កំពត ៖ ជាមួយនឹងការប្រកាសដកសមត្ថកិច្ចកាំកុងត្រូលចេញពីមាត់ច្រកទ្វារព្រំដែនទាំងអស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសលុបចោលភ្នាក់ងារកម្ពុជានាវាចរ«កាំសាប»មួយទៀត ដោយសម្តេចអះអាងថា អង្គភាពមួយនេះមិនមានភាពចាំបាច់ទៀតឡើយទាក់ទងទៅនឹងការងារពាណិជ្ជកម្មតាមសមុទ្រ ដោយសម្តេចធ្វើការបញ្ជាក់ថា សម័យបច្ចេកវិទ្យាទំនើបណាស់ មិនចាំបាច់ឲ្យមានភ្ញាក់ងារចាំនាំផ្លូវទៀតនោះទេ។
សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល បានប្រកាលបែបនេះ កាលពីព្រឹកថ្ងៃសុក្រទី២៥ ខែមករា នេះ នៅក្នុងឱកាសដែលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ នៅខេត្តកំពត ។ សម្តេចបានប្រកាសថា ការលុបចោលភ្នាក់ងារកម្ពុជានាវាចរ «កាំសាប» ក៏ជាផ្នែកមួយនៃការកាត់បន្ថយភាពសាំញ៉ាំនិងស្មុគស្មាញក្នុងការធ្វើធុរកិច្ចនិងជំរុញការរស់រានសេដ្ឋកិច្ចកម្ពុជាដែលនេះគឺការសម្រួលពាណិជ្ជកម្មមួយធ្វើឲ្យមានភាពប្រកួតប្រជែងសម្រាប់អ្នកវិនិយោគនៅកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ម្សិលមិញខ្ញុំបានធ្វើការសម្រេចចុះហត្ថលេខាលើអនុក្រឹត្យដើម្បីបិទបញ្ចប់សមត្ថកិច្ចកាំកុងត្រូលនៅតាមមាត់ច្រកទាំងអស់ដើម្បីកាត់បន្ថយភាពសាំញ៉ាំនៃការនាំចេញនាំចូលក្នុងដំណើរការធុរកិច្ច ។ យើងនឹងបន្តពិនិត្យទៀតទៅលើសមត្ថកិច្ចដែលមិនចាំបាច់គោលដៅរបស់យើង គឺទុកតែសមត្ថកិច្ចពីរប៉ុណ្ណោះគឺគយនិងប៉ូលិសអន្តោប្រវេសន៍។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ចំណូលរបស់កាំកុងត្រូលនៅតាមមាត់ច្រកនោះគឺទទួល បាន ៣០ លានដុល្លារក្នុងមួយឆ្នាំ។ ដូច្នេះរដ្ឋសុខចិត្តខាតបង់ ៣០ លានដុល្លារដើម្បីសម្រួលធុរកិច្ចឲ្យបានកាន់តែប្រសើរឡើង។ តែវិស័យឯកជនគេចំណេញ ៤០លានដុល្លារព្រោះបង់ផ្លូវការ ៣០ លានដុល្លារ និង បង់ក្រៅផ្លូវការ ១០ លានដុល្លារ។
សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា សុំផ្ដាំទៅថ្នាក់ដឹកនាំនិងបុគ្គលិកកាំសាបដែលបានបំពេញ មុខងាររយៈពេល៤០ឆ្នាំរួចមកហើយក្នុងការនាំនាវាចូលកំពង់ផែ។ បច្ចុប្បន្នបច្ចេកវិទ្យាទំនើបណាស់ មិនចាំបាច់ឲ្យមានការនាំផ្លូវដូចមុនទៀតទេ គឺទុកឲ្យនាវាទំនាក់ទំនងជាមួយកំពង់ផែតែម្តង។
បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី មុនឈានដល់ការសម្រេចចិត្តលុបកាំសាបនេះ សម្ដេចក៏មានជម្រើសផ្សេងៗចំនួន ៣ រួមមាន៖ទី១-ទុកកាំសាបឲ្យនៅដដែលប៉ុន្ដែទម្លាក់ថ្លៃសេវាមួយចំនួនដែលមិនចាំបាច់។ ទី២-ដាក់ឲ្យមានការប្រកួតប្រជែងរវាងភ្នាក់ងារច្រើន។ ប៉ុន្តែខាងកាំសាបបញ្ជាក់មកថា បើឲ្យប្រកួតប្រជែងគឺងាប់តែម្តងមិនអាចប្រកួតប្រជែងបានទេ។
ជម្រើសទី៣-គឺលុបកាំសាបចោលតែម្តង ហើយផ្ទេរបុគ្គលិកនេះទៅឲ្យក្រសួងសាធារណៈការដឹកជញ្ជូនបញ្ចូលទៅផ្នែកផ្សេងៗទៅតាមតម្រូវការរបស់ក្រសួងសាធារណការ។ អញ្ចឹងទេសូមបងប្អូនកូនក្មួយនៅអង្គភាពកាំសាប សម្តេចបានសម្រេចចិត្តលុបចោលអង្គភាពកាំសាបហើយ។
សម្តេចតេជោបន្តថា នេះហើយដែលហៅថា អភិក្រមប្រាំយ៉ាង ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល វះកាត់។ សម្តេចបន្តថា នេះមិនបានសេចក្តីថា បងប្អូនមានកំហុសអ្វីនោះទេ ក៏ប៉ុន្តែដើម្បីការរស់រាននៃសេដ្ឋកិច្ចជាតិ និង ភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ និងក្នុងកិច្ចសម្រួលពាណិជ្ជកម្ម។ អញ្ចឹងការលុបចោលកាំសាប វាក៏ជាផ្នែកមួយនៃការសម្រួលពាណិជ្ជកម្មសម្រាប់អ្នកវិនិយោគមករកស៊ីនៅកម្ពុជាដែរ។
សម្តេចបានបន្តថា បើពិនិត្យនៅក្នុងអាស៊ានគឺស្ថាប័នមួយនេះ ត្រូវបានគេលុបចោលអស់ហើយ នៅតែកម្ពុជា និង មីយ៉ានម៉ាប៉ុណ្ណោះ។ សម្តេចបន្តថា ប្រសិនជាយើងលុបស្ថាប័នកាំកុងត្រូលចេញពីមាត់ច្រកព្រំដែនលុបស្ថាប័នកាំសាបនិងកាត់បន្ថយតម្លៃស្កេន នៅតាមកំពង់ផែនាំចេញ ដើម្បីផលចំណេញនៃបណ្តា រោងចក្រ សហគ្រាស ដែលរកស៊ីនាំចេញនាំចូល ហើយផលចំណេញនោះហើយគឺជាការប្រកួតប្រជែងសម្រាប់ទាក់ទាញវិនិយោគមកកាន់ប្រទេសកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា សេវាដែលបានមកពីកាំសាបក្នុងមួយឆ្នាំ ២លានដុល្លា តែបង់ចូលថវិកាជាតិតែត្រឹង ៥០ ម៉ឺនដុល្លាប៉ុណ្ណោះ។ អញ្ចឹងទេ យើងសុខចិត្តខាត ៥០ ម៉ឺនដុល្លារក្នុង១ឆ្នាំ ដើម្បីឲ្យសេដ្ឋកិច្ចជាតិរស់ និង មានភាពប្រកួតប្រជែង។
កាំសាប (KAMSAP: Kampuchea Shipping Agency and Brokers) ជាអង្គភាពស្វយ័តរបស់រដ្ឋដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៧៩ ដើម្បីសម្រួលដល់ពាណិជ្ជកម្មតាមនាវា។ អង្គភាពនេះ មានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ ហើយមានសាខានៅខេត្តព្រះសីហនុ ស្រែអំបិលខេត្តកោះកុង និងផែឧកញ៉ាម៉ុង។
សម្តេចបានបន្តថា នេះជាការជូនសារទៅកាន់អ្នកធុរជនដែលកំពុងវិនិយោគនៅកម្ពុជានិងមានគោលដៅមកស្វែងរកការវិនិយោគនៅកម្ពុជាផងដែរ ហើយអ្នកវិនិយោគនៅកម្ពុជាគេនឹងហ្នឹងចិត្តថា គេនៅតែមានលទ្ធភាពនិងប្រាក់ចំណេញ។ ទាំងអស់នេះសុទ្ធតែជារបៀបវារៈដែលត្រូវធ្វើនៅក្នុងអាណត្តិនេះ ហើយខ្ញុំនឹងបន្តដឹកនាំកំណែទម្រង់នេះតទៅទៀត កន្លែងណាត្រូវវះកាត់គឺត្រូវកាត់ចេញតែម្តង អង្គភាពណាមិនចាំបាច់លុបចេញតែម្តង។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តថា សម្រាប់នាពេលខាងមុខ ការិយាល័យភាគច្រើនរបស់ក្រសួងនានាដែលមាននៅតាមស្រុក និង ខណ្ឌ នឹងលែងមានទៀតហើយ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហើបថា នឹងលុបចោលការិយាល័យទាំងអស់នោះ ដោយទុកតែមួយចំនួនតូចប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «នៅពេលខាងមុខនឹងលុបចោលការិយាល័យ នៃអង្គភាពក្រសួងមួយចំនួននៅថ្នាក់ស្រុកតែម្តង របស់ដែលត្រូវទុកតំបន់ប្រតិបត្តិការ គឺផ្នែកកងទ័ពទុក នគរបាលត្រូវទុក សុខាភិបាលត្រូវទុក អប់រំត្រូវទុក រៀបចំដែនដីត្រូវទុក ព្រោះអាហ្នឹងវាសំខាន់គ្រប់គ្រងដីធ្លី ឯក្រៅពីនោះយកមករៀបចំជាកញ្ចប់របស់វា ឥឡូវផ្នែកផលិតកម្ម ឧទាហរណ៍ កសិកម្ម ធនធានទឹក អភិវឌ្ឍន៍ជនបទ ដាក់នៅមួយដុំ ឬថែមទាំងឧស្សាហកម្ម រ៉ែ»។
ជាមួយនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើការណែនាំដល់ក្រសួងស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិត្រូវនាំគ្នាពិចារណា ឲ្យបានល្អិតល្អន់ក្នុងការដាក់មន្ត្រីបញ្ចូលក្របខណ្ឌ។ ប្រសិនបើមិនធ្វើបែបនេះទេ ក្រសួងផ្សេងៗគិតតែនាំគ្នាសុំក្របខណ្ឌដើម្បីបង្កើនចំនួនមនុស្សនៅថ្នាក់ស្រុក ក៏ប៉ុន្តែការងារគឺជាន់គ្នាទាំងអស់ហើយសុំកុំភ្លេចពាក្យក្របខណ្ឌមួយមាត់ គឺរដ្ឋត្រូវគិតប្រាក់ខែ ចាប់ពីចូលបម្រើការងារ រហូតដល់ចូលនិវត្តន៍ក៏ត្រូវរក្សាទុកនូវប្រាក់បៀវត្សរ៍ផងដែរ។ ដូច្នេះកុំភ្លេចឲ្យសោះនៅចំណុចនេះ។
ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍បញ្ជាក់ថា ឥឡូវនេះផ្នែកផលិតកម្ម ដូចជា ផ្នែកកសិកម្ម ធនធានទឹក អភិវឌ្ឍន៍ជនបទ ត្រូវដាក់នៅមួយគ្នាជាដុំ ថែមទាំងមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពល ប្រមូលដាក់ជាមួយគ្នាជាចង្កោម ហើយផ្នែកសង្គមកិច្ច និងវប្បធម៌ ត្រូវដាក់មួយចង្កោម ដើម្បីឲ្យនៅជាតួអង្គរដ្ឋបាលឯកភាពតែម្តង កុំឲ្យវាសាំញ៉ាំ ព្រមទាំងបច្ចុប្បន្ននេះ សម្លឹងមើលនៅក្នុងមួយការិយាល័យមួយមានមនុស្ស ពីរនាក់នេះ ជាចំណុចមួយដែលនាំឲ្យពិបាកធ្វើការតែប៉ុណ្ណោះ។
សម្តេចតេជោបានបន្តទៀតថា បច្ចុប្បន្ន គឺយើងលើសមនុស្ស និងខ្វះមនុស្ស ត្រង់ចំណុចនេះ គឺចង់បញ្ជាក់ថា លើសគឺលើសចំនួនមនុស្សដែលគ្មានសមត្ថភាពធ្វើការ រីឯខ្វះមនុស្សគឺខ្វះអ្នកដែលមានសមត្ថភាពធ្វើការពិតប្រាកដ ដូច្នេះនេះជាសារមួយដើម្បីផ្ញើជូនដល់ស្ថាប័នចំនួន ហើយនៅពេលខាងមុខនេះនឹងមានការកែសម្រួលរចនាសម្ព័ន្ធនៅថ្នាក់ស្រុក ដោយមិនមានការិយាល័យ នៃមន្ទីរនានានៅតាមមូលដ្ឋានទៀតទេ៕
Source: Kampuchea Thmey Daily
0 Comments