ភ្នំពេញ ៖ ពិតជាដល់ពេលកំណែទម្រង់មែនហើយ អភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន ដែលដាក់ចេញនៅក្នុងអាណត្តិទី៦នេះ រួមមាន ទី១, ឆ្លុះកញ្ចក់ ទី២, ងូតទឹក ទី៣, ដុសក្អែល ទី៤, ព្យាបាល និងទី៥, វះកាត់ ហើយដែលថ្មីៗនេះ បានលុបឈ្មោះលោក គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ចេញពីក្រមខណ្ឌនៃកងយោធពលខេមរភូមិន្ទ ហើយពេលនេះ សម្តេចបានបញ្ជាឲ្យសិក្សាដកមេបញ្ជាការយោធាខេត្តព្រះសីហនុមួយរូប និងអភិបាលរងខេត្ត២រូបទៀតចេញពីតំណែង ពាក់ព័ន្ធករណីបង្ក្រាបពលរដ្ឋតវ៉ារឿងដីធ្លី ឈានដល់ការប្រើអំពើហិង្សាកាលពីថ្មីៗនេះ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចេញបញ្ជាឲ្យសិក្សាដកមេបញ្ជាការយោធាខេត្តព្រះសីហនុ និងអភិបាលរងខេត្ត២រូបទៀតចេញពីតំណែងនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រចាំឆមាសរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅវិមានសន្តិភាព នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នេះបើតាមការបង្ហើបរបស់មន្ត្រីមួយរូបដែលបានចូលរួមកិច្ចប្រជុំនោះ។
មន្ត្រីរូបនោះថ្លែងថា នៅក្នុងកិច្ចប្រជុំប្រចាំឆមាសរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យធ្វើការសិក្សា ដើម្បីឈានដល់ការដកមេយោធាខេត្តព្រះសីហនុ លោក សាវិន វិបុល និងអភិបាលរងខេត្ត២នាក់ទៀត ពាក់ព័ន្ធនឹងអនុវត្តសាលដីការឿងដីធ្លី ក្លាយជាអំពើហិង្សា មានរបួសធ្ងន់ស្រាល កាលពីពេលថ្មីៗកន្លងទៅនេះ ហើយសម្តេចតេជោ ក៏បានបញ្ជាយ៉ាងដាច់ណាត់ មិនអនុញ្ញាតឲ្យយកកងទ័ព ដែលមិនមែនជាមន្ត្រីអនុវត្តច្បាប់ ទៅអនុវត្តសាលដីកាឡើយ បើមាន គឺដកមេចោលតែម្តង។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ មានមានអំពើហិង្សាមួយបានកើតឡើង ខណៈពេលអាជ្ញាធរ និងព្រះរាជអាជ្ញាបានចុះអនុវត្តសាលដីកា លើករណីដីធ្លី នៅភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលការអនុវត្តពេលនោះ ត្រូវបានមន្ត្រីអះអាងថា មានកម្លាំងយោធាចូលរួមយ៉ាងច្រើនផងដែរ ហើយសកម្មភាពបង្ក្រាបដោយហិង្សា របស់កងកម្លាំងចម្រុះខេត្តព្រះសីហនុ នាពេលនោះ គឺបានកើតឡើងបន្ទាប់ពីក្រុមប្រជាពលរដ្ឋ បានប្រមូលផ្តុំគ្នាតវ៉ាដុតកង់ឡាន គប់ដុំថ្ម និងគប់ដបសាំងទៅលើកម្លាំងសមត្ថកិច្ច ដែលឲ្យចុះទៅអនុវត្តសាលដីការបស់តុលាការកំពូល ក្រោមការបញ្ជាផ្ទាល់អភិបាលរងខេត្ត គឺលោក ផៃ ប៊ុនវណ្ណៈ និងក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលដំបូងខេត្ត គឺលោក ហួត វិចត្រ។
ពាក់ព័ន្ធនឹងគ្រាប់កាំភ្លើងបាញ់ត្រូវមនុស្សនេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ធ្លាប់បានឆ្លើយដាក់បន្ទុកទៅភាគីទី៣ ដែលមិនដឹងជានរណា និងនៅទីណាពិតប្រាកដ ចំណែកអភិបាលរងរបស់លោកវិញ គឺលោក ផៃ ប៊ុនវណ្ណៈ បានអះអាងថា គ្រាប់កាំភ្លើងនេះបានធ្លាក់ពីលើមេឃ ហើយមកត្រូវមនុស្ស។ ប្រតិបត្តិការរឹបអូសដីរដ្ឋពីរាស្ត្រ យកទៅឲ្យឧកញ៉ា ស៊ីវ គង់ទ្រីវ នេះ អ្នកតាមដានបានសង្កេតឃើញថា គឺលោក សៀង សុខ ព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រះសីហនុ ជាអ្នកចេញមុខដឹកនាំកម្លាំងចម្រុះ។
ករណីតវ៉ាបិទផ្លូវ និងប្រឈមមុខដាក់គ្នារវាងប្រជាពលរដ្ឋ និងក្រុមសមត្ថកិច្ចខេត្តព្រះសីហនុនេះ បានកើតឡើងម្តងរួចមកហើយ កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ដែលពេលនោះប្រជាពលរដ្ឋប្រមាណ២០០នាក់ បានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងមន្ត្រីសុរិយោដីមកពីក្រសួងរៀបចំដែនដី និងមន្ត្រីពាក់ព័ន្ធនៅក្នុងខេត្ត រួមមានមន្ត្រីកងរាជអាវុធ និងនគរបាលខេត្តជាច្រើននាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ ដឹកនាំដោយលោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ បានព្យាយាមវាស់វែងដី ដើម្បីធ្វើប្លង់កម្មសិទ្ធិឲ្យទៅលោកស្រីឧកញ៉ា ហុង សួន និងឧកញ៉ា ស៊ីវ គង់ទ្រីវ ដោយសំអាងថា ដីតំបន់ដែលប្រជាពលរដ្ឋកំពុងរស់នៅនេះ គឺជាដីស្ថិតនៅក្នុងប្លង់កម្មសិទ្ធិឯកជន។
នាពេលនោះ ផ្ទះសម្បែងរាប់រយខ្នង សង់ពីឈើ និងសង់ពីបេតុង រួមទាំងរបងព្រំដីធ្វើពីឈើ និងបេតុង រាប់សិបកន្លែង ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុ ប្រើគ្រឿងកាយរុញបំផ្លាញចោលរាបដល់ដី ខណៈប្រជាពលរដ្ឋជាម្ចាស់ផ្ទះស្រែកទ្រហោយំទ្រហឹងអឺងកង រីឯអ្នកខ្លះទៀតរត់ចោលភូមិដ្ឋាន ដោយសារខ្លាចអាជ្ញាធរខេត្តចាប់ដាក់គុក។ ប្រជាពលរដ្ឋរងគ្រោះ នៅតំបន់ពយម៉ាចូវ បានអះអាងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ថា ពួកគាត់កំពុងរស់នៅលើដីសាធារណៈរបស់រដ្ឋ គឺមិនមែនរស់នៅលើដីកម្មសិទ្ធិបុគ្គលណាម្នាក់ឡើយ ដូច្នេះប្រសិនបើរដ្ឋបាលខេត្តព្រះសីហនុ បន្តបណ្តេញពួកគាត់ដោយហិង្សាម្តងទៀត ដើម្បីយកដីប្រគល់ទៅឲ្យលោកស្រីឧកញ៉ា ហុង សួន ភរិយារបស់លោកឧកញ៉ា ស៊ីវ គង់ទ្រីវ ពួកគាត់មិនព្រមចេញឡើយ ព្រោះគាត់មិនមែនជាគូវិវាទនៅក្នុងសាលដីការបស់តុលាការកំពូលឡើយ ដោយបន្តបោះតង់ស្នាក់នៅជាបន្តទៀត ស្របពេលដីមានទំហំធំៗនៅក្បែរនេះ សុទ្ធសឹងជាកម្មសិទ្ធិរបស់ឈ្មួញមានលុយ និងដីខ្លះជាកម្មសិទ្ធិរបស់មន្ត្រីមានអំណាច អាចបន្តកាន់កាប់បាន ចំណែកពួកគាត់ គឺជាជនរងគ្រោះ។
ទាក់ទងបញ្ហានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានមានប្រសាសន៍ កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ ដោយធ្វើការព្រមានចំពោះអាជ្ញាធរខេត្តព្រះសីហនុ ដែលចុះអនុវត្តដីការរបស់តុលាការ ហើយប្រើកម្លាំងយោធា ដែលជារឿងខុសធ្ងន់។ សម្តេចបានអះអាងថា ការអនុវត្តដីកា មិនអាចប្រើកម្លាំងយោធាបានទេ គេប្រើកម្លាំងប៉ូលិស កម្លាំងអាវុធហត្ថ ហើយសម្តេចថា បញ្ហានេះ ធ្លាប់បានកើតមាននៅ២ខេត្តហើយ គឺមួយទៀតនៅខេត្តក្រចេះ។
សម្តេចក្រឡាហោមបញ្ជាក់យ៉ាងនេះថា “យើងជាអ្នកអនុវត្តច្បាប់ ត្រូវតែចេះច្បាប់ ហើយបើយើងអ្នកអនុវត្តច្បាប់ មិនចេះច្បាប់ មិនត្រូវទេ ហើយបើយើងអ្នកអនុវត្តច្បាប់ ទៅការពារអ្នកខុស វាមិនមែនជាអ្នកច្បាប់ទេ តែវាជាអ្នកការពារបុគ្គលខុស។ មហាផ្ទៃ គឺនិយាយអំពីច្បាប់ បើមិនបានគិតច្បាប់ជាមុនទេ គឺខុសឥឡូវ ឧទាហរណ៍ដូចនៅខេត្តព្រះសីហនុ ថ្ងៃមុននេះ ដោះស្រាយរឿងដី ចង់និយាយថា យើងជាអ្នកច្បាប់ រដ្ឋបាលផង ជាអ្នកច្បាប់ផង ត្រូវតែដឹង គាត់យកកម្លាំងអនុវត្តច្បាប់ នគរបាល ប៉េអិមត្រូវហើយ តែគាត់ទៅយកកម្លាំងយោធាខុស ខុសហើយ គេមិនយកកម្លាំងយោធាទៅអនុវត្តដីកាទេ រឿងកើតនៅក្រចេះមួយ នៅខេត្តព្រះសីហនុមួយ ចឹងមានន័យថា យើងរដ្ឋបាលខេត្តប៉ុណ្ណាណី យើងអត់ដឹងច្បាប់ នេះប្រយ័ត្នខេត្តផ្សេងទៀត យកកម្លាំងយោធាទៅអនុវត្តទៀត ខុសទៀត មន្ត្រីអនុវត្តច្បាប់មានតែនគរបាល កងរាជអាវុធហត្ថ និងព្រះរាជអាជ្ញា ហើយរឿងមិនទាន់ចាំបាច់ត្រូវតែធ្វើផង ខ្ញុំនិយាយច្រើនដងហើយ យើងមិនធ្វើខុស តែបើធ្វើខុសច្បាប់ វាកាន់តែខុសទៅទៀត”។
ករណីនៅខេត្តព្រះសីហនុនេះ មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុម្នាក់ ត្រូវបានបញ្ឈប់ពីការងារ និងបណ្តេញចេញពីក្របខណ្ឌ កងរាជអាវុធហត្ថជាតិ ក្រោយពីគណៈកម្មការចំពោះកិច្ចរកឃើញថា បានប្រើអំពើហិង្សាខុសវិន័យធ្ងន់ធ្ងរ ដោយធាក់ទ្រូងបុរសម្នាក់ ជាអ្នកតវ៉ាជំទាស់នឹងការអនុវត្តសាលដីកាតុលាការកំពូល ដែលសម្រេចផ្តល់ដីទំហំជាង៧០ហិកតា ស្ថិតនៅចំណុចពយម៉ាចូវ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឲ្យលោកឧកញ៉ា ស៊ីវ គង់ទ្រីវ ខណៈប្រជាពលរដ្ឋរាប់រយគ្រួសារកំពុងតែរស់នៅ និងអាស្រ័យផល នេះបើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធលើផ្ទៃប្រទេស៕
Source: Kampuchea Thmey Daily
0 Comments