បាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់ ដែលមានប្រភពមួយបានស្គាល់ថា ជាមនុស្សញៀនស្រា រហូតគ្រប់គ្រងសតិខ្លួនឯងមិនបាន ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្រោមដើមឈើកណ្តាលវាលស្រែ ថែមទាំងមានក្លិនស្អុយទៅហើយ ដោយនៅលើរាងកាយ មានរុំព័ទ្ធដោយវល្លិពេញខ្លួនផង។
ការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចម៉ុងចិន ក្រោមដើមស្នួល កណ្តាលវាលស្រែ ស្ថិតក្នុងភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង បន្ទាប់ពីអ្នកភូមិ បានប្រទះឃើញសពមនុស្សម្នាក់ដេកស្លាប់នៅក្រោមដើមស្នួល និងមានលក្ខណៈហើមស្អុយ ព្រមទាំងមានវល្លិរុំពេញខ្លួន រហូតដល់បំពង់ ក ថែមទៀតផង។
នៅពេលនោះដែរ ក៏មានសាក្សីម្នាក់ ឈ្មោះ សុង ភារិទ្ធ ហៅព្រលិត ភេទប្រុស អាយុ២៩ឆ្នាំជាអ្នកប្រកបមុខរបរកាប់គោលក់ នៅក្នុងផ្សារស្នឹង បាននិយាយថា ជនរងគ្រោះរូបនេះ ឈ្មោះ ម៉ៅ អាយុប្រហែល៥០ឆ្នាំ ស្នាក់នៅភូមិស្នឹងលិច ត្រូវជាប្អូនថ្លៃអធិការរងម្នាក់ ក្នុងស្រុករតនៈមណ្ឌល ហើយក៏ជាមនុស្សញៀនស្រាជាទីបំផុត សូម្បីតែពេលខ្លះគេធ្លាប់មកជួយកាប់គោឲ្យខ្លួនក៏ផឹកស្រាបណ្តើរ
កាប់គោបណ្ដើរដែរ។
ប្រភពមួយចំនួនបានឲ្យដឹងថា នៅមុននេះប្រមាណ២ ឬ៣ថ្ងៃ គេបានឃើញជនរងគ្រោះរូបនេះ កាន់ដំបងឫស្សីប្រវែងជាង១ម៉ែត្រ រត់ចុះ រត់ឡើង នៅត្រង់ចំណុចវាលស្រែខាងលើ ដោយមិនមាននរណាម្នាក់ហ៊ានចូលទៅក្បែរនោះឡើយ ដោយសារតែគេមានដំបង ហើយម្យ៉ាងទៀតក៏មិនសូវមានអ្នកណាចាប់អារម្មណ៍ផងដែរ ក៏ស្រាប់តែមកប្រទះឃើញសពឡើងស្អុយទៅវិញ។
ជុំវិញបញ្ហានេះ សមត្ថកិច្ចជំនាញ ដែលកំពុងធ្វើកោសល្យវិច័យ បានសន្និដ្ឋានជាបឋមថា ជនរងគ្រោះអាចកាន់ដំបងឫស្សីនោះឡើងទៅលើដើមស្នួល ដែលមានវល្លិរុំព័ទ្ធជាច្រើនផង ហើយគេអាចយកវល្លិនោះមករុំខ្លួន និងរុំ ក ខ្លួនឯងជាច្រើនជុំ លុះពេលភ្លាត់ធ្លាក់មកគឺអាចវល្លិដែលរឹត ក នោះធ្វើឲ្យស្លាប់តែម្តង ព្រោះដំបងឫស្សីដែលគេកាន់នោះនៅជាប់នឹងមែកស្នួលខាងលើនៅឡើយ។
បច្ចុប្បន្ន សមត្ថកិច្ចអាចប្រគល់សពនេះទៅឲ្យខាងអាជ្ញាធរ ដើម្បីរៀបចំបូជា បន្ទាប់ពីពិនិត្យឃើញថា មិនមានការពាក់ព័ន្ធទៅនឹងអំពើឃាតកម្មទេនោះ៕
Source: Kampuchea Thmey Daily
0 Comments