Ad Code

អតីត​អភិបាល​ខេត្ត​តាកែវ​ បដិសេធ​ថា​ មិនបាន​សម្លាប់​គូ​កំណាន់​



​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​២៣​ ខែ​មករា ឆ្នាំ​២០១៩​នេះ ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើក​យក​សំណុំរឿង​ឃាតកម្ម​លើ​ស្ត្រី​មេម៉ាយ ​ជា​មន្ត្រី​រដ្ឋសភា​ មក​បើកសវនាការ​នៅ​ចំពោះមុខ​ជនជាប់ចោទ​ ដែលជា​អតីត​អភិបាល​ខេត្ត​តាកែវ និង​បងប្រុស​ជា​អតីត​ស្នងការ​រ​ង​នគរបាល​ខេត្ត​តាកែវ។​

អង្គ​សវនាការ​នេះ ​ដឹកនាំ​ដោយ​លោក​ចៅក្រម​ ហម ម៉េង​សែ ជា​ប្រធាន​ក្រុមប្រឹក្សា និង​លោក​ ប្លង់ សុផល ជា​តំណាង​អយ្យការ​អម​តុលាការ។​

ក្នុង​សវនាការ តុលាការ ​បាន​ផ្ដើម​ចោទប្រកាន់​ ឈ្មោះ ឡាយ វណ្ណៈ អតីត អភិបាល​ខេត្ត​តាកែវ​ និង​បងប្រុស​របស់ លោក​ ឈ្មោះ ឡាយ ណា​រិ​ទ្ធ អតីត​ស្នងការ​រង​នគរបាល ខេត្ត​តាកែវ​ ពីបទ​ឃាតកម្ម​តាម​មាត្រា ១៩៩ នៃ​ក្រមព្រហ្មទណ្ឌ​។​

ហើយ​មនុស្ស​ពីរ​នាក់​ទៀត​ ពីបទ​លាក់បាំង​តម្រុយ​តាម មាត្រា​៥៣២ ​នៃ​ក្រមព្រហ្មទណ្ឌ ​គឺ​ឈ្មោះ ម៉េ​ន សា​ម៉ៃ ជា​អ្នកបើកបរ ឲ្យ​ លោក​ ឡាយ វណ្ណៈ និង​ឈ្មោះ ជឹម វុ​ធ ជា​អ្នកបម្រើ​ក្នុងផ្ទះ របស់​អ្នកស្រី ចែវ សុ​វ​ឌ្ឍ​នា។​

សវនាការ​នា​ថ្ងៃ​ដំបូង​នេះ តុលាការ​ បាន​សាកសួរ​ទៅលើ​ លោក​ ឡាយ វណ្ណៈ តែ​ម្នាក់​ប៉ុណ្ណោះ​ ជុំវិញ​ការស្លាប់​របស់​ជនរងគ្រោះ។​

ជនជាប់ចោទ ​ឡាយ វណ្ណៈ បាន​សារភាព​ថា លោក​បាន​ស្គាល់​ ចែវ សុ​វ​ឌ្ឍ​នា នា​អំឡុង​ឆ្នាំ​២០១៦​តាមរយៈ​មេ​គយ​ខេត្តតាកែវ​ ដែលជា​ប្រធាន​ក្រុមការងារ​យុវជន​ក្រៅ​ប្រទេស។ ក្នុង​រយៈពេល​ នៃ​ការស្រលាញ់គ្នា​លួចលាក់​នេះ​ លោក​ជាមួយនឹង ​វ​ឌ្ឍ​នា ​មានការ​រកាំរកូស​គ្នា​ជា​ញឹកញាប់​ដោយសារ​តែ ​វ​ឌ្ឍ​នា ​មានចិត្ត​ប្រចណ្ឌ​ហួងហែង​ច្រើន រហូត​មានពេលខ្លះ​គាត់​បាន​លេបថ្នាំ​ប៉ុនប៉ង​សម្លាប់​ខ្លួន​គំរាម​លោក​មិនឲ្យ​ទៅ​ប្រទេស​ម៉ា​រ៉ុ​ក ​ជាមួយនឹង​ភរិយា។​

ការ​ប្រចណ្ឌ​នោះ មាន​ថ្ងៃមួយ​លោក​បាន​ជ្រុលដៃ​ទះកំផ្លៀង ​វ​ឌ្ឍ​នា​ ២​ដៃ​ ដោយសារតែ​លោក​ខឹង ​វ​ឌ្ឍ​នា​ ទៅតាម​រករឿង​លោក​ដល់ផ្ទះ​ឪពុក​ក្មេក​លោក​ ដោយ​ចោទថា ​លោក​មាន​ស្រី​លាក់​នៅ​ក្នុង​ផ្ទះ។​

ជនជាប់ចោទ​បាន​និយាយទៀតថា ​រហូតដល់​ថ្ងៃទី​២៥-២៦​មីនា ឆ្នាំ​២០១៨ លោក​មាន​ទំនាស់​ជា​ពាក្យសម្ដី​តិចតួច​ជាមួយ ​វ​ឌ្ឍ​នា​ ដោយសារតែ​នាង​ បាន​បង្ខំ​ឲ្យ​លោក​មក​រស់នៅ​ក្នុងផ្ទះ​ជាមួយ​រូប​នាង​តែម្ដង ក្នុងនោះ ​វ​ឌ្ឍ​នា​ បាន​ស្នើ​ឲ្យ​រូបលោក​ស្រលាញ់​នាង​ដូចដើម ហើយ​ទី​២​ យក​នាង​ជា​ប្រពន្ធ​ទី​២ ប៉ុន្តែ​និយាយ​គ្នា​មិនត្រូវ​ លោក​ក៏​ត្រឡប់ទៅផ្ទះ​វិញ។​

លុះដល់​ថ្ងៃទី​២៦​មីនា ពេល​ចេញពី​ប្រជុំ​លោក​ ក៏បាន​ឲ្យ​អ្នកបើកបរ​ជូន​លោក​មក​ផ្ទះ​ វ​ឌ្ឍ​នា ​ម្ដង​ទៀត​ដើម្បី​ហូបបាយ​ជុំគ្នា ប៉ុន្តែ​ពេល​ទូរស័ព្ទ​ទៅ​ស្រាប់តែ ​វ​ឌ្ឍ​នា​ បាន​មកដល់​ភ្នំពេញ​ទៅ​ហើយ​ដោយសារ​នាង​យល់​ច្រឡំ​ថា​មក​ហូបបាយ​នៅផ្ទះ​នាង​បឹង​ស្នោ។ ពេលនោះ​ នាង​ ក៏បាន​មកវិញ​ជា​មួយ ​ចាន់ រី​ និង​ប្ដី។​

ពេលមកដល់​ជួបគ្នា​នៅ​ព្រលប់​នោះ​ ពួកលោក​បាន​និយាយ​គ្នា​ម្ដងទៀត ប៉ុន្តែ​និយាយ​គ្នា​មិន​ត្រូវ​សោះ​ លោក​ក៏​ត្រឡប់​ទៅវិញ ពេលនោះ ​វ​ឌ្ឍ​នា​ បាន​និយាយ​ពីលើ​ជណ្ដើរ​មក​ថា បើ​ថ្ងៃនេះ ​បង​ចេញ​ផុត​ពី​មាត់ទ្វារ​ផ្ទះ​ បង​នឹង​លែង​បាន​ជួប​មុខ​អូន​រហូត​ហើយ ពេលនោះ​លោក​នៅតែ​ដើរ​ចេញទៅ​ឡើង​ឡាន​មក​ផ្ទះ​វិញ។ លុះ​ពេលមកដល់​ផ្ទះ ​ស្រាប់តែ​ ចាន់ រី ទូរស័ព្ទ​មក​ប្រាប់​ថា វ​ឌ្ឍ​នា យក​កាំបិត​អា​រ​ដៃ ​ប៉ុន្តែ​នាង ​និង​ប្ដី​បាន​ដណ្ដើមយក​កាំបិត​ហើយ។ មួយ​សន្ទុះ​ក្រោយមក​ ស្រាប់តែ​ ចាន់ រី ទូរស័ព្ទ​មក​ម្ដង​ទៀតថា វ​ឌ្ឍ​នា​ ចង.ក​ សម្លាប់​ខ្លួន​ហើយ ពេលនោះ​លោក​មិន​ជឿ​ទេ ប៉ុន្តែ​បានអោយឲ្យ ​សា​ម៉ៃ ​ទៅ​មើល ពេលទៅដល់​ សា​ម៉ៃ​ ប្រាប់​តាម​ទូរស័ព្ទ​ថា​បងស្រី​ ចង.ក​ សម្លាប់​ខ្លួន​មែន។ ពេលនោះ​លោក​តក់ស្លុត​ណាស់ ក៏បាន​ប្រាប់​ឲ្យ សា​ម៉ៃ​ យក​ទូរស័ព្ទ​របស់ ​វ​ឌ្ឍ​នា​ មក​ទុក​ ដោយសារ​ក្នុង​ទូរស័ព្ទ​មាន​ថតរូប​លោក​ជាមួយ ​វ​ឌ្ឍ​នា ​យ៉ាងច្រើន​ ខ្លាច​ធ្លាក់​ដល់ដៃ​អ្នកកាសែត។ បន្ទាប់មក​ លោក​ក៏បាន​ឲ្យ​​អ្នកបើកបរ​ម្នាក់ទៀត​ជូន​លោក​មក​ភ្នំពេញ​មើល​កូន​ឈឺ​ និង​ប្រាប់​រឿង​ វ​ឌ្ឍា​នា ​ចង.ក​ សម្លាប់ខ្លួន​ឲ្យ​​ប្រពន្ធ​ដឹង។ ក្នុងពេល​នោះដែរ ​ស្រាប់តែ​ម្ដាយ ​វ​ឌ្ឍ​នា​ និង​កូន​ទី​២ ​បាន​ទូរស័ព្ទ​មក​លោក​ប្រាប់​ពី​រឿង ​វ​ឌ្ឍ​នា ច​ង.ក ពេលនោះ​លោក​ក៏​សុំ​ប្រពន្ធ​មក​តាកែវ​វិញ​ ដើម្បី​ចាត់ចែង​សុំ​យក​សាកសព​មក​ធ្វើ​បុណ្យ​នៅ​ភ្នំពេញ។​

សវនាការ​នេះ​បាន​សាកសួរ​ លោក ​ឡាយ វណ្ណៈ បាន​ត្រឹម​ប៉ុណ្ណឹង ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ក៏បាន​សម្រេច​ផ្អាក​សវនាការ​ ដោយសារ​ដល់​ម៉ោង​បញ្ចប់​ទៅហើយ ដោយ​សវនាការ​បន្ទាប់​ តុលាការ​នឹង​ជូន​ដំណឹង​ពេល​ក្រោយ។​

សូម​រំលឹក​ថា​ កាលពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៨​ អតីត​អភិបាលខេត្ត​តាកែវ​ លោក ឡាយ វណ្ណៈ​ នៅ​មុន​ពេល​តុលាការ​ចាប់ខ្លួន លោក​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក Facebook របស់ លោ​កថា​ លោក​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​នឹង​ស្ត្រី​រងគ្រោះ​ ឈ្មោះ ចែ​វ សុ​វ​ឌ្ឍ​នា ប៉ុន្តែ​បាន​បដិសេធ​ថា ​លោក​មិន​បានសម្លាប់​ វ​ឌ្ឍា​នា​ ទេ។​

ជនរងគ្រោះ​ ឈ្មោះ ចែ​វ សុ​វ​ឌ្ឍ​នា ​អាយុ​៣៦​ឆ្នាំ ​មានកូន​៣​នាក់ ​ក្នុងបន្ទុក ដំបូង​ឡើយ ​ត្រូវបាន​រក​ឃើញ​ថា​ស្លាប់​ដោយ​ចង.ក​ ដែល​សមត្ថកិច្ច​ខេត្ត​តាកែវ អះអាង​កាលពី​ពេលនោះ​ថា ជនរងគ្រោះ ធ្វើ អត្តឃាត​ខ្លួនឯង ប៉ុន្តែ​ក្រោយ​ការស៊ើបអង្កេត​របស់​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​មួយក្រុម ​បង្ហាញ​ថា​ស្ត្រី​ជន​រងគ្រោះ​ត្រូវបាន​ធ្វើឃាត​ទៅវិញ ទើប​រឿងក្ដី​ត្រូវបាន​សើរើ ហើយ​តុលាការ​រាជធានី​ភ្នំពេញ​ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចាប់ ​លោក ​ឡាយ វណ្ណៈ លោក​ ឡាយ ណា​រិ​ទ្ធ ម៉េ​ម សា​ម៉ៃ និង​ជឹម វុ​ធ មក​ដាក់​ឃុំខ្លួន​រហូតដល់​ថ្ងៃ​កាត់​ក្ដី​នេះ៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu