Ad Code

តុលាការ​ នឹង​កាត់ទោស​ លោក ​ថោង សារ៉ាត់​ នៅ​ថ្ងៃ​ទី ១៥,១៦,១៧​មករា ខាងមុខនេះ​



ភ្នំពេញ​ ៖​ ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​ធ្វើ​ការ​បើក​សវនាការ​កាត់ទោស​លោក ​ថោង សារ៉ាត់ និង​អង្គរក្ស​ចំនួន​៥​នាក់ (​ស្លាប់​ម្នាក់​) នៅ​ព្រឹក​ថ្ងៃ​ទី​១៥ , ១៦ ,​និង​១៧ ខែ​​មករា ឆ្នាំ​២០១៩​ខាងមុខនេះ។

នេះ​បើ​តាម​សេចក្ដីជូនដំណឹង​របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ​សំណុំរឿង​ព្រហ្មទណ្ឌ ​ដែល​ដឹកនាំ​ដោយ​លោក តុ​ប ឈុន​ហេង អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ។

ជនជាប់ចោទ ​ដែល​នឹង​ត្រូវ​ឈរ​នៅ​ក្នុង​រង្វង់​ក្រចក​សេះ ដើម្បី​ឲ្យ​តុលាការ​វិនិច្ឆ័យ​សេចក្ដី​នោះ​រួមមាន​៖
ទី​១​.ឈ្មោះ ថោង សារ៉ាត់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ថៅកែ​ក្រុមហ៊ុន​៩៩៩ ជាប់ចោទ​ ពីបទ​ផ្តើម​គំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន។ ទី​២.​ឈ្មោះ សៀង វាសនា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ និង​ ទី​៣.​ឈ្មោះ លី សៅ ហៅ​វី ភេទ​ប្រុស អាយុ ៤២​ឆ្នាំ (​ស្លាប់​) ជាប់ចោទ​ ពី​បទ ឃាតកម្ម​គិតទុក​ជាមុន។ ទី​៤​.ឈ្មោះ កូយ ចាន់ថុល ភេទ​ប្រុស អាយុ​២៩​ឆ្នាំ, ទី​៥.​ឈ្មោះ មាស សម្បត្តិ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ និង​ទី​៦​.ឈ្មោះ ឈុន ចិ​ត្រា ភេទ​ប្រុស ជាប់ចោទ​ពី​បទ សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន​។​



ចំណែក​ជនរងគ្រោះ​មាន​ឈ្មោះ អ៊ឹង ម៉េង​ជឺ ថៅកែ​ក្រុមហ៊ុន​ ស៊ីម៉ងត៍​ពេជ្រ ត្រូវ​ឃាតក​បាញ់​សម្លាប់ កាលពី​ម៉ោង​ប្រមាណ​ជាជាង​៧​ល្ងាច​ ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ ​នៅមុខ​តូប​លក់​ផ្លែឈើ​ស្រស់ ​ក្បែរ​ផ្សារ​អូឡាំពិក។

សវនាការ​នេះ​ ធ្វើឡើង ​បន្ទាប់ពី​ចៅក្រម​ស៊ើបសួរ ​លោក លី សុខ​ឡេង បាន​បិទ​ការ​ស៊ើបសួរ ​ហើយ​បញ្ជូន​សំណុំរឿង​ឲ្យ​ចៅក្រម​បន្ត​នីតិវិធី​ជំនុំជម្រះ។

នា​ពេល​កន្លងមក​ក្រុមប្រឹក្សា​ជំនុំជម្រះ ​បាន​ប្រកាស​សាលក្រម​ចាត់​របៀប​បង្វិល​សំណុំរឿង​ឲ្យ​ចៅក្រម​ស៊ើបសួរ​បើក​ការ​ស៊ើបសួរ​នូវ​ចំណុច​សង្ស័យ​មួយ​ចំនួន​ ដែល​នៅ​សេសសល់​ ហើយ​ការ​ស៊ើបសួរ​នោះ​ បាន​ពន្យារ​ពេល​អស់​ជិត​មួយ​ឆ្នាំ​ ទើប​ចៅក្រម​សម្រេច​បិទ​កា​រ​ស៊ើបសួរ ​និង​បញ្ជូន​សំណុំរឿង​ឲ្យ​ចៅក្រម​កាត់ទោស​ជនជាប់ចោទ​នៅ​ថ្ងៃ​ទី ១៥ ,១៦,​និង​ថ្ងៃ​ទី​១៧ ខែ​មករា ​ឆ្នាំ​២០១៩​ខាង​មុខនេះ។

សូម​រំលឹក​ថា ​នា​ពេល​សវនាការ​ច្រើន​លើក​កន្លងមក ក្រុម​ជនជាប់ចោទ​បាន​បដិសេធ​ថា​ ពួកគេ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​ លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ទេ ប៉ុន្តែ​ពួកគេ​មិន​មាន​ភស្តុតាង​ដោះ​បន្ទុក​ទាល់តែសោះ។

គួរ​រំឭក​ដែរ​ថា ជនជាប់ចោទ ​ឈ្មោះ ថោង សារ៉ាត់ និង​ឈ្មោះ ថោង ចំរើន (​ជា​ឪពុក​) និង​ឈ្មោះ កែវ សារី (​ជា​ម្តាយ​) ក៏​ធ្លាប់​ត្រូវ​បាន លោក ឃី ឆៃ ចៅក្រម​សាលា​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស ដាក់​ពន្ធនាគារ ពី​២​ឆ្នាំ ទៅ​២​ឆ្នាំ​កន្លះ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ ៦​លាន​រៀល ​ចូល​ជា​ថវិកា​រដ្ឋ ក្រោម​បទចោទប្រកាន់ កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត យោង​តាម​មាត្រា​៤៩០ នៃ​ក្រម​ព្រហ្មទណ្ឌ៕



 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu