការឆែកឆេរលំនៅដ្ឋានរបស់ជនសង្ស័យ ហើយបានរកឃើញគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន៩៧កញ្ចប់ថែមទៀត សរុបទាំងអស់ គឺ១០០កញ្ចប់(មួយរយកញ្ចក់)។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង រក្សានៅអធិការដ្ឋាននគរបាលស្រុកពាមជរ ដើម្បីធ្វើកំណត់ហេតុ និងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែងចាត់ការតាមនីតិវិធី នៃច្បាប់៕
Source: Kampuchea Thmey Daily
0 Comments