Ad Code

ភ្លើង​បារី ​បង្ក​អគ្គិភ័យ ​ក្នុង​បឹង​កុក​ ទៀតហើយ​



កំពង់ចាម ៖ រងើកភ្លើង​អុស​ដែល​ក្មេងៗ​ដុត​ក្តាម​ខ្យង​ ឬ​កន្ទុយបារី​ដែល​គេ​បាន​គ្រវាត់​ចោល​នៅ​លើ​គំនរ​ស្មៅ​ដ៏​ក្រាស់​ បាន​បង្ក​ទៅជា​អគ្គិភ័យ ឆាបឆេះ​រាលដាល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ទីលំនៅ​ជុំវិញ​កន្លែងកើតហេតុ​មានការ​ភ័យ​ខ្លាច​ឆេះ​លំនៅដ្ឋាន​របស់គាត់ ហើយ​បាន​ធ្វើ​ឲ្យ​សមត្ថកិច្ច​ចុះទៅ​អន្តរាគមន៍​ទាំងយប់​។

ជាកស្តែង​នៅ​ថ្ងៃទី​២៣ ​ខែមករា ​ឆ្នាំ​២០១៨​ វេលា​ម៉ោង​២៣​និង​០០​នាទី​ មាន​អគ្គិភ័យ​ឆេះ​ព្រៃ​នៅក្នុង​បឹង​កុក ស្ថិតនៅ​ភូមិ​មេម៉ាយ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​។​

លោក​វរសេនីយ៍ទោ អ៊ឹង ប៊ុន អធិការ​នគរបាល​ក្រុង​កំពង់ចាម​បាន​ឲ្យ​ដឹងថា ក្រោយ​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ និង​មាន​បញ្ជា​ផ្ទាល់ ពី​លោក​ឧត្ដមសេនីយ៍​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត កំពង់​ចាម​ភ្លាម លោក អ៊ឹង ប៊ុន បាន​ដឹកនាំ​កម្លាំង​នគរបាល​ក្រុង​កំពង់ចាម កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល បឹង​កុក សហការ​ជាមួយ​កម្លាំង​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​ខេត្ត​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ​យ៉​ន ឌី​ន​ នាយការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​ខេត្ត និង កម្លាំង​ប្រជា​ការពារ​សង្កាត់​បឹង​កុក ចុះ​ពន្លត់​ទាន់ពេលវេលា។​

លោក​អធិការ​បានបញ្ជាក់​ថា ក​រ​ណី​នេះ មិន​បណ្តាល​ឲ្យ​ខូច​ខាត​ដល់ផ្ទះ​សំបែង​ប្រជាពលរដ្ឋ​ឡើយ និង​មិន​ប៉ះពាល់​ដល់​អាយុ​ជីវិត​មនុស្ស​ទេ​ គឺ​កម្លាំង​ចម្រុះ​ បាន​សហការ​ចុះ​អន្តរាគមន៍​ទាន់ពេលវេលា ខណៈ​ដែល​អគ្គិភ័យ​មិនទាន់​ឆេះ​រាលដាល​ដល់ផ្ទះ​របស់​ប្រជាពលរដ្ឋ។​

លោក​បាន​បញ្ជាក់ថា ​ក្នុង​កិច្ចប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នេះ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​ចំនួន​០២​គ្រឿង ទើប​​រលត់​អស់​។​

លោក​អធិការ​បាន​បន្តថា​ អគ្គិភ័យ​កើតឡើង​នៅលើ​គំនរ​ស្មៅ ក្នុង​បឹង​កុក​នេះ​ បានកើត​ឡើង​ម្តង​ហើយ ម្តងទៀត​ ដែល​បង្ក​ឡើង​ដោយ​ក្មេងៗ​មកលេង​លើ​បឹង​កុក​នេះ ហើយ​ដុត​ក្តាម ខ្យង ​រួច​មិន​បាន​ពន្លត់​ទុក​ ឲ្យ​ឆេះ​រាលដាល បង្ក​ការ​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ ពេលខ្លះ បង្ក​មកពី​កន្ទុយបារី​ដែល​បង​ប្អូន​បាន​បោះចោល​ដោយ​មិន​ពន្លត់​ជាមុនសិន​។​

លោក​អធិការ​ បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ សូម​មេត្តា​ប្រុង​ប្រយ័ត្ន​ខ្ពស់ ហើយ​ហាម​កូន​ចៅ​មិន​ឲ្យ​ដុត​ភ្លើង​នៅ​លើ​បឹង​កុក​នេះ​ ព្រោះ​វា​នឹង​បង្ក​អគ្គិភ័យ ដូច​ករណី​ខាងលើនេះ​។​
លោក​អធិការ​បាន​បញ្ជាក់ថា ​នៅលើ​ផ្ទៃ​បឹង​កុក​នេះ ​មាន​ស្មៅ​ដុះ​ក្រាស់​តាំងពី​សម័យ​មុន​ ហើយ​មនុស្ស​អា​ចដើរ​លើ​កម្រាស់​ស្មៅ​នេះ ​ដោយ​មិន​លិច​ឡើយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu