Ad Code

ក្លិប​វិសាខា របស់​កម្ពុជា យកឈ្នះ​លើ​ក្រុម Panhang FA របស់​ម៉ាឡេស៊ី លើ​ទឹកដី​ប្រទេស​ថៃ​



ក្លិប​បាល់ទាត់​វិសាខា សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) ចេញដំណើរ​ទៅ​បោះ​ជំរុំ​ហ្វឹកហាត់​និង​ប្រកួត​មិត្តភាព​នៅ​ប្រទេស​ថៃ រយៈពេល​ខ្លី មុន​ពេល​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩ មកដល់​ខណៈ​ក្រុម​មួយ​នេះ​បាន​ណាត់​ប្រកួត​ជាមួយ​ក្រុម Pahang FA របស់​ម៉ាឡេស៊ី ដែល​កំពុង​បោះ​ជម្រុះ​នៅ​លើ​ទឹកដី​ប្រទេស​ថៃ ដូចគ្នា​។

ការប្រកួត​នេះ​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​៨ ខែមករា ឆ្នាំ​២០១៩ នៅ​ទីលាន Buriram Training Centre រាជធានី​បាងកក ប្រទេស​ថៃ ក្រុម​វិសាខា ឈ្នះ​ក្រុម Pahang FA ដោយ​លទ្ធផល​៣​ទល់​១​។ ការប្រកួត​កម្ដៅ​សាច់ដុំ​នេះ បាន​ធ្វើ​ការ​ប្រកួត​រយៈ​ពេល ៣០​នាទី​ចំនួន ៣​ដង។ តង់​ទី​១ ក្រុម​ទាំងពីរ បានបញ្ចប់​ដោយ​លទ្ធផល​ស្មើគ្នា ១-១ ក្នុង​នោះ ១​គ្រាប់​របស់​វិសាខា ធ្វើ​សម្រេច​ដោយ​កីឡាករ កែវ សុខ​ផេង តាមរយៈ​ការ​ទាត់​បាល់​ពិន័យ ១១​ម៉ែត្រ គ្រា​ដែល​តង់​ទី​២ មិន​មាន​ការ​ស៊ុត​បញ្ចូល​ទី​គ្នា​ទេ​។ លុះ​ចូល​តង់​ទី​៣ កីឡាករ​វ័យក្មេង ឡុង ម៉េង​ហាវ បា​នរក​គ្រាប់​បាល់​ទី​២ នៅ​ដើម​តង់ មុន​កីឡាករ ស៊ិន សុ​ផា​ណាត់ រកបាន​គ្រាប់​ទី​៣ ជួយ​ឲ្យ​វិសាខា យកឈ្នះ PAHANG FA ៣-១ តែម្ដង​។



លោក ហុក សុចិ​ត្រា អ្នកចាត់ការ​ទូទៅ​រប​ស់​ក្លិប​វិសាខា ធ្លាប់​បាន​លើក​ឡើង​ថា «​យើង​មាន​ផែនការ​សម្រាប់​ឆ្នាំ​ថ្មី​ គឺ​ក្នុង​ខែមករា នេះ​គឺ​មាន pre-season tour នៅ​ថៃ​រយៈពេល​១៥​ថ្ងៃ ហើយ​មានការ​ប្រកួត​៣​ទៅ​៤​ប្រកួត​ដូច​ឆ្នាំមុន​ដែរ តែ​យើង​កំពុង​ទាក់ទង​ថា​ តើ​យើង​លេង​ជាមួយ​ក្លិប​ណា​។ សម្រាប់​ថ្ងៃ​ដែល​យើង​ត្រូវ​ទៅ​គឺ​នៅក្នុង​ខែមករា​នេះ យើង​បាន​រៀបចំ​រួចហើយ​»​។ ក្រុម​វិសាខា បាន​ធ្វើ​ដំណើរ​តាម​ច្រក​ក្រុង​ប៉ោយប៉ែត ហើយ​ឆ្លងដែន​ចូល​ទឹកដី​ថៃ ដោយ​បោះ​ជុំរុំ​ហ្វឹកហាត់​ចាប់ពី​ថ្ងៃទី​០៧-១៨ ខែមករា ឆ្នាំ​២០១៩​។ សម្រាប់​ប្រកួត​មិត្តភាព​ផ្សេងទៀត​ក្រុម​វិសាខា នឹង​ជូនដំណឹង​នៅពេល​ក្រោយ​។

សូម​បញ្ជាក់​ថា ថ្មីៗ​នេះ ថ្នាក់ដឹកនាំ​ក្លឹប​វិសាខា បានសម្រេច​ប្តូរ​សមាសភាព​ដឹកនាំ​ថ្មី​ដោយ​ចាប់ពី​រដូវ​កាល​ឆ្នាំ​២០១៩ តទៅ​ដោយ​ប្រគល់​តួនាទី​ជា​ប្រធាន​ក្លិប​ជូន​លោកជំទាវ កែ សួន​សុ​ភី ស សុខា វិញ ស្រប​ពេល​ប្រធាន​ក្លិប​ចាស់ លោក ស សុខា មិន​មាន​ពេលវេលា​គ្រាប់​គ្រាន់​ដើម្បី​ដឹកនាំ​ក្លិប ព្រោះ​លោក​កំពុង​មមាញឹក​ជាមួយ​តំណែង​ដែល​ទើប​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​។

ក្រុម​វិសាខា បាន​បង្កើត​ឡើង​ពី​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៧ ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​លោក ស សុខា នៅ​កាលនោះ​។ បច្ចុប្បន្ន​ក្លឹប​មាន​កីឡាករ​ជាង​៣០​នាក់ ដែល​មាន​លោក ហុក សុចិត្រា អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ដើរ​តួ​ធ្វើជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម ខណៈ​លោក ហុក សុ​ជីវ័ន ជា​ប្អូនប្រុស​បង្កើត​ធ្វើជា​គ្រូបង្វឹក​។ ក្រុម​វិសាខា​បាន​កសាង​កីឡដ្ឋាន​ថ្មី​ផ្ទាល់ខ្លួន មាន​ទីតាំងនៅ​តាមផ្លូវ​លេខ​៥៩៨ ខាងឆ្វេង​ដៃ​ខ្លោងទ្វារ Grand Phnom Penh​។ កីឡដ្ឋាន​នេះ​អាច​ផ្ទុក​ទស្សនិកជន​ប្រមាណ​ជាង​៥០០០​នាក់ ដែលមាន​ទីលាន​ជា​ស្មៅ​ធម្មជាតិ​។

​សូម​រំលឹក​ថា ​ចំពោះ​ក្រុម​វិសាខា បានបញ្ចប់​រដូវ​កាល​ចាស់​របស់​ខ្លួន​ដោយ​ឈរ​ចំណាត់ថ្នាក់​លេខ​៣ ក្នុងចំណោម​ក្លិប​ជា​សមាជិក​ទាំង​១២ ក្រោយ​ប្រកួត​២២​លើក ឈ្នះ​បាន​១៤​លើក ហើយ​ស្មើគ្នា​៣​លើក និង​ចាញ់​៥​លើក​។ ចំណែក​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​វិសាខា បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ​ចាញ់​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ២​ទល់​១៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu