ភ្នំពេញ ៖ អ្នកជំងឺជាច្រើន នៅកម្ពុជា ទទួលបានការពិនិត្យព្យាបាល និងថ្នាំពេទ្យដោយឥតគិតថ្លៃពីកម្មវិធីសប្បុរសធម៌របស់មន្ទីរពេទ្យជោរៃភ្នំពេញ ក្រោមកិច្ចសហការ ជាមួយនឹងក្រុមហ៊ុនឱសថ DHG Phama។
នៅក្នុងពិធីបិទវគ្គ នៃកម្មវិធីសប្បុរសធម៌របស់ មន្ទីរពេទ្យជោរៃ ភ្នំពេញ ជាមួយនឹងក្រុមហ៊ុនឱសថ DHG Phama ក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺ១,០០០នាក់ ដោយឥតគិតថ្លៃ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ វេជ្ជបណ្ឌិត ត្រាន់ ថាញ់ទុង ប្រធានចាត់ការទូទៅ នៃមន្ទីរពេទ្យជោរៃភ្នំពេញ បានបញ្ជាក់ថា នៅឆ្នាំ២០១៨នេះ មន្ទីរពេទ្យជោរៃភ្នំពេញ និង DHP Phama បានទទួលពិនិត្យជំងឺ និងផ្តល់ថ្នាំដោយឥតគិតថ្លៃ ជូនអ្នកជំងឺបានរហូតដល់ទៅ១,២២៧នាក់។
កម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជូនអ្នកជំងឺនេះ គឺជាកម្មវិធីមនុស្សធម៌ ដ៏មានអត្ថន័យរបស់មន្ទីរពេទ្យជោរៃភ្នំពេញ និងក្រុមហ៊ុនឱសថ DHG Pharma ចូលរួមចំណែកលើកកម្ពស់ សុខុមាលភាពជូនដល់ប្រជាពលរដ្ឋខ្មែរ ឲ្យមានឱកាសទទួលបានការថែទាំសុខភាព ប្រកបដោយគុណភាព ពីសំណាក់វេជ្ជបណ្ឌិត ឯកទេសវៀតណាម ដែលមានបទពិសោធន៍ខ្ពស់ រួមជាមួយសម្ភារបរិក្ខារពេទ្យទំនើប ដែលមានបំពាក់នៅមន្ទីរពេទ្យជោរៃភ្នំពេញ។
លោក Ngo Thanh Viet ប្រធានផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្ម អន្តរជាតិរបស់ក្រុមហ៊ុនឱសថ DHG Pharma បានលើកឡើងថា រូបគាត់ពិតជាមានចិត្តសប្បាយរីករាយយ៉ាងខ្លាំងដែលលទ្ធផល នៅឆ្នាំ២០១៨ មានការកើនឡើងខ្លាំងជាងឆ្នាំ២០១៧ ហើយរូបលោកផ្ទាល់ពិតជារីករាយផងដែរ។ ដោយមានឃើញបងប្អូនប្រជាពលរដ្ឋនៅកម្ពុជាមានសុខភាពល្អ ក្រោមការពិនិត្យ និងព្យាបាលពី មន្ទីរពេទ្យជោរៃ និងមានការសហការជាមួយនឹង DHG Phama។
លោកបន្តទៀតថា ក្រោមកិច្ចសហការរវាង DHG Phama និងមន្ទីរពេទ្យជោរៃភ្នំពេញ ក៏បានលើកកម្ពស់វិស័យសុខាភិបាលមួយផ្នែកផងដែរ និងម្យ៉ាងវិញទៀតក៏បានកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា ដោយសារតែការពិនិត្យ និងព្យាបាលជំងឺរបស់ក្រុមគ្រូពេទ្យ ដោយមិនគិតប្រាក់។
មួយវិញទៀត លោកមើលឃើញថា អ្នកជំងឺជាង១ពាន់នាក់ ដែលបានចូលមកពិនិត្យទាំងអស់នោះ ពិតជាមានភាពសប្បាយរីករាយផងដែរ ដោយមានការព្យាបាលពីសំណាកក្រុមគ្រូពេទ្យជំនាញៗ នៅកម្ពុជា និងប្រទេសវៀតណាម។
គួរបញ្ជាក់ថា គណៈគ្រប់គ្រងរវាង មន្ទីរពេទ្យជោរៃភ្នំពេញ និងក្រុមហ៊ុនផលិតឱសថ DHG Phama សន្យា នឹងបន្តកិច្ចសហប្រតិបត្តិការដ៏ល្អមួយនេះទៅមុខទៀតនៅក្នុងឆ្នាំ២០១៩នេះ ដោយមើលឃើញលទ្ធផលល្អគួរជាទីគាប់ចិត្ត ក៏ដូចជាមានការគាំទ្រច្រើនពីបងប្អូនប្រជាពលរដ្ឋនៅកម្ពុជា និងជាពិសេសទៅទៀតនោះ នៅក្នុងកិច្ចសហការនេះ នឹងបន្ថែមអ្វីដែលថ្មីពិសេសទៀត ទៅលើកម្មវិធីសប្បុរសធម៌ផ្សេងៗទៀត៕
Source: Kampuchea Thmey Daily
0 Comments