យោងតាមប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីចិនលោកស៊ីជីនពីងបានអះអាងគាំទ្រដល់មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុននៅក្នុងកិច្ចពិភាក្សានុយក្លេអ៊ែរជាប់គាំងជាមួយសហរដ្ឋអាមេរិកនិងបានបញ្ជាក់ជាថ្មីអំពីតួនាទីដ៏សំខាន់របស់ទីក្រុងប៉េកាំងក្នុងដំណើរការដ៏ទូលំទូលាយ។
លោកគីមបានធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំងដោយរថភ្លើងក្នុងសប្តាហ៍នេះ សម្រាប់កិច្ចពិភាក្សារយៈពេលពីរថ្ងៃជាមួយលោកប្រមុខស៊ីដែលដំណើរនេះ ត្រូវបានគេមើលឃើញថា ជាយុទ្ធសាស្ត្រមួយមុនកិច្ចប្រជុំកំពូលលើកទីពីររវាងមេដឹកនាំកូរ៉េខាងជើងនិងប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ។
នៅក្នុងកិច្ចប្រជុំលើកដំបូងរបស់ពួកគេនៅប្រទេសសិង្ហបុរីកាលពីខែមិថុនា លោកគីមនិងលោកត្រាំបានចុះហត្ថលេខាលើឯកសារមិនច្បាស់លាស់មួយដែលក្នុងនោះលោកគីមបានសន្យាធ្វើការឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េ។
ប៉ុន្តែចាប់តាំងពីពេលនោះមក ការរីកចម្រើនត្រូវជាប់គាំងដោយសារទីក្រុងព្យុងយ៉ាងនិងទីក្រុងវ៉ាស៊ីនតោនមិនយល់ស្របគ្នាអំពីអត្ថន័យរបស់កិច្ចព្រមព្រៀងនោះ។
កូរ៉េខាងជើងចង់ឲ្យមានការបន្ធូរបន្ថយទណ្ឌកម្មជាច្រើនដែលដាក់លើខ្លួនដោយសារអាវុធនុយក្លេអ៊ែរនិងកម្មវិធីមីស៊ីលផ្លោងរបស់ខ្លួន ខណៈសហរដ្ឋអាមេរិកចង់ឲ្យទណ្ឌកម្មត្រូវបន្តដាក់រហូតទាល់តែកូរ៉េខាងជើងបោះបង់អាវុធរបស់ខ្លួនដែលនេះជាអ្វីដែលក្រុងព្យុងយ៉ាងមិនបានសន្យាជាសាធារណៈ។
ប្រទេសចិនក៏ចង់ឲ្យការដាក់ទណ្ឌកម្មត្រូវបានបន្ធូរបន្ថយផងដែរហើយលោកស៊ីបាននិយាយថា លោកសង្ឃឹមថា កូរ៉េខាងជើងនិងសហរដ្ឋអាមេរិកនឹងជួបគ្នានៅពាក់កណ្តាលផ្លូវ។
ប្រទេសកូរ៉េខាងជើងបានបំផ្ទុះអាវុធនុយក្លេអ៊ែរចំនួនប្រាំមួយលើកនិងបានបាញ់កាំជ្រួចមីស៊ីលដែលមានសមត្ថភាពទៅដល់សហរដ្ឋអាមេរិកទាំងមូលប៉ុន្តែមិនបានធ្វើតេស្តបែបនេះអស់រយៈពេលជាងមួយឆ្នាំមកហើយនិងបានកម្ទេចច្រកចូលទៅកន្លែងសាកល្បងនុយក្លេអ៊ែរមួយដែលនិយាយថា ខ្លួនលែងត្រូវការទៀតហើយ។
ប្រទេសចិនគឺជាសម្ព័ន្ធមិត្តដ៏សំខាន់តែមួយគត់របស់កូរ៉េខាងជើងនិងជាអ្នកគាំទ្រផ្នែកការទូតដ៏សំខាន់ព្រមទាំងជាដៃគូពាណិជ្ជកម្មដ៏ធំមួយផងដែរ។ កងទ័ពរបស់ចិនបានចូលរួមក្នុងការប្រយុទ្ធនៅខាងកូរ៉េខាងជើងអំឡុងសង្គ្រាមកូរ៉េឆ្នាំ១៩៥០-៥៣៕ AFP
Source: Kampuchea Thmey Daily
0 Comments