អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃសុក្រ បានរិះគន់ចំពោះ “ភាពយឺតយ៉ាវ” នៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសមីយ៉ាន់ម៉ាក្នុងការអនុញ្ញាតឲ្យជនភៀសខ្លួនមូស្លីមរ៉ូហ៊ីងយ៉ាវិលត្រឡប់មកវិញ។ លោកអះអាងថា កង្វះនៃភាពរីកចម្រើនគឺជាប្រភពមួយនៃ “ការខកចិត្តដ៏ធំសម្បើម”។
ជនជាតិរ៉ូហ៊ីងយ៉ាជាង៧២០,០០០នាក់កំពុងរស់នៅក្នុងជំរំក្នុងប្រទេសបង់ក្លាដែសបន្ទាប់ពីពួកគេត្រូវបានបណ្តេញចេញពីរដ្ឋរ៉ាក់ឃីននៃភាគខាងជើងប្រទេសមីយ៉ាន់ម៉ាក្នុងអំឡុងយុទ្ធនាការយោធាឆ្នាំ២០១៧ដែលអង្គការសហប្រជាជាតិពណ៌នាថាជាការបោសសម្អាតជនជាតិភាគតិច។
ប្រទេសមីយ៉ាន់ម៉ាបានព្រមព្រៀងទទួលយកជនភៀសខ្លួនខ្លះត្រលប់មកវិញនៅក្នុងកិច្ចព្រមព្រៀងមួយជាមួយបង់ក្លាដែសប៉ុន្តែអង្គការសហប្រជាជាតិបានទទូចថា សុវត្ថិភាពរបស់ជនជាតិរ៉ូហ៊ីងយ៉ាគឺជាលក្ខខណ្ឌមួយសម្រាប់ការវិលត្រលប់របស់ពួកគេ។
លោក Guterres បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ខ្ញុំមានអារម្មណ៍ខកចិត្តយ៉ាងធំធេងដោយសារតែកង្វះវឌ្ឍនភាពទាក់ទងនឹងប្រទេសមីយ៉ាន់ម៉ានិងការឈឺចាប់របស់ប្រជាជន”។
លោកបាននិយាយថា “យើងទទូចសុំឲ្យមានការបង្កើតលក្ខខណ្ឌសម្រាប់ពួកគេដើម្បីឲ្យមានឆន្ទៈវិលត្រលប់មកវិញ។ អ្វីៗគឺយឺតពេកហើយ”។
នៅខែនេះ រដ្ឋាភិបាលមីយ៉ាន់ម៉ាបានពន្យារពេលដំណើរទស្សនកិច្ចតាមការគ្រោងទុកមួយរបស់ឧត្តមស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) លោក Filippo Grandi ដែលនឹងត្រូវធ្វើដំណើរទៅកាន់រដ្ឋរ៉ាក់ឃីន។
ក្រុមអ្នកការទូតអង្គការសហប្រជាជាតិបាននិយាយថា បេសកជន UN លោកស្រី Christine Schraner Burgener ត្រូវបានគេរំពឹងថានឹងរៀបចំកិច្ចពិភាក្សាក្នុងប្រទេសមីយ៉ាន់ម៉ានៅចុងខែនេះហើយនឹងរាយការណ៍ទៅក្រុមប្រឹក្សាសន្តិសុខអំពីវិធានការនានាដែលត្រូវធ្វើឡើងដើម្បីដោះស្រាយវិបត្តិជនភៀសខ្លួន។
បន្ទាប់ពីកិច្ចប្រជុំបិទទ្វារមួយរបស់ក្រុមប្រឹក្សាស្តីពីបញ្ហាប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃពុធ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់លោក Christoph Heusgen បានថ្លែងថា វឌ្ឍនភាពត្រូវបានកំណត់នៅនឹងកន្លែងហើយថា ក្រុមប្រឹក្សាមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពនេះ៕ AFP
Source: Kampuchea Thmey Daily
0 Comments