ស្ទឹងត្រែង ៖ ឈើគ្រញូងជាប្រភេទឈើកម្រនៅសេសសល់ មួយដើមក្នុងចម្ការអ្នកភូមិ ដែលមានប្រវែងរហូតដល់ទៅជាង 20 ម៉ែត្រចុងក្រោយ ត្រូវបានគេកាប់ផ្តួល កាត់ជាកង់ៗចំនួន 6 កង់ដែលមានប្រវែង 4 ម៉ែត្រៗ ហើយត្រូវបានសមត្ថកិច្ច ជំនាញខេត្តស្ទឹងត្រែង ចុះរឹបអូសយកមករក្សាទុក ជាសម្បត្តិរដ្ឋ។
ឈើគ្រញូងខ្នាតយក្សមួយដើមនេះ ត្រូវគេកាប់ផ្តួលកាលពីថ្ងៃទី 26 ខែកុម្ភៈ ឆ្នាំ 2019 ស្ថិតនៅក្នុងដី ចម្ការអ្នកភូមិចំការលើ ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ឈើគ្រញូងមួយដើមនេះ មានឈ្មួញមកទាក់ទងរកទិញ ហើយត្រូវបានម្ចាស់ចម្ការកាត់ជា៦កំណាត់ ក្នុង១កំណាត់មានប្រវែង៤ម៉ែត្រ និងមានមុខកាត់ ខាងចុង ៦០សង់ទីម៉ែត្រ និងខាងគល់ ៨០សង់ទីម៉ែត្រ។ ឈើគ្រញូងនេះ ត្រូវបានឈ្មួញមួយក្រុម ទៅចរចាទិញក្នុងតម្លៃខ្ពស់ ប៉ុន្តែបានបែកការដល់សមត្ថកិច្ច ហើយអភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានបញ្ជាសមត្ថកិច្ចមូលដ្ឋាន មានកម្លាំងយោធា និងនគរបាល ដឹកនាំដោយលោក វ៉ា សុខា នាយផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់ ចុះរឹបអូសយកមកកាន់ខេត្តស្ទឹងត្រែង។
បន្ទាប់ពីសមត្ថកិច្ចចុះទៅដល់ទីតាំងដើមគ្រញូង ម្ចាស់ចម្ការបានរត់គេចខ្លួន ដោយភ័យខ្លាចសមត្ថកិច្ចចាប់ខ្លួន។ ឈើគ្រញូង១ដើមនេះ មានប្រវែងជាង២០ម៉ែត្រ មិនសូវល្អ ធំវែង តែប្រហោងខាងក្នុង មិនសូវមានតម្លៃនោះទេ អាចយកមកតាំងគ្រាន់អោយក្មេងជំនាន់ក្រោយបានស្គាល់ព្រោះបច្ចុប្បន្នឈើទាំងនេះ ត្រូវបានបាត់បង់អស់ទៅហើយ។
ឈើគ្រញូងមួយដើមនេះ ត្រូវបានប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការ លើកឡើងថា គួរតែទុកជាសម្បត្តិរដ្ឋ ដែលនៅសេសសល់ ទុកគ្រាន់ក្មេងជំនាន់ក្រោយបានស្គាល់ តែពេលនេះត្រូវបានគេកាប់ផ្ដួលរំលំ និងកាត់ជាកង់ៗបម្រុង ដឹកយកទៅកាន់ទីផ្សារ តែត្រូវបានសមត្ថកិច្ចជំនាញធ្វើការចុះបង្ក្រាប។
បច្ចុប្បន្នឈើគ្រញូងមួយដើមដ៏ធំកម្របានឃើញ ធំវែងប្រវែងជាង 20 ម៉ែត្រត្រូវបានសមត្ថកិច្ចជំនាញស្រុកថាឡាបរិវ៉ាត់ ចុះធ្វើការរឹបអូសនិងធ្វើការដឹកជញ្ជូនមកកាន់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តដើម្បីចាត់ការទៅតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments