Ad Code

សម្តេច​តេ​ជោ ហ៊ុន សែន ៖ មិត្ត​ចិន​បាន​ជួយ​ជ្រោមជ្រែង​យ៉ាងច្រើន​ធ្វើ​ឲ្យ​កម្ពុជា​រីកចម្រើន​មកទល់​សព្វថ្ងៃ



​ភ្នំពេញ ៖ មុន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​សាធារណរដ្ឋ​ប្រ ជា​មានិត​ចិន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ផ្ញើ​សារ​នៅលើ​ហ្វេ​ស​ប៊ុកនា​ ថ្ងៃទី១៩ ខែមករា​នេះ​ ដោយ​បាន​គូសបញ្ជាក់​អំពី​ដំណើរ​ទស្សនកិច្ច​នេះ​ថា​ ដើម្បី​ពង្រឹង​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​ក្នុងនាម​ជា​ប្រទេស​ដៃគូ​យុ​ទ្ធ​សាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ពង្រឹង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​ផងដែរ​។ សម្តេច​ក៏បាន​អរគុណ​មិត្ត​ចិន​ចំពោះ​ការជួយជ្រោមជ្រែង​ទាំងឡាយ​ដែល​បានធ្វើអោយ​កម្ពុជា​រីកចម្រើន​មកទល់​សព្វថ្ងៃ​។

ក្រៅ​ពី​នេះ​ជំនួប​ទ្វេភាគី​ជាមួយ​មេដឹកនាំ​ចិន​ ក៏​នឹង​មាន​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​និង​កិច្ចព្រមព្រៀង​មួយចំនួន​ផងដែរ​។ សម្តេច​ថ្លែងថា​ មិត្ត​ចិន​មាន​ទំនាក់ទំនង​ល្អ​ដូចជា​បងប្អូន​និង​បាន​ជួយ​កម្ពុជា​យើង​យ៉ាងច្រើន​ចាប់តាំងពី​ជំនាន់​សម្តេច​តា​មកទល់​សព្វថ្ងៃ​នេះ​។ កម្ពុជា​សូម​អរគុណ​មិត្ត​ចិន​ចំពោះ​ការ​ជួយជ្រោមជ្រែង​ទាំងឡាយ​ដែល​បានធ្វើ​ឲ្យ​កម្ពុជា​រីកចម្រើន​មកទល់​សព្វថ្ងៃ​។



សារ​ទាំងស្រុង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​មាន​ខ្លឹមសារ​ថា «​នៅ​ថ្ងៃអាទិត្យ​ទី​២០ ខែមករា ស្អែក​នេះ​ខ្ញុំ​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ចិន​រយៈពេល​៣​ថ្ងៃ​(២០-២៣ មករា ២០១៩)​។​នៅក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ​ខ្ញុំ​មាន​គម្រោង​ពិភាក្សា​ការងារ​ជាមួយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង និង លោកនាយក​រដ្ឋមន្ត្រី​ចិន លី ឃឺ​ឈាង ដើម្បី​ពង្រឹង​នូវ​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ ក្នុងនាម​ជា​ប្រទេស​ដៃគូ​យុ​ទ្ធ​សាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។ នៅក្នុង​ឱកាស​នោះ​យើង​នឹងមាន​កិច្ចពិភាក្សា​លើ​ការពង្រឹង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​ផងដែរ​។

អនុស្សរណៈ​និង​កិច្ចព្រមព្រៀង​មួយចំនួន​ត្រូវបាន​ពង្រាង​រួចហើយ​សម្រាប់​ចុះហត្ថលេខា​ជាមួយ​ភាគី​មិត្ត​ចិន​។ មិត្ត​ចិន​មាន​ទំនាក់ទំនង​ល្អ​ដូចជា​បងប្អូន និង​បាន​ជួយ​កម្ពុជា​យើង​យ៉ាងច្រើន​ចាប់តាំងពី​ជំនាន់​សម្តេច​តា​មកទល់​សព្វ​ថ្ងៃនេះ​។ កម្ពុជា​សូម​អរគុណ​មិត្ត​ចិន​ចំពោះ​ការជួយជ្រោមជ្រែង​ទាំងឡាយ​ដែល​បានធ្វើអោយ​កម្ពុជា​រីកចម្រើន​មកទល់​សព្វថ្ងៃ​។



​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​បាន​សប្បាយរីករាយ​ថ្ងៃ​សម្រាក​ចុង​សប្តាហ៍ និង​ជួបតែ​សេចក្តីសុខ​ចម្រុងចម្រើន​គ្រប់ៗ​គ្នា​»​។

តាម​កម្មវិធី​គ្រោងទុក​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​រាជរ​ដា្ឋ​ភិ​បាល​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅវេលា​ម៉ោង ៨ ព្រឹក​ថ្ងៃទី ២០ ខែ មករា​នេះ​ តាមជើង​យន្តហោះ​ពិសេស​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។

​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នា​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹង​ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ពីថ្ងៃ​ទី​២០ ដល់​ថ្ងៃទី ២៣ ខែមករា ឆ្នាំ​២០១៩ តប​តាម​ការអញ្ជើញ​របស់ លោក​លី ខឺ​ឈាង (Li Keqiang) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រួមមាន​លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ធុរកិច្ច​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ផងដែរ​។

​ក្នុងអំឡុងពេល​ទស្សន​កិច្ច​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ជួប​សម្ដែង​ការគួរសម​ជាមួយ លោក ស៊ី ជីន​ពីង (Xi Jinping) ប្រធានាធិបតី​ចិន ,​លោក លី​ចាន់​ស៊ូ (LiZhanshu) ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន ,​លោក វ៉ាង យ៉ាង (Wang Yang) ប្រធាន​សភា​ប្រឹក្សា​នយោបាយ​ចិន​និង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក លី ខឺ​ឈាង (Li Keqiang) នាយករដ្ឋមន្ត្រី​ចិន​។ ការជួបពិភាក្សា​នឹង​ផ្តោត​ទៅ​លើ​ការពង្រឹង​និង​ពង្រីក​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​និង​ចិន​ដើម្បី​ផលប្រយោជន៍​នៃ​ប្រជាជាតិ​ទាំងពីរ​។​ក្នុងអំឡុងពេល​ទស្សន​កិច្ច​នេះ​រំពឹងថា​នឹងមាន​ការចុះហត្ថលេខា​លើ​ឯកសារ​និង​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​មួយចំនួន​ផងដែរ​។

ក្រៅពី​ជំនួប​ខាងលើ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​ទទួល​ការ​ចូលជួប​សម្តែង​ការគួរសម​ដាច់ដោយឡែក​ពីគ្នា​ដោយ​លោក​រដ្ឋមន្ត្រី សុង តាវ ប្រធាន​មន្ទីរ​ទំនាក់ទំនង​អន្តរជាតិ​របស់​គណៈកម្មធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​និង​លោកស្រី គូ សៀវ​លៀន ប្រធាន​សមាគម​មិត្តភាព​ចិន​-​កម្ពុជា និង​ថ្នាក់ដឹកនាំ​ធុរកិច្ច​ចំនួន​៤​រូប​ទៀត​ពី​ធនាគារ​ចិន ,​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​, ក្រុមហ៊ុន​វិស្វកម្ម និង​ដែកថែប​ចិន និង​ក្រុមហ៊ុន​ហួ​ណេង​គ្រុប​។

ក្នុងអំឡុងពេល​ស្នាក់នៅ​ប្រទេស​ចិន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​អញ្ជើញ​ទៅ ទស្សនាការ​តាំងពិព័រណ៍​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ នៃ «​កំណែទម្រង់ និង​ការបើក​ទូលាយ​» ប្រទេស​ចិន អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​វេទិកា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម កម្ពុជា​-​ចិន ឆ្នាំ​២០១៩ និង​ជួប​សំណេះសំណាល ជាមួយ​និស្សិត​កម្ពុជា ដែល​កំពុង​សិក្សា​នៅ ប្រទេស​ចិន ផងដែរ​។

កម្ពុជា និង​ចិន បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​នៅ​ថ្ងៃទី ១៩ កក្កដា ១៩៥៨ បន្ទាប់ពី​ជំនួប​ទ្វេភាគី​លើក​ទី ១ រវាង​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ និង​លោក ជូ អេ​ន​ឡាយ អតីត​នាយករដ្ឋមន្ត្រី​ចិន​ក្នុងអំឡុងពេល​ចូលរួម​សន្និសីទ​ទីក្រុង​បាន​ឌុ​ង​នៅ​ខែមេសា ១៩៥៥ នៅ​ទីក្រុង​បាន​ឌុ​ង​ប្រទេស​ឥណ្ឌូនេស៊ី និង​ការបំពេញ​ទស្សនកិច្ច​ទៅវិញទៅមក​រវាង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ នៃ​ប្រទេស​ទាំងពីរ​ក្នុងអំឡុង​ឆ្នាំ​១៩៥៦​។​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រវត្តិសាស្ត្រ​នេះ​បាន​កសាង​ឡើង​រួមគ្នា​ដោយ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ និង​លោក​ប្រធាន ម៉ៅ សេទុង លោកនាយក​រដ្ឋមន្ត្រី ជូ អេ​ន​ឡាយ ព្រមទាំង​ថ្នាក់ដឹកនាំ​ចិន​ជំនាន់​មុនៗ​ដែល​ធ្វើឱ្យមាន​ការរីកចម្រើន​ជា​បន្តបន្ទាប់​រហូត​ក្លាយទៅជា​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នៅ​ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១០​។

ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​ចិន​ក៏មាន​ការកើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយនេះ​ដោយ​បាន​កើនឡើង​ដល់ ៥,៨ ប៊ី​លាន​ដុល្លារ​តាម​ស្ថិតិ​ឆ្នាំ ២០១៧ គឺ​កើនឡើង​ប្រមាណ ២២% ធៀប​នឹង​ឆ្នាំ​កន្លងទៅ​។ សម្រាប់​ការ​វិនិយោគ​ពី​ប្រទេស​ចិន​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​រយៈពេល​បី​ឆ្នាំ​កន្លងទៅ​នេះ​ដោយ​បាន​កើនឡើង​ពី​ប្រមាណ ៩០០ លាន​ដុល្លារ​នៅ​ឆ្នាំ ២០១៦ ដល់ ១,៦ ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ ២០១៧ និង​ក្នុង​រយៈពេល ៧ ខែ​ដើមឆ្នាំ ២០១៨ នេះ​បាន​កើន​ដល់ ២,៨ ប៊ី​លាន​ដុល្លារ​។ អ្នកទេសចរ​ចិន​ទៅ​ទស្សនា​កម្ពុជា​វិញ​បាន​កើនឡើង​ដល់ ១,៦ លាន​នាក់ ហើយ​មាន​ក្រុមហ៊ុន​អាកាសចរ​ណ៏​ចិន​ចំនួន ១៦ ក្រុមហ៊ុន​កំពុង​ប្រតិបត្តិ​ការហោះហើរ​ត្រង់​ពី​ចិន​ទៅ​កម្ពុជា​។ លើសពីនេះ​ទៀត​ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​ទំនាក់ទំនង​ពាណិជ្ជកម្ម​និង​ទេសចរ​ណ៏​រវាង​ប្រទេស​ទាំងពីរ​ក្រុមហ៊ុន​អាកាសចរណ៍ AirChina បាន​បើក​ជើងហោះហើរ​ត្រង់​ពី​ប៉េកាំង​ទៅ​ភ្នំពេញ ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​



​ ​ប្រទេស​ចិន​បានក្លាយ​ទៅជា​ដៃ​វិនិយោគ​ធំ​បំផុត​របស់​កម្ពុជា​មក​ដល់​ឆ្នាំ​២០១៨ ក្រុមហ៊ុន​ចិន​បានដាក់​វិនិយោគទុន​នៅ​កម្ពុ​ជាមាន​ទុន​សរុប​ជាង ២០​ពាន់​លាន​ដុល្លារ​ហើយ​ក្រុមហ៊ុន​ចិន ៧០​ភាគរយ ជា​ក្រុមហ៊ុន​ផលិត​សម្លៀកបំពាក់​និង​ស្បែកជើង​។ ក្រុមហ៊ុន​ទាំងនេះ​បានផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​រាប់សែន​នាក់​។ ជាពិសេស​នៅក្នុង​ខេត្ត​ព្រះសីហនុ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​បានផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ ២​ម៉ឺន​២​ពាន់​នាក់​។​ចិន​ក៏បាន​ពង្រីក​ការវិនិយោគទុន​កាន់តែច្រើន​ក្នុង​វិស័យ​អគ្គិសនី​នៅ​កម្ពុជា​ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះខាត​អគ្គិសនី​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។ ក្រុមហ៊ុន​ចិន​បាន​ដំឡើង​ខ្សែបណ្តាញ​អគ្គិសនី​បាន​លើសពី ៨​ពាន់​គីឡូម៉ែត្រ​ហើយ​ទំហំ​នៃ​ការផលិត​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​គឺ ៨០​ភាគរយ​ផលិត​ដោយ​ក្រុមហ៊ុន​ចិន​។ ថាមពល​អគ្គិសនី​នេះ​បាន​ជួយ​កាត់បន្ថយ​តម្លៃ​ដើម​នៃ​ផលិតកម្ម​របស់​ក្រុមហ៊ុន​និង​ជួយ​កាត់បន្ថយ​តម្លៃប្រើប្រាស់​អគ្គិសនី​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។ ចិន​បាន ផ្តល់នូវ​កម្ចីសម្បទាន​ដើម្បី​កសាង​ផ្លូវ​លើសពី ៣​ពាន់​គីឡូម៉ែត្រ​ហើយក៏​បាន​កសាង​ស្ពាន​ជាច្រើន​ហើយ​គម្រោង​ធារាសាស្ត្រ​ក៏​មាន​ទំហំ​ធំ​ប្រហែល​៤៥,៦​ម៉ឺន​ហិកតា​សម្រាប់​ផ្តល់​ការស្រោចស្រព​ដល់​ដំណាំ​របស់​ប្រជាពលរដ្ឋ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu