Ad Code

បរិយាយ ៖ ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទៅកាន់​ប្រទេស​ចិន​នឹង​នាំមក​នូវ​ជំនួយ​និង​ការវិនិយោគ



ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃទី​២០​ខែមករា​នេះ ត្រូវ​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ប្រទេស​ចិន​រយៈ​៤​ថ្ងៃ​ពីថ្ងៃ​ទី​២០​ដល់​២៣​ខែ មករា ឆ្នាំ​២០១៩​។ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ​នៅ​ចិន​នាពេលនេះ​ក្រៅពី​ពង្រឹង​និង​ពង្រីក​បន្ថែម​នូវ​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​និង​ក៏​នៅមាន​កិច្ចពិភាក្សា​ទ្វេរ​ភាគី​ដែល​ផ្តោតទៅលើ​ការ​ផ្តល់ជំនួយ និង កម្ចីសម្បទាន​បន្ថែមទៀត​សម្រាប់​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា។ ​ជាមួយនេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​និង​ជួប​ជាមួយ​ក្រុមហ៊ុន​ធំៗ​របស់​ចិន​មួយចំនួនទៀត​ដើម្បី​ទាក់ទាញ​វិនិយោគ​មកកាន់​កម្ពុជា។

មុន​មួយថ្ងៃ​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ប្រទេស​ចិន កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៩ ខែមករា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​នៅក្នុង​សារ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​លើក​នេះ សម្តេច​មាន​គម្រោង​ពិភាក្សា​ការងារ​ជាមួយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង និង លោកនាយក​រដ្ឋមន្ត្រី​ចិន លី ឃឺ​ឈាង ដើម្បី​ពង្រឹង​នូវ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ ក្នុងនាម​ជា​ប្រទេស​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។ យើង​នឹងមាន​កិច្ចពិភាក្សា​លើ​ការពង្រឹង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគ​ផងដែរ ។ អនុស្សរណៈ​និង​កិច្ចព្រមព្រៀង​មួយចំនួន ត្រូវបាន​ពង្រាង​រួចហើយ សម្រាប់​ចុះហត្ថលេខា​ជាមួយ​ភាគី​មិត្ត​ចិន​។

ជាមួយនេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​បញ្ជាក់ថា​ មិត្ត​ចិន​មាន​ទំនាក់ទំនង​ល្អ​ដូចជា​បងប្អូន និង បាន​ជួយ​កម្ពុជា​យើង​យ៉ាងច្រើន​ចាប់តាំងពី​ជំនាន់​សម្តេច​តា​មកទល់​សព្វថ្ងៃនេះ ។ សម្តេច​បាន​សូម​អរគុណ​មិត្ត​ចិន​ចំពោះ​ការ​ជួយជ្រោមជ្រែង​ទាំងឡាយ ដែល​បានធ្វើអោយ​កម្ពុជា​រីកចម្រើន​មកទល់​សព្វថ្ងៃ​។

ជុំវិញ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទៅកាន់​ប្រទេស​ចិន​នេះ​ផង ក្រសួងការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ​ក៏បាន​ប្រកាស​កាលពី​ថ្ងៃទី​១៨ ខែមករា​ថា ក្រៅពី​ជួប​មេដឹកនាំ​កំពូលៗ​របស់​ប្រទេស​ចិន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​ទទួល​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ធុរៈកិច្ច​ចិន​ចំនួន​៤​រូប​ពី​ធនាគារ​ចិន សាជីវកម្ម​ស្ពាន​ថ្នល់​ចិន ក្រុមហ៊ុន​វិស្វកម្ម និង​ដែកថែប​ចិន និង​ក្រុមហ៊ុន​ហួ​ណេង​គ្រុប​។



ក្រសួងការបរទេស បាន​គូស​បញ្ជាក់​ថា ក្នុងអំឡុងពេល​ស្នាក់នៅ​ប្រទេស​ចិន សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​អញ្ជើញ​ទៅ​ទស្សនាការ​តាំងពិព័រណ៍​ខួប​អនុស្សាវរីយ៍ លើក​ទី​៤០ នៃ «​កំណែទម្រង់ និង​ការបើក​ទូលាយ​» ប្រទេស​ចិន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​វេទិកា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម កម្ពុជា​-​ចិន ឆ្នាំ​២០១៩ ផងដែរ​។

កម្ពុជា និង​ចិន បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៩ កក្កដា ១៩៥៨ បន្ទាប់ពី​ជំនួប​ទ្វេភាគី​លើក​ទី​១ រវាង​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ និង​លោក ជូ អេ​ន​ឡាយ អតីត​នាយករដ្ឋមន្ត្រី​ចិន​ក្នុងអំឡុងពេល​ចូលរួម​សន្និសីទ​ទីក្រុង​បាន​ឌុ​ង​នៅ​ខែមេសា ១៩៥៥ នៅ​ទីក្រុង​បាន​ឌុ​ង​ប្រទេស​ឥណ្ឌូនេស៊ី និង​ការបំពេញ​ទស្សនកិច្ច​ទៅវិញទៅមក​រវាង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំងពីរ​ក្នុងអំឡុង​ឆ្នាំ​១៩៥៦ ។ ទំនាក់ទំនង​មិត្ត​ភាពជា​ប្រវត្តិសាស្ត្រ​នេះ​បាន​កសាងឡើង​រួមគ្នា​ដោយ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ និង​លោក​ប្រធាន ម៉ៅ សេទុង លោកនាយក​រដ្ឋមន្ត្រី ជូ អេ​ន​ឡាយ ព្រមទាំង​ថ្នាក់ដឹកនាំ​ចិន​ជំនាន់​មុនៗ​ដែល​ធ្វើឱ្យមាន​ការរីកចម្រើន​ជា​បន្តបន្ទាប់​រហូត​ក្លាយទៅជា​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នៅ​ថ្ងៃទី​១៣ ខែ ធ្នូ ឆ្នាំ ២០១០​។​

ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ចិន​ចាប់ពី​ខែកុម្ភៈ ឆ្នាំ ១៩៩៩ និង ជា​បន្តបន្ទាប់​នៅ​ខែ មេសា ឆ្នាំ​២០០៤ និង ឆ្នាំ​២០១៣ ឆ្នាំ​២០១៥ ឆ្នាំ​២០១៧ និង​នៅ​ឆ្នាំ​២០១៨ គឺ​តាំងពី​ជំនាន់​ប្រធានាធិបតី​ចិន​គឺ​លោក ចាង ហ្សេ​មិន ( Jiang Zemin) បន្ត​ដល់​ប្រធានាធិបតី​ចិន លោក ហ៊ូ ជិន​តាវ ( Hu Jintao) នៅ​រហូតដល់​ជំនាន់​លោក ស៊ី ជិន​ពីង (Xi Jinping )​ជា​ប្រធានាធិបតី ។

ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​ចិន​ក៏មាន​ការកើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ដោយបាន​កើនឡើង​ដល់ ៥,៨ ប៊ី​លាន​ដុល្លារ​តាម​ស្ថិតិ​ឆ្នាំ ២០១៧ គឺ​កើនឡើង​ប្រមាណ ២២% ធៀប​នឹង​ឆ្នាំ​កន្លងទៅ ។ សម្រាប់​ការវិនិយោគ​ពី​ប្រទេស​ចិន​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​រយៈពេល​បី​ឆ្នាំ​កន្លងទៅនេះ​ដោយបាន​កើនឡើង​ពី​ប្រមាណ ៩០០ លាន​ដុល្លារ​នៅ​ឆ្នាំ ២០១៦ ដល់ ១,៦ ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ ២០១៧ និង​ក្នុង​រយៈពេល ៧ ខែ​ដើមឆ្នាំ ២០១៨ នេះ​បាន​កើន​ដល់ ២,៨ ប៊ី​លាន​ដុល្លារ​។ អ្នកទេសចរ​ចិន​ទៅ​ទស្សនា​កម្ពុជា​វិញ​បាន​កើនឡើង​ដល់ ១,៦ លាន​នាក់ ហើយ​មាន​ក្រុមហ៊ុន​អាកាសចរ​ណ៏​ចិន​ចំនួន ១៦ ក្រុមហ៊ុន​កំពុង​ប្រតិបត្តិ​ការហោះហើរ​ត្រង់​ពី​ចិន​ទៅ​កម្ពុជា ។ លើសពីនេះ​ទៀត​ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​ទំនាក់ទំនង​ពាណិជ្ជកម្ម​និង​ទេសចរ​ណ៍​រវាង​ប្រទេស​ទាំងពីរ​ក្រុមហ៊ុន​អាកាសចរណ៍ AirChina បាន​បើក​ជើងហោះហើរ​ត្រង់​ពី​ប៉េកាំង​មក​ភ្នំពេញ ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​



​ប្រទេស​ចិន​បានក្លាយ​ទៅជា​ដៃ​វិនិយោគ​ធំ​បំផុត​របស់​កម្ពុជា​មក​ដល់​ឆ្នាំ ២០១៨ ក្រុមហ៊ុន​ចិន​បានដាក់​វិនិយោគទុន​នៅ​កម្ពុ​ជាមាន​ទុន​សរុប​ជាង ២០ ពាន់​លាន​ដុល្លារ ហើយ​ក្រុមហ៊ុន​ចិន ៧០​ភាគរយ ជា​ក្រុមហ៊ុន​ផលិត​សម្លៀកបំពាក់​និង​ស្បែកជើង។ ក្រុមហ៊ុន​ទាំងនេះ​បានផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​រាប់សែន​នាក់ ។ ជាពិសេស​នៅក្នុង​ខេត្ត​ព្រះសីហនុ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​បានផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ ២ ម៉ឺន​២​ពាន់​នាក់​។ ចិន​ក៏បាន​ពង្រីក​ការវិនិយោគទុន​កាន់តែច្រើន​ក្នុង​វិស័យ​អគ្គិសនី​នៅ​កម្ពុជា​ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះខាត​អគ្គិសនី​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​កម្ពុជា ។ ក្រុមហ៊ុន​ចិន​បាន​ដំឡើង​ខ្សែបណ្តាញ​អគ្គិសនី​បាន​លើសពី ៨ ពាន់​គីឡូម៉ែត្រ ហើយ​ទំហំ​នៃ​ការផលិត​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​គឺ ៨០​ភាគរយ​ផលិត​ដោយ​ក្រុមហ៊ុន​ចិន។ ថាមពល​អគ្គិសនី​នេះ​បាន​ជួយ​កាត់បន្ថយ​តម្លៃ​ដើម​នៃ​ផលិតកម្ម​របស់​ក្រុមហ៊ុន​និង​ជួយ​កាត់បន្ថយ​តម្លៃប្រើប្រាស់​អគ្គិសនី​របស់​ប្រជាពលរដ្ឋ​កម្ពុជា។ ចិន​បានផ្តល់​នូវ​កម្ចីសម្បទាន​ដើម្បី​កសាង​ផ្លូវ​លើសពី ៣ ពាន់​គីឡូម៉ែត្រ ហើយក៏​បាន​កសាង​ស្ពាន​ជាច្រើន​ហើយ​គម្រោង​ធារាសាស្ត្រ​ក៏មាន​ទំហំ​ធំ​ប្រហែល ៤៥,៦ ម៉ឺន​ហិកតា​សម្រាប់​ផ្តល់​ការស្រោចស្រប់​ដល់​ដំណាំ​របស់​ប្រជាពលរដ្ឋ ។​
​នៅ​រាល់​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទៅកាន់​ប្រទេស​ចិន តែង​នាំ​ត្រឡប់មកវិញ​នូវ​ជំនួយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​សម្រាប់​អភិវឌ្ឍ​ប្រទេស​ព្រមទាំង​ទាក់ទាញ​អ្នកវិនិយោគ​ចិន មកកាន់​កម្ពុជា​កាន់តែ​ច្រើន ។ ដូចជា​នៅក្នុង​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​សម្តេច ហ៊ុន សែន ទៅកាន់​ប្រទេស​ចិន កម្ពុជា​ទទួលបាន​ប្រាក់កម្ចី​សម្បទាន​ពី​ចិន​២០០ លាន​ដុល្លារ ហើយ​ចិន​ក៏បានផ្តល់​ជំនួយ​បន្ថែម​ដល់​កម្ពុជា ១៨,៣ លាន​ដុល្លារ​ថែមទៀត ។ រាល់​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ទៅកាន់​ប្រទេស​ចិន​ម្តងៗ​គឺ​ក្រៅតែពី​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​និង​ចិន គឺ​កម្ពុជា​តែងតែ​ទទួលបាន​ជំនួយ​ជា​កម្ចីសម្បទាន​និង​ជា​ជំនួយ​ឥត​សំណ​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ដូចជា ផ្លូវ និង​ស្ពាន ជាដើម​។ ក្រៅពីនោះ ក៏​នៅមាន​កិច្ចព្រមព្រៀង អនុស្សរណៈ​ជាច្រើន​ទៀត ដែល​អនុញ្ញាត​ឲ្យ​អ្នកវិនិយោគ​ចិន ចូលមក​បោះទុន​នៅ​កម្ពុជា​យ៉ាងច្រើន ។ ដូច្នេះ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទៅកាន់​ប្រទេស​លើក​នេះ ក៏​មិន​ខុសពី​ដំណើរ​ទស្សនកិច្ច​លើក​មុនៗ​កន្លងមក​ឡើយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu