ភ្នំពេញ ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ២០១៩នេះ ក្រុមហ៊ុនអចលនទ្រព្យអាម៉ូរី បានសម្ពោធបើកលក់ជាផ្លូវការ គម្រោងដ៏ថ្មីសន្លាងរបស់ខ្លួន ដែលមានឈ្មោះថា “អាម៉ូរី៧មករា”។ ពិធីសម្ពោធនេះ ប្រព្រឹត្តទៅនៅភោជនីយដ្ឋាននាគក្រហម ក្រោមការអញ្ជើញចូលរួមពីសំណាក់ លោក សួន វិរៈតារា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអាម៉ូរី និងភ្ញៀវប្រមាណ១០០នាក់ ដែលជាអតិថិជនសក្តានុពលរបស់ក្រុមហ៊ុន។
លោក សួន វិរៈតារា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអាម៉ូរី បានមានប្រសាសន៍ថា “នៅពេលដែលប្រទេសជាតិមានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រជាជនរបស់យើងក៏នឹងទទួលបាននូវកំណើនសេដ្ឋកិច្ចក្នុងគ្រួសារ ដែលបានជំរុញឲ្យមានកំណើនអ្នកមានជីវភាពធូរធារកើនឡើង។ ដោយហេតុនេះក្រុមហ៊ុន អាម៉ូរី បានឈានជើងរបស់ខ្លួនដើរតួយ៉ាងសំខាន់ជួយដល់ប្រជាពលរដ្ឋទាំងអស់ដែលមានលទ្ធភាពក្នុងការធ្វើវិនិយោគទៅលើវិស័យអចលនទ្រព្យខ្នាតតូច និងមធ្យម។”
ដោយឡែក ចំពោះ គម្រោងដំបូង “អាម៉ូរី ៧មករា” លោកអគ្គនាយកបានប្រាប់ឲ្យដឹងថា ទីតាំងនៃគម្រោងនេះបង្ហាញខ្លួន ស្ថិតនៅចំទីប្រសព្វសក្ដានុពលសេដ្ឋកិច្ច រវាងតំបន់ពាណិជ្ជកម្ម និងលំនៅដ្ឋាន តំបន់អភិវឌ្ឍន៍ដ៏ទៃទៀត ស្ថិតនៅជុំវិញ និងមានដងព្រែកធម្មជាតិ ដែលញុំាំងឲ្យគម្រោងមានទេសភាពដ៏ស្រស់ត្រកាល។
គម្រោងនេះត្រូវបានធ្វើនៅលើផ្ទៃដីចំនួន៣២ហិកតា ស្ថិតនៅតាមបណ្ដោយផ្លូវ៧មករា ដែលតភ្ជាប់ផ្លូវជាតិលេខ៦ ទៅកាន់ផ្លូវលោកឧកញ៉ាលីយ៉ុងផាត់ និងភ្ជាប់បន្ថែមទៅកាន់ផ្លូវជាតិលេខ៥ ដែលពោពេញដោយសក្ដានុពលអភិវឌ្ឍខ្ពស់ និងជាទីប្រជុំជនដ៏កុះករបំផុតក្នុងរាជធានីភ្នំពេញ។
ទីតាំងគម្រោងនេះផងដែរ ក៏មានទីតាំងស្ថិតនៅជិតសួនសត្វសាហ្វារីវើល វិមានឈ្នះ ឈ្នះ ពហុកីឡាដ្ឋានជាតិថ្មី និងគម្រោងបុរីល្បីៗជាច្រើនទៀត។ នៅក្នុងគម្រោងថ្មីនេះ អតិថិជន នឹងទទួលបាននូវការបញ្ចុះតម្លៃដ៏អស្ចារ្យ និងមានការថែមជូនពិសេសមិនធ្លាប់មានជាច្រើនដូចជា ទិញផ្ទះមួយល្វែង ថែមជូនដីមួយឡូត៍ ទិញដីមួយឡូត៍ ថែមជូនមួយឡូត៍បន្ថែមទៀត។
នៅថ្ងៃទី១៩នេះដែរ គម្រោងនឹងធ្វើការលក់ជាដំណាក់កាល ដែលដំណាក់កាលទី១ របស់គម្រោងនឹងផ្តល់ជូនចំនួន៤ជម្រើសដូចជា ៖ ជម្រើសទី១ ដីទំហំ៥មX២០ម ជម្រើសទី២ ដីទំហំ១០មX២០ម ជម្រើសទី៣ ដីទំហំ២០មX៣០ម និងជម្រើសទី៤ ផ្ទះវិឡាកូនកាត់ទំហំ៥មX១២ម។
ក្រុមហ៊ុនក៏ផ្តល់ជូននូវជម្រើសសមស្របជាមួយនឹងតម្លៃដ៏សមរម្យដល់អតិថិជន ដោយផ្តល់នូវការបង់ប្រាក់ដោយគ្មានការប្រាក់រហូតដល់រយៈពេល៣ឆ្នាំ។ ឆ្លងកាត់ការបើកលក់សាកល្បងមួយសប្ដាហ៍កន្លងមកនេះ ក្រុមហ៊ុនបានលក់អស់ប្រមាណ៥០%លើសពីការរំពឹងទុក។
អតិថិជនរបស់អាម៉ូរីបានបង្ហាញពីការសប្បាយចិត្តដោយទទួលបាននូវតម្លៃពិសេស ហើយថែមទាំងទទួលបានការប្រូមូសិនពិសេស ទិញដី១ឡូត៍ ថែមដី១ឡូត៍។
គួរបញ្ជាក់ផងដែរថា អាម៉ូរី គឺជាក្រុមហ៊ុនដែលផ្តល់សេវាកម្មទាំងស្រុងទៅលើវិស័យអចលនទ្រព្យ ដែលរួមមាន ការលក់ និងជួលអចលនទ្រព្យសម្រាប់លំនៅដ្ឋាន និងពាណិជ្ជកម្ម ការលក់គម្រោងវិនិយោគ ការវាយតម្លៃអចលនទ្រព្យ ការស្រាវជ្រាវលើវិស័យអចលនទ្រព្យ និងការពិគ្រោះយោបល់លើវិស័យនេះជាដើម៕
Source: Kampuchea Thmey Daily
0 Comments