Ad Code

មន្ត្រី​ជំនាញ​អះអាង​ថា គ្មាន​ការឈូសឆាយដី​ព្រៃ​លិច​ទឹក ដូច​ការផ្សាយ​បង្ហោះ​ហ្វេ​ស​បុក​នោះទេ



សៀមរាប ​៖ ​មន្ត្រី​រដ្ឋបាល​ជលផល​នៃ​ខេត្តសៀមរាប​បាន​អះអាង​ប្រាប់​អ្នកកាសែត​នៅ​ព្រឹក​ថ្ងៃទី​០៩​ខែមករា ឆ្នាំ​២០១៩​នេះ​ថា គ្មាន​ការ​ឈូសឆាយដី​ព្រៃ​លិច​ទឹក ក្នុង​តំបន់​បឹង​ពារាំង​ដូច​ការ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​ របស់​បុគ្គល​មួយចំនួន​នោះ​ទេ​។ ប៉ុន្តែ​តាម​លោក​ចុះទៅ​មើល​ជាក់ស្តែង​គឺ​មាន​តែ ការ​ជួសជុល​ផ្លូវ​ចាស់ ដែល​អតីត​អភិបាលខេត្ត​សៀមរាប​គឺ​លោក ឃឹម ប៊ុន​សុង បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ដើម្បី​ឲ្យ​ពលរដ្ឋ​និង​ភ្ញៀវទេសចរ អាចធ្វើ​ដំណើរ​ទៅ​កម្សាន្ត​មាន​ភាព​ងាយស្រួល​តែប៉ុណ្ណោះ​។



លោកពត វណ្ណ​ដេ​ត នាយរង​ផ្នែក​រដ្ឋបាល​ជលផល​ចុង​ឃ្នៀ​ស ទទួល​រួម​បាន​បញ្ជាក់​ថា រូបលោក​រួមទាំង​មន្ត្រី​បាន​ចុះ​ពិនិត្យ​ផ្ទាល់ គឺ​ពុំមាន​ការ​ឈូសឆាយដី​ព្រៃ​លិច​ទឹក ដូច​ការ​បង្ហោះ​ព័ត៌មាន​តាម​បណ្តាញ​សង្គម​នោះទេ​។ ថ្ម‌ីៗ​នេះ​មាន​ជន​អគតិ បំប៉ោង​ព័ត៌មាន​ថា ដីព្រៃ​លិច​ទឹក​នៅ​តំបន់​បឹង​ពារាំង ត្រូវ​គេ​ឈូសឆាយ​ច្រើន​ហិកតា តែ​ធាតុពិត​គឺ​ពុំមាន​នោះឡើយ​។

លោក​បន្ត​ថា ស្នាម​ចន្លោះ​ឈូស​ផ្លូវ​កាត់​ប៉ុន្មាន​ម៉ែត្រ​នោះ គឺ​តាំងពី​ឆ្នាំមុន​មក​ម្ល៉េះ ដែល​ពេលនោះ​លោក​ណៅ ធួ​ក រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ក៏បាន​ចុះ​ពិនិត្យ​ជាក់ស្តែង ហើយ​លោក​បាន​បញ្ជាក់​ថា ប្រសិនបើ​ចង់​ឈូស​ធ្វើ​ផ្លូវ​យ៉ាងណា គឺ​ត្រូវសុំ​អនុញាតិ​ច្បាប់​ត្រឹមត្រូវ​។



លោក​បន្ថែម​ថា រាល់​ការផ្សាយ​ព័ត៌មាន​ទោះ​ពិត​ឬ​មិន​ពិត គឺ​ចាំបាច់​យើង​ត្រូវ​ចុះ​ពិនិត្យ​ជាក់ស្តែង​។ ប៉ុន្តែ​ឆ្លងកាត់​ការពិនិត្យ ឃើញថា វា​ពុំ​មែន​ជា​ការ​ពិត ដូច​អ្វីដែល​គេ​បង្ហោះ​នោះឡើយ​។

ចំណែក​លោក​សុខ សំណាង តំណាង​សហគមន៍​ទេសចរ វប្បធម៌​ធម្មជាតិ​បឹង​ពារាំង ក៏បាន​បញ្ជាក់ថា លោក​សុំ​ច្រានចោល​ទាំងស្រុង ចំពោះ​ព័ត៌មាន​ដែល​ចោទថា មានការ​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក​ក្នុង​ការធ្វើ​ផ្លូវ​ចូល​ទៅ​កាន់​តំបន់​បឹង​ពារាំង​នេះ​។ លោក​បន្តថា ប៉ុន្មាន​ថ្ងៃមុន​ដោយសារ​ផ្លូវ​ចូល​ទៅ​កាន់​តំបន់​ទេសចរ​ខាងលើ មាន​សភាព​ពិបាក​ក្នុងការ​ធ្វើដំណើរ ដោយ​ដានជើង​សត្វ​គោក្របី​និង​ជង្ហុក​ជ្រៅៗ ទើប​ខាង​លោក​យក​ត្រា​ត់​ទ័​រ​ទៅ​បោសសំអាត​។ ប៉ុន្តែ​មិន​មាន​ការ​ប៉ះពាល់​ដល់​ដើមឈើ​ដែលជា​ព្រៃ​លិច​ទឹក​នោះ​ទេ​។



លោក​សុខ សំណាង បញ្ជាក់​ថា ​ចំពោះ​ផ្លូវ​ចូលទៅ​កាន់​តំបន់​ទេសចរ​បឹង​ពារាំង ដែល​មាន​ពេល​បច្ចុប្បន្ន គឺជា​ផ្លូវ​ដែល​កសាង​ឡើង​ដោយ​អាជ្ញាធរខេត្ត (​ចំណងដៃ​) ទាំង​ថវិកា​និង​គ្រឿងចក្រ ក្នុងពេល​លោក​ឃឹម ប៊ុន​សុង ជា​អភិបាលខេត្ត​។ ពុំ​មែន​សហគមន៍​មាន​សមត្ថភាព​ធ្វើ​នោះឡើយ ចឹ​ង​ទេ​សូម​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មេត្តា​ជ្រាប​។ ចំណែកឯ​អ្នក​បំប៉ោង​ព័ត៌មាន សូមកុំ ព្រោះតែ​ចង់បាន​ប្រយោជន៍ ព្យាយាម​ធ្វើ​គ្រប់​សកម្មភាព ដើម្បី​ឲ្យ​ខេត្ត​ទេសចរ​មួយ​នេះ​មាន​ចលាចល​។ ពីព្រោះថា តំបន់​ទេសចរ​បឹង​ពារាំង​ពេលនេះ កំពុង​ស្រូបយក​អ្នក​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​កាន់តែច្រើន​ទៅៗ តាមរយៈ​ការ​ទស្សនា​ព្រៃ​ធម្មជាតិ ដែលមាន​ផ្ទៃ​ទឹក​ល្វឹងល្វើយ ប្រភព​ត្រី សត្វ​ស្លាប​ទឹក និង​សត្វ​ផ្សេងៗ​ទៀត​យ៉ាងច្រើន​។

លោក​សុខ សំណាង បញ្ជាក់ទៀតថា លោក​សំណូមពរ​ឲ្យ​ខាង​បងប្អូន​អ្នកព័ត៌មាន​ទាំងអស់ គួរ​ណាស់​សរសេរ​ព័ត៌មាន​ផ្សេងៗ​ឲ្យ​មាន​ប្រភព​ត្រឹមត្រូវ ទាំងសងខាង​មិន​លម្អៀង ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ប្រទេស​យើង​មានការ​រីកចម្រើន​ដូច​ប្រទេស​មួយចំនួន ​នៅ​លើ​សកលលោក​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu