អ្នកប្រដាល់ជើងខ្លាំងស្រករក្រោយ ដែលកំពុងឡើងកូដ ឯម ឡេងលី ក្លិបថ្មគោលពោធិសែនជ័យ ត្រូវអ្នកប្រដាល់ថៃចែតស្យ៉ាម ស៊ិតចេមៀរ (Chet Siam Site Chamear) វាយឲ្យសន្លប់ក្នុងទឹកទី២ ក្នុងការប្រកួតសងសឹកគ្នា នាយប់ថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ។ ពួកគេទាំងពីរ ជួបប្រកួតគ្នាក្នុងប្រភេទទម្ងន់៧០គីឡូក្រាម។
ចេកស្យ៉ាម គេមកសងសឹក ឯម ឡេងលី ក្រោយពីវាយចាញ់ ឡេងលី ដោយពិន្ទុ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨កន្លងមក ដោយពេលនេះ គេបានសងសឹក ឡេងលី បានសម្រេចហើយ បន្ទាប់ពីផ្ដួលឡេងលី ឲ្យសន្លប់ក្នុងទឹកទី២ប៉ុណ្ណោះ។
អ្នកប្រដាល់ថៃរូបនេះ គេមានសមត្ថភាពខ្លាំងក្លា និង ជាម្ចាស់ខ្សែក្រវាត់ថែមទៀត ម៉ោះ ហើយការវាយចាញ់ ឯម ឡេងលី លើកមុននោះ ធ្វើឲ្យគេមិនអស់ចិត្ត សុំមកសងសឹកភ្លាមៗ រហូតបានសម្រេចបំណងនៅពេលនេះ។
មិនធម្មតាទេ ដែលម្ចាស់ខ្សែក្រវាត់មកជួបជាមួយ ឯម ឡេងលី ដល់ទៅពីរលើកបែបនេះ ក៏ព្រោះតែឡេងលី គេខ្លាំង និងវាយឈ្នះថៃ សឹងតែគ្រប់ថៃដែលមកជួបទៅហើយ។ តែលើកនេះ ឯម ឡេងលី ជួបសំណាងអាក្រក់ ដោយសន្លប់ក្នុងទឹកទី២ ក្រោយពីគេត្រូវ ចេក ស្យ៉ាម វាយត្រូវមួយកែងស្តាំចំថ្គាមខាងឆ្វេង បណ្តាលឲ្យ ឡេងលី ដួលទាំងជំហរហើយសន្លប់ងើបលែងរួច ទោះបីអាជ្ញាកណ្ដាលរាប់ដល់ដប់ហើយក្តី។
សូមបញ្ជាក់ថា ចេកស្យ៉ាម ស៊ិតចេមៀរ ជាជើងខ្លាំង និងជាម្ចាស់ខ្សែក្រវាត់នៅស្រុកថៃ មានប្រវត្តិប្រកួតចំនួន៧៤លើក ឈ្នះ៦១លើក ចាញ់១២លើក និង ស្មើ០១លើក។ ចំណែក អ្នកប្រដាល់កម្ពុជា ឯម ឡេងលី វិញ គេមានកំណត់ត្រាប្រកួតតែ៥១លើក ឈ្នះ៤២លើក ចាញ់០៨លើក ស្មើ០១លើក ។
ចំពោះ ពេជ្រ សីហា អ្នកប្រដាល់ក្លិបសមាគមយុវជន១៥៧គុនខ្មែរ ដែលត្រូវគេផ្គូឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ថៃ ឈ្មោះ ផេត ឆ័ត្រឆ័យ ស.ប៊ុនយាម (Petchchhartchai Sor.Bunyeam) ក្នុងទម្ងន់៧០គីឡូក្រាមដែរនោះ ក៏ត្រូវថៃវាយឲ្យបោះបង់ការប្រកួតក្នុងទឹកទី២ដែរ។
តាំងពីមុនប្រកួតម្ល៉េះថា ពេជ្រ សីហា ពិបាកសង្ឃឹមឈ្នះ ផេត ឆ័ត្រឆ័យ ណាស់ ព្រោះថា សីហា អាក់ខានឡើងសង្វៀន ហើយយូរៗបានឡើងប្រកួតម្តងនោះ។ ដូចការគិតមុន ក្នុងការប្រកួតជាមួយផេត ឆ័ត្រឆ័យ ក្នុងទឹកទី២នោះ ពេជ្រ សីហា បានជួបបញ្ហាភ្លាត់ឆ្អឹងស្មាខាងស្តាំ ដែលធ្វើឲ្យការប្រកួតរបស់មិនបានល្អ និងខ្លាំង ព្រោះវាយបានតែដៃឆ្វេងម្ខាង ធ្វើឲ្យ ផេត ឆ័ត្រឆ័យ ទាត់ និងដាល់ត្រូវជាច្រើនជើង និងដៃ។
ពេជ្រ សីហា ត្រូវអាជ្ញាកណ្ដាលរាប់៨ម្តង ដោយសារបញ្ហាភ្លាត់ឆ្អឹងស្មានេះ។ បន្ទាប់ពីបន្តការប្រកួតទៀតនោះ គេក៏ត្រូវជួបបញ្ហាដដែលទៀត ដោយសារថៃទាត់ចំដៃឈឺ ធ្វើឲ្យអាជ្ញាកណ្ដាលរាប់៨ជាលើកទី២។ ហើយនៅពេលបន្តការប្រកួតទៀត ពេជ្រ សីហា ក៏បានបោះបង់ការប្រកួតក្នុងចុងទឹកទី២ បន្ទាប់ពីត្រូវ ផេត ឆ័ត្រឆ័យ ទាត់ត្រូវដៃ និងត្រូវឆ្អឹងជំនីនោះ។
សូមបញ្ជាក់ថា ផេតឆ័ត្រឆ័យ នេះ ជាអ្នកប្រដាល់ថៃជើងចាស់ គេមានកម្រិតសមត្ថភាព និងបច្ចេកទេសល្អ ហើយរឹងមាំ គេជាជើងខ្លាំងម្នាក់ប្រចាំនៅស្រុកថៃ។ គេមានប្រវត្តិប្រកួតចំនួន៨៤លើក ឈ្នះ៧១លើក និងចាញ់១៣លើក មិនដែលស្មើ។ មិនធម្មតាទេ ឡើងប្រកួតជាង៨០លើក ចាញ់តែ១៣លើកនោះ។ ចំណែក ពេជ្រ សីហា គេមានកំណត់ត្រាប្រកួតចំនួន១៤៤លើក ឈ្នះ១១២លើក ចាញ់២៧លើក ស្មើ៥លើក។
ចំណែក ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ ខេម ចាន់ អ្នកប្រដាល់ក្លិបកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ បានវាយឈ្នះ លីន វីរៈ អ្នកប្រដាល់ក្លិបបូរីរាជសីហ៍មានរិទ្ធដោយពិន្ទុ ហើយ មិត ស៊ីណាត អ្នកប្រដាល់ក្លិបប៉េអិមស្រុករុក្ខគិរី ខេត្តបាត់ដំបង បានផ្ដួល អេលីត សុវណ្ណម៉ាយ ក្លិបឆ្មាសសែនសុខគុនខ្មែរ ក្នុងទឹកទី៤ ខណៈដែល សល់ ស្រស់ ក្លិបសាលវ័ន្តកីឡា ក៏ផ្ដួលកាន់ វិមាន ក្លិបវិបុលដារិទ្ធពោធិសែនជ័យ ក្នុងទឹកទី៤ដែរ៕
Source: Kampuchea Thmey Daily
0 Comments