Ad Code

អ្នកពិនិត្យ​វេជ្ជសាស្ត្រ​អាមេរិក ​៖ បងប្អូន​ស្រី​សញ្ជាតិ​អារ៉ាប៊ីសាអ៊ូឌីត​ពីរ​នាក់​ដែល​លង់ទឹក​ស្លាប់​គឺ​បានធ្វើ​អត្តឃាត​ខ្លួនឯង



ក្រុម​អ្នកពិនិត្យ​វេជ្ជសាស្ត្រ​របស់​ទីក្រុង​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា បងប្អូន​ស្រី​ជនជាតិ​អារ៉ាប៊ីសាអ៊ូឌីត​ពីរ​នាក់​ដែល​សាកសព​របស់​ពួកគេ​ត្រូវបាន​គេ​រកឃើញ​នៅជាប់​គ្នា​លើ​ច្រាំងទន្លេ​មួយ​របស់​ទីក្រុង​ញូវយ៉ក​គឺ​បានធ្វើ​អត្តឃាត​។​

នាង Rotana Farea អាយុ​២២​ឆ្នាំ​និង​ប្អូនស្រី​របស់​នាង​ឈ្មោះ Tala អាយុ​១៦​ឆ្នាំ​ត្រូវបាន​គេ​ប្រទះឃើញ​នៅក្បែរ​ទន្លេ Hudson កាលពី​ចុងខែ​តុលា​ដោយ​គ្មាន​សញ្ញា​នៃ​ការប៉ះទង្គិច​ទេ​។​
​ពួកគេ​បាន​ចងក​.​ជើង​និង​ចង្កេះ​ជាប់​គ្នា​ជាមួយនឹង​បង់​ស្អិត​។​

ប្រធាន​ពិនិត្យ​ផ្នែក​វេជ្ជសាស្ត្រ​លោកស្រី Barbara Sampson បាន​និយាយថា “​ការិយាល័យ​របស់ខ្ញុំ​បាន​កំណត់ថា ការស្លាប់​របស់​បងប្អូន​ស្រី​ត្រកូល Farea គឺជា​លទ្ធផល​នៃ​ការធ្វើអត្តឃាត​ដែល​ក្នុងនោះ​ស្ត្រី​វ័យក្មេង​ទាំងពីរ​បាន​ចង​ជាប់​គ្នា​មុនពេល​ទម្លាក់ខ្លួន​ចូលទៅក្នុង​ទន្លេ Hudson”​។​

បន្ទាប់ពី​ការស្លាប់​របស់​ពួកគេ មន្ត្រីប៉ូលិស​ម្នាក់​បានបញ្ជាក់​ថា បងប្អូន​ស្រី​ទាំងពីរ​នេះ​បានដាក់​ពាក្យសុំ​សិទ្ធិ​ជ្រកកោន​ប៉ុន្តែ​ប៉ូលិស​រូបនេះ​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​បន្ថែមទៀត​នោះទេ​។​

ស្របពេល​ជាមួយគ្នា​នោះដែរ លោកស្រី Fatimah Baeshen អ្នកនាំពាក្យ​របស់​ស្ថានទូត​អារ៉ាប៊ីសាអ៊ូឌីត​ប្រចាំ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​បាន​និយាយថា “​របាយការណ៍​ដែលថា យើង​បាន​បញ្ជា​ឲ្យ​អ្នក​ដែល​ទាក់ទង​នឹង​បងប្អូន​ស្រី Tala និង Rotana Farea ឲ្យ​ចាក​ចេញពី​សហរដ្ឋអាមេរិក​ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោន​នោះ​គឺ​ខុស​ទាំងស្រុង​”​។​

ពួកគេ​បាន​រត់​ជាច្រើនលើក​ចេញពីផ្ទះ​គ្រួសារ​របស់​ពួកគេ​នៅក្នុង​រដ្ឋ Virginia ដែលជា​កន្លែង​ពួកគេ​មិនបាន​រស់នៅ​ចាប់តាំងពី​ចុងឆ្នាំ​២០១៧​មកម្ល៉េះ​។​

បងប្អូន​ស្រី​ទាំងពីរ​ត្រូវបាន​គេ​ដាក់​នៅក្នុង​ជំរំ​មួយ​ប៉ុន្តែ​បាន​ចាក​ចេញពី​រដ្ឋ Virginia កាលពី​ខែសីហា​ហើយ​បានចេញ​ដំណើរ​ទៅ​ទីក្រុង​ញូវយ៉ក​។​

សាក្សី​ម្នាក់​បាន​រាយការណ៍​ថា បានឃើញ​ស្ត្រី​វ័យក្មេង​ទាំងពីរ​នាក់​នេះ​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែតុលា​នៅ​កន្លែង​លេង​កម្សាន្ត​មួយ​ជិត​ទន្លេ Hudson ដែល​ពួកគេ​ហាក់ដូចជា​កំពុង​អធិស្ឋាន​។​
​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អាមេរិក​បាន​ដកស្រង់​សម្តី​ប៉ូលិស​ដែល​និយាយថា បងប្អូន​ស្រី​ទាំងពីរ​នេះ​បាន​បង្ហាញថា ពួកគេ​សុខចិត្ត​ឈឺចាប់​ជាជាង​ការវិល​ត្រលប់​ទៅ​អារ៉ាប៊ីសាអ៊ូឌីត​វិញ​ដែលជា​ប្រទេសមួយ​ក្នុងចំណោម​បណ្តា​ប្រទេស​ដែល​រឹតត្បិត​បំផុត​ចំពោះ​ស្ត្រី​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu