Ad Code

ឥណ្ឌូនេស៊ី​ នឹង​ចាប់ផ្ដើម​ស្វែងរក​ឧបករណ៍​ថត​សំឡេង​កាប៊ីន​យន្តហោះ​របស់​ក្រុមហ៊ុន Lion Air ជាថ្មី​



ប្រទេស​ឥណ្ឌូនេស៊ី​ នឹង​ចាប់ផ្តើម​កិច្ចខិតខំ​ប្រឹងប្រែង​ស្វែងរក​ថ្មី​មួយ​នៅ​ថ្ងៃ​អង្គារ​ដើម្បី​ស្វែងរក​ឧបករណ៍​ថត​សំឡេង​ក្នុង​កាប៊ីន​នៃ​យន្តហោះ​របស់​ក្រុមហ៊ុន Lion Air មួយគ្រឿង​ដែល​បាន​ធ្លាក់ចូល​សមុទ្រ​ជ្វា​កាលពី​ខែតុលា​។​

ប្រធាន​គណៈកម្មាធិការ​សុវត្ថិភាព​ដឹកជញ្ជូន​ជាតិ (KNKT) លោក SoerjantoTjahjono​បាន​ប្រាប់​រ៉​យ​ទ័​រ​នៅ​ថ្ងៃ​អង្គា​រថា “​ប្រសិនបើ​អាកាសធាតុ​ល្អ កប៉ាល់​នឹង​ចាប់ផ្តើម​ចាកចេញ​នៅថ្ងៃនេះ​”​។​

ការធ្លាក់​យន្តហោះ​ដែលជា​លើកដំបូង​គេ​បង្អស់​នៅលើ​ពិភពលោក​សម្រាប់​យន្តហោះ​Boeing 737 MAX និង​ជា​គ្រោះថ្នាក់​មាន​អ្នកស្លាប់​ច្រើន​បំផុត​ក្នុង​ឆ្នាំ​២០១៨​គឺ​បានសម្លាប់​មនុស្ស​ទាំងអស់​១៨៩​នាក់​ដែល​ជិះ​ក្នុងនោះ​។​

ក្រុម​អ្នកស៊ើប​អង្កេត​កាលពី​សប្ដាហ៍​មុន​បាន​និយាយថា ពួកគេ​មាន​គម្រោង​ប្រើប្រាស់​នាវា​កងទ័ពជើងទឹក​ដើម្បី​ស្វែងរក​ប្រអប់​ខ្មៅ​ទី​ពីរ​របស់​យន្តហោះ​នេះ​បន្ទាប់ពី​ការប្រឹងប្រែង​រយៈពេល​១០​ថ្ងៃ​ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​ក្រុមហ៊ុន Lion Air បាន​បរាជ័យ​ក្នុងការ​ស្វែងរក​ឧបករណ៍​ថត​សំឡេង​កាប៊ីន​យន្តហោះ (CVR) ។​

ប្រភព KNKT ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​រ៉​យ​ទ័​រថា ក្រុម​នេះ​នឹងមាន​រយៈពេល​៧​ថ្ងៃ​ក្នុងការ​ប្រើប្រាស់​កប៉ាល់ KRI Spica ដើម្បី​ស្វែងរក CVR ដែល​ផ្ទុក​ភស្តុតាង​ដ៏​សំខាន់​ដែល​អាច​ផ្តល់​ឲ្យ​ក្រុម​អ្នកស៊ើប​អង្កេត​ដឹង​អំពី​សកម្មភាព​របស់​អា​កាស​យានិក​។​

ទោះបីជា​យ៉ាងណាក៏ដោយ លោក Tjahjono​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​អំពី​ថា​តើ​មានការ​កំណត់​ពេលវេលា​ទៅលើ​ការស្វែងរក​នេះដែរ​ឬ​អត់​។​

គួរបញ្ជាក់​ជាថ្មី​ថា ទំនាក់ទំនង​ជាមួយ​ជើងហោះហើរ JT610 បាន​បាត់​ក្នុង​រយៈពេល​១៣​នាទី​បន្ទាប់ពី​វា​ហោះហើរ​នៅ​ថ្ងៃទី​២៩​ខែតុលា​ចេញពី​រដ្ឋធានី​ហ្សា​ការ​តា​ឆ្ពោះទៅ​ភាគ​ខាងជើង​ទៅកាន់​ទីក្រុង​Pangkal Pinang​។​

ប្រអប់​ខ្មៅ​ផ្សេងទៀត​ដែលជា​ឧបករណ៍​កត់ត្រា​ទិន្នន័យ​ហោះហើរ​ត្រូវបាន​រកឃើញ​ក្នុង​រយៈពេល​បី​ថ្ងៃ​បន្ទាប់ពី​ការធ្លាក់​៕REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu