Ad Code

លោក Trump ៖ ការ​ដកទ័ព​អាមេរិក​ចេញពី​ប្រទេស​ស៊ី​រី​ ត្រូវតែ​ធ្វើឡើង​នៅក្នុង​វិធី​ដែល​រៀបចំ​បាន​យ៉ាង​ល្អ



ប្រធានាធិបតី​អាមេរិក​លោក Donald Trump កាលពី​ថ្ងៃ​ចន្ទ​ បាន​ស្វះស្វែង​បញ្ចប់​នូវ​ភាពភ័យខ្លាច​អំពី​ការដកខ្លួន​របស់​អាមេរិក​ចេញពី​ប្រទេស​ស៊ី​រី​ ដោយ​និយាយថា ការប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម​មិនទាន់​ចប់​ទេ​ហើយ​ការ​ដកខ្លួន​នេះ​នឹង​ត្រូវបាន​ធ្វើឡើង​ដោយ​ប្រុងប្រយ័ត្ន​។​

លោក​Trump បាន​បង្ហោះ Twitter ថា “​យើង​នឹង​ចាកចេញ​ក្នុង​ល្បឿន​ដ៏​ត្រឹមត្រូវ​មួយ​ស្របពេល​ជាមួយនឹង​ការបន្ត​ប្រយុទ្ធប្រឆាំង​ក្រុម​ISIS និង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដែល​ប្រុងប្រយ័ត្ន​និង​ចាំបាច់​”​។​

ប្រធានាធិបតី​រូបនេះ​បាន​ស្ថិតនៅក្រោម​សម្ពាធ​ទាំង​ក្នុង​និង​ក្រៅប្រទេស​បន្ទាប់ពី​សេចក្តីថ្លែងការណ៍​មុនៗ​ដែល​បង្ហាញថា គាត់​ចាត់ទុកថា​ក្រុម IS បាន​ចាញ់ហើយ​និង​ថា គាត់​ចង់​ឲ្យ​កងទ័ព​អាមេរិក​ចាកចេញ​ពី​ប្រទេស​ស៊ី​រី​ក្នុងពេល​ឆាប់ៗ​នេះ​។​

សេចក្តីថ្លែងការណ៍​ថ្មី​របស់លោក Trump នេះ​បាន​កើតឡើង​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​មួយ​ដោយ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់លោក​គឺ​លោក John Bolton ទៅកាន់​ប្រទេស​អ៊ីស្រាអែល​ដែល​នៅ​ទីនោះ លោក​បាន​ប្រាប់​លោកនាយក​រដ្ឋមន្ត្រី Benjamin Netanyahu កាលពី​ថ្ងៃអាទិត្យ​ថា ការដក​ទ័ព​នឹងមិន​កើតឡើង​មុនពេល​ក្រុម​ISIS ត្រូវ​កម្ចាត់​ហើយ​មិនអាច​រស់​ឡើងវិញ​បានទេ​។​

ស្របពេល​ជាមួយគ្នា​នោះដែរ នៅក្នុង​ការហៅ​ទូរស័ព្ទ​មួយ លោក Trump និង​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​និយាយ​គ្នា​អំពី​ការប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក​និង​បារាំង​ចំពោះ​ការបំផ្លាញ​ក្រុម​ISIS ព្រមទាំង​ផែនការ​សម្រាប់​ការដក​កងទ័ព​អាមេរិក​ចេញពី​ប្រទេស​ស៊ី​រី​ដោយ​ចេតនា​និង​សម្របសម្រួល​។ ហើយ​មេដឹកនាំ​ទាំងពីរ​បានបញ្ជាក់​សាជាថ្មី​ថា ការប្រើប្រាស់​អាវុធ​គីមី​បន្ថែមទៀត​នៅក្នុង​ប្រទេស​ស៊ី​រី​គឺ​មិនត្រូវ​អត់ឱន​ឲ្យ​ទេ​។​

ចំណែក​រដ្ឋមន្ត្រីក្រសួង​ការ​រប​ទេស​លោក Mike Pompeo​បាន​ថ្លែងថា លោក​បាន​និយាយ​ជាមួយ​មន្ត្រី​បារាំង​។ លោក​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅពេល​លោក​ធ្វើដំណើរ​ទៅកាន់​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​ថា “​យើង​នឹងធ្វើ​ឲ្យ​ប្រាកដថា យើង​នឹង​ដោះស្រាយ​កង្វល់​ដែល​ពួកគេ​មាន​។ មនុស្ស​គ្រប់គ្នា​យល់​អំពី​អ្វីដែល​សហរដ្ឋអាមេរិក​កំពុង​ធ្វើ​”​។​

គួរ​បញ្ជាក់ថា បច្ចុប្បន្ននេះ​កងកម្លាំង​អាមេរិក​ប្រហែល​២,០០០​នាក់​កំពុង​ស្ថិតនៅ​ក្នុងប្រទេស​ស៊ី​រី​សម្រាប់​សង្គ្រាមស៊ីវិល​ដ៏​ស្មុគស្មាញ​មួយ​។ ទាហាន​អាមេរិក​ភាគច្រើន​នៅ​ទី​នោះបាន​ហ្វឹកហ្វឺន​ដល់​កងកម្លាំង​ក្នុង​មូលដ្ឋាន​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម IS៕AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu