Ad Code

សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង ថា កំពុង​រង់ចាំ​ការ​វិលត្រឡប់​របស់ សម រង្ស៊ី យ៉ាង​អន្ទះសា



កំពត ​៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រតិកម្ម​តបត​ទៅ​អតីត​មេបក្ស​ប្រឆាំង សម រង្ស៊ី ដែល​មាន​ផែនការ​ត្រឡប់មក​កម្ពុជា​វិញ ដោយ​សម្តេច​ពន្យុះ​ថែម​ឲ្យ​អតីត​មេ​បក្ស​ប្រឆាំង រូបនេះ​ត្រឡប់មក​កម្ពុជា​ឲ្យ​បាន​ឆាប់​ដូច​ការប្រកាស​រប​ស់​ខ្លួន។ ​សម្តេច​ប្រកាស​ថា ខ្ញុំ​រង់ចាំ​យ៉ាង​អន្ទះសា។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សំដែង​ប្រតិកម្ម​តបត​នេះ​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី​នៅ​ខេត្តកំពត​កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៩។



សម្តេច​តេ​ជោ ហ៊ុន សែម មានប្រសាសន៍ថា «​ប្រកាស​ទៅ​ផែនការ​រៀបចំ​យ៉ាងម៉េច ទៅ​ពី​ព្រលានយន្តហោះ​ណា អ្នកណា ទៅ​រង់ចាំ​កន្លែង​ណា ហើយ​អង្គការសហប្រជាជាតិ​អមដំណើរ​ពេលណា​ធ្វើទៅ សូម​អញ្ជើញ​...​តើ ហ៊ុន សែន ចាត់ការ​របៀប​ណា​»​។

សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា «​ខ្ញុំ​ក៏​ចង់​ឲ្យ​អ្នក​មក​ទីកន្លែង​ដែល​អ្នក​ត្រូវ​នៅ តាម​សាលក្រម​របស់​តុលាការ ។ ខ្ញុំ​រង់ចាំ​យ៉ាង​អន្ទះសា ។ ស្តាយ​ណាស់​ដែល​ឲ្យ​អ្នកឯង​រត់​រួច​ឥឡូវ​បាន​អ្នកឯង​មកវិញ គឺ​ស្មើនឹង​ដើររក​អុស​ប្រទះ​ឈើ​ងាប់​»​។ ជា​មួយ​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ព្រមាន​ចំពោះ​អ្នក​ដែល​ចង់​រួម​ដំណើរ​ជាមួយ​សមរង្ស៊ី​ថា «​អ្នក​មិន​ពាក់ព័ន្ធ​មិន​ចង់​ចូល​គុក កុំ​ចង់​ចូល​ប្រថុយ​ជាមួយ​»​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា ម្សិលមិញ​សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់​ប្រាប់​សម្តេច​ថា យើង​បានទទួល​ពី​តុលាការ​រួចហើយ​នូវ​ដីកា​ចាប់ខ្លួន សម រង្ស៊ី។



សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បានបញ្ជាក់​ជាថ្មី​នៅលើ​បណ្តាញ​សង្គម Facebook កាលពី​ថ្ងៃទី ២៤ ខែមករា ឆ្នាំ​២០១៩​ថា សមត្ថកិច្ច​បានទទួល​ដីកា​តុលាការ​ដើម្បី​ចាប់ខ្លួន​ទណ្ឌិត សម រ​ង្ស៉ី មេ​ចលនា​សង្គ្រោះ​ជាតិ​រួចហើយ​។

សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់​ថា «​ការ​លើក​ឡើង​របស់លោក សម រង្ស៊ី ដែល​និយាយ​ថា ខ្ញុំ​បាន​ហាមឃាត់​គាត់​មិន​ឲ្យ​វិល​ត្រឡប់​មក​ប្រទេស​វិញ​នោះ គឺជា​ពាក្យ​សម្តី​មួលបង្កាច់​ដើម្បី​បិទបាំង​ភាព​កំសាក​រត់គេច​ចេញពី​សំណាញ់​ច្បាប់​របស់​ខ្លួន​តែប៉ុណ្ណោះ។ ក្នុងនាម​ជា​អ្នក​ដែល​ចូលរួម​ក្នុង​ឆាកនយោបាយ ខ្ញុំ​ដូចជា​មិន​ដល់​ថ្នាក់​ឆោតល្ងង់​ប្រាប់ សម រង្ស៊ី មិន​ឲ្យ​វិល​ចូល​ស្រុក​នោះទេ។ ប្រការ​នេះ​ខុស​ទាំងស្រុង​ពី​ច្បាប់រដ្ឋធម្មនុញ្ញ​និង​អាច​ផ្តល់​ឱកាស​គ្រប់ពេលវេលា​ឲ្យ សម រង្ស៊ី មាន​លេស​វាយប្រហារ​មក​លើ​រូប​ខ្ញុំ​វិញ នៅ​ពេល​ដែល​សមត្ថកិច្ច​បាន​ទទួល​ដីកា​ដើម្បី​ចាប់ខ្លួន សម រង្ស៊ី រួចហើយ​»​។



ការប្រកាស​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានធ្វើ​ឡើង បន្ទាប់ពី​ទណ្ឌិត សម រង្ស៊ី បាន​លើក​ឡើង​ជា​បន្តបន្ទាប់​ថា នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ ។ កាលពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៩ អតីត​មេគណបក្ស​ប្រឆាំង​បាន​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់ខ្លួន​នៅ​សហរដ្ឋអាមេរិក​ដើម្បី​កំណត់​ផែនការ​ជាក់លាក់​ពី​ការធ្វើ​មាតុភូមិ​និវត្ត​របស់លោក សម រង្ស៊ី។

សម រង្ស៊ី បាន​ប្រកាស​ជាច្រើនលើក​ច្រើនសា ថា នឹង​ចូល​មក​ស្រុក​ខ្មែរ​វិញ នៅក្នុង​ឆ្នាំ​២០១៩​នេះ ប៉ុន្តែ​មិនដឹង​ថ្ងៃ​ណា​ច្បាស់លាស់​នោះ​ទេ​។ ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​២០ ខែមករា ឆ្នាំ​២០១៩ កន្លងមក​នេះ​ថា បាន​រៀបចំ​ឲ្យ​មានដំណើរ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី ដោយ​ធ្វើ​នយោបាយ​កៀរគរ​ចំនួន ៥ ចំណុច​រួមមាន​៖ ទី​១-​រៀបចំ​កម្លាំង​ដើម្បី​ត្រៀម​ទទួល​លោក សម រង្ស៊ី ចូល​ស្រុក​វិញ។ ទី​២- ពង្រីក​សកម្មភាព​ការទូត​។ ទី​៣- ពង្រឹង​និង​ពង្រីក​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្រោម​ការគ្រប់គ្រង​របប ហ៊ុន សែន​។ ​ទី​៤-​ធ្វើ​ទំនាក់ទំនង​ជាមួយ​អ្នក​ប្រជាធិបតេយ្យ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ធ្វើ​ផ្លាស់ប្តូរ​ជា​វិជ្ជា​មាននៅ​ឆ្នាំ​២០១៩​នេះ ។ ទី​៥- រៀបចំ​ថវិកា​សម្រាប់​ការវិល​ចូល​របស់លោក​សម រង្ស៊ី។



ទោះជា​យ៉ាងណា​មជ្ឈដ្ឋាន​អ្នកនយោបាយ​មួយចំនួន​និង​ប្រជាពលរដ្ឋ​កម្ពុជា​ហាក់​គ្មាន​ជំនឿ​ថា អតីត​មេ​គណបក្ស​ប្រឆាំង​រូប​នេះ​វិល​ត្រឡប់​មក​កម្ពុជា​នោះ​ទេ ព្រោះ​នេះ​មិនមែន​ជា​លើក​ទី​១ ដែល​មេបក្ស​ប្រឆាំង​រូបនេះ​បាន​ប្រកាស​ថា​នឹង​ត្រឡប់មក​កម្ពុជា​នោះទេ។

ជា​មួយ​គ្នា​នេះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បបួល​ពួក​មនុស្ស​មួយចំនួន​ដែល​តែង​ប្រើ​ពាក្យ​ថា ធ្វើ​ទៅ​ចេះតែ​ក្រ​ទៅៗ។ សម្តេច​តេ​ជោ​ហ៊ុន សែន បាន​លើក​ឡើង​ថា អ្នក​ដែល​និយាយ​មួលបង្កាច់​គេ​មិនដែល​ហ៊ាន​ស្បថ​ទេ។ អ្នកខ្លះ គេ​និយាយ​ថា ហ៊ុន សែន កាន់អំណាច​កាន់តែ​ក្រ​ទៅៗ ឥឡូវ​ហ៊ាន​ស្បថ​ទេ ? អ្នក​ទាំងឡាយ​ដែល​ហ៊ាន​និយាយ​ថា ធ្វើ​ទៅ​កាន់តែ​ក្រ​ទៅៗ តើ​ហ៊ាន​ស្បថ​ទេ ? ពួកគេ​ហ៊ាន​ទេ ឆ្នាំ​១៩៧៩ គេ​អត់​មានអី​ដែរ ធ្វើ​ម៉េច​គេ​ហ៊ាន​ស្បថ បើ​ស្បថ គឺ​រន្ទះបាញ់​ងាប់ ។ ព្រោះថា បើ​ខ្ញុំ​បបួល​ស្បថ​គឺ​អត់​ស្បថ​តូច​ទេ គឺ​ស្បថ​ឲ្យ​ងាប់​ទាំង​ខ្លួនឯង ងាប់​ទាំង​ម៉ែ ទាំងឪ ទាំង​ពូជ ប៉ុន្មាន​ផៅសន្ដាន។



​សម្តេច​តេ​ជោ បាន​លើក​ជា​សំណួរ​ថា សួរ​ការពិត​នោះ អ្នក​ដែល​និយាយថា​ ធ្វើ​ទៅ​កាន់តែ​ក្រ​ទៅៗ វា​មាន​ឡាន​ជិះ​មាន​ម៉ូតូ​ជិះ​…​ទេ​។ សម្តេច​បន្ត​ថា គ្មាន​ពេលណា​ក្រ​ជាង​ចេញពី​របប ប៉ុល ពត ទេ ...​។ សម្តេច ក៏បាន​លើក​ឡើង​ថា អ្នក​ដែល​ធ្លាប់​អត់​ស្បែកជើង​ពាក់​រហូត​មាន​ឡាន​ជិះ បែរជា​មក​បង្អាប់​ថា ធ្វើជា​នាយករដ្ឋមន្ត្រី​ឲ្យ​ពលរដ្ឋ​កាន់តែ​ក្រ​ទៅៗ​។ សម្តេច​បន្តថា អ្នកខ្លះ​នៅផ្ទះ តាំងពី​ដំបូល​ស្លឹក​រហូតដល់​ស័ង្កសី រហូតដល់​ប្រក់​ក្បឿង ចង់​អស់ហើយ។

សម្តេច​ក៏បាន​បន្ថែម​ទៀត​ថា ចំពោះ​អ្នក​ដែល​ស្រែក​ថា កាន់អំណាច​នេះ បាន​អស់នេះ​អស់នោះ សុំ​សាក​គិត​មើល​ឡើងវិញ របប លន់ ណុល កាន់អំណាច​បាន​ជាង ៥ ឆ្នាំ​។ ប៉ុល ពត កាន់អំណាច​សាវ​ហាវ​ឃោរឃៅ​ប្រើ​អាវុធ បាន​កាន់អំណាច​បាន​៣​ឆ្នាំ​៨​ខែ និង​២០ ថ្ងៃ​។​ហ៊ុន សែន កាន់តំណែង​សរុប​៤០​ឆ្នាំ ប៉ុន្តែ​តំណែង​ស្នួល​អំណាច​ខ្ពស់​៣៤​ឆ្នាំ ហើយ​បូក​នឹង​៥ ឆ្នាំ ហើយ​បន្ត​៥​ទៀត អ្នកឯង​ចាំមើល​ទៅ ។ បើ ហ៊ុន សែន គ្មាន​ប្រជាជន​គាំទ្រ​នោះទេ ហ៊ុន សែន មិនអាច​មកឈរ​នៅទីនេះ​បានទេ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu