រដ្ឋាភិបាលកូឡុំប៊ីកាលពីថ្ងៃសុក្របានស្តីបន្ទោសពួកឧទ្ទាមឆ្វេងនិយម ELN សម្រាប់ការបំផ្ទុះគ្រាប់បែកនៅសាលាប៉ូលិសក្នុងទីក្រុង Bogota ដែលបានសម្លាប់មនុស្សចំនួន២០នាក់ព្រមទាំងអ្នកវាយប្រហារផងដែរហើយបានធ្វើឲ្យប៉ះពាល់ដល់ដំណើរការសន្តិភាព។
ថ្លែងចេញពីវិមានប្រធានាធិបតី រដ្ឋមន្ដ្រីក្រសួងការពារជាតិលោក Guillermo Botero បានពណ៌នាការបំផ្ទុះគ្រាប់បែកក្នុងរថយន្តកាលពីថ្ងៃព្រហស្បតិ៍ថាជាការវាយប្រហារភេវរកម្មដែលបានរៀបចំទុកជាមុនជាយូរមកហើយដោយ ELN ។
ការវាយប្រហារនេះគឺជាឧបសគ្គដ៏ធំមួយចំពោះកិច្ចចរចាសន្តិភាពរយៈពេល២ឆ្នាំជាមួយកងទ័ពរំដោះជាតិ (ELN) ។
បន្ទាប់ពីការវាយប្រហារ លោកប្រធានាធិបតីស្តាំនិយម Ivan Duque ដែលឡើងកាន់តំណែងកាលពីខែសីហាឆ្នាំ២០១៨បានប្រកាសថា គាត់នឹងអនុវត្តដីកាចាប់ខ្លួនសមាជិក ELN ចំនួន១០នាក់ដែលជាផ្នែកមួយនៃគណៈប្រតិភូរបស់ក្រុមនេះក្នុងកិច្ចចរចានៅប្រទេសគុយបាហើយបាននិយាយថា គាត់កំពុងដកហូតសេចក្តីសម្រេចបង្កើតលក្ខខណ្ឌដែលអនុញ្ញាតឲ្យពួកគេស្នាក់នៅក្នុងប្រទេសនោះ។
ស្នងការសន្តិភាពរបស់ប្រទេសកូឡុំប៊ីលោក Miguel Ceballos បានប្រាប់ក្រុមអ្នកកាសែតថា “រដ្ឋាភិបាលជាតិដឹងនិងយល់ថា ELN គ្មានឆន្ទៈដើម្បីសន្តិភាពទេ”។
លោក Botero បានប្រាប់សន្និសីទសារព័ត៌មានដដែលថា លោកមាន “ភ័ស្តុតាងពេញលេញ” ដែលថា អ្នកបំផ្ទុះគ្រាប់បែកដែលត្រូវបានគេកំណត់អត្តសញ្ញាណថាមានឈ្មោះ Jose Aldemar Rojas Rodriguez អាយុ៥៦ឆ្នាំគឺជាសមាជិករបស់ ELN អស់រយៈពេលជាង២៥ឆ្នាំមកហើយ។
ប៉ូលិសបាននិយាយថា លោក Rojas បានបើករថយន្តភីកអាប់ម៉ាក Nissan ផ្ទុកដោយគ្រឿងផ្ទុះចូលទៅក្នុងបរិវេណសាលាប៉ូលិសដោយសំដៅទៅលើប៉ុស្តិ៍ត្រួតពិនិត្យយានយន្តហើយបានបុកចូលទៅក្នុងអគារអន្តេវាសិកដ្ឋានមួយមុនពេលវាផ្ទុះ។
គ្រឿងផ្ទុះប្រហែល៨០គីឡូក្រាមត្រូវបានប្រើប្រាស់ដើម្បីបំផ្ទុះដែលការផ្ទុះនោះក៏បានធ្វើឲ្យមនុស្សចំនួន៦៨នាក់រងរបួសផងដែរ។ មនុស្សដប់នាក់នៅតែកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យកាលពីថ្ងៃសុក្រ។
លោក Botero បាននិយាយថា នៅក្នុងដំណាក់កាលនៃការស៊ើបអង្កេតរបស់ប៉ូលិស គ្មានភ័ស្តុតាងណាបង្ហាញថាអ្នកវាយប្រហារចង់ធ្វើអត្តឃាតទេហើយប្រហែលជាចង់បំផ្ទុះគ្រាប់បែកជាមួយនឹងឧបករណ៍អេឡិចត្រូនិក៕ AFP
Source: Kampuchea Thmey Daily
0 Comments