ភ្នំពេញ ៖ ដើម្បីតបស្នង និងការខិតខំប្រឹងប្រែង យ៉ាងច្រើនទាំងលើផ្នែកហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ផ្នែកឧតុនិយម និងការបណ្តុះបណ្តាលធនធានមនុស្ស ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើសុំគ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ ពី ព្រះមហាក្សត្រ បំពាក់ជូនលោក Philippe STEINMETZ នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ពិធីបំពាក់គ្រឿងឥស្សរិយយស បានធ្វើឡើងនាព្រឹកថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូត សាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។
នាឱកាសនោះ លោករដ្ឋមន្ត្រី បានលើកឡើងអំពីទំនាក់ទំនងដ៏យូរលង់រវាងកម្ពុជាជាមួយសាធារណរដ្ឋ បារាំង ហើយជាពិសេសលើទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងក្រសួងធនធានទឹក និង ឧតុនិយម ជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ដែលក្នុងពេលកន្លង ក៏ដូចជាបច្ចុប្បន្ន គឺភាគីបារាំងពិសេសទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានជួយដល់ក្រសួងយ៉ាងច្រើនទាំងលើផ្នែកហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ផ្នែកឧតុនិយម និងការបណ្តុះបណ្តាលធនធានមនុស្ស។
យោងលើស្នាដៃ និងសមិទ្ធផលទាំងអស់នេះហើយ ដែលព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ ជូនដល់លោក Philippe STEINMETZ តាមសំណើរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងនាមប្រទេសបារាំងលោកស្រីបានបញ្ជាក់ថា ជាការពិតហើយដូចដែលលោករដ្ឋមន្ត្រីបានលើកឡើងប្រទេសបារាំង និងកម្ពុជា គឺមានទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការគ្នា ដ៏យូរលង់ ហើយការទទួលនូវគ្រឿងឥស្សរិយយសរបស់លោក Philippe STEINMETZ នៅពេលនេះ គឺជាសក្ខីភាពមួយ ដែលបញ្ជាក់ថា កម្ពុជា និងបារាំងនៅតែបន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាបន្ថែមទៀត។
លោក Philippe STEINMETZ នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំប្រទេសកម្ពុជា បានសំដែងនូវមនោសញ្ចេតនារំភើបរីករាយយ៉ាងក្រៃលែង ដែលលោកមានកិត្តិយសបានទទួលនូវគ្រឿងឥស្សរិយយស នៅពេលនេះ ហើយលោកក៏សូមថ្លែងនូវអំណរគុណ ចំពោះ លោក រដ្ឋមន្ត្រី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសូមអរព្រះគុណចំពោះ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស ដល់រូបលោកនៅពេលនេះ ហើយរូបលោកក្នុងនាមជានាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) នឹងនៅតែបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អបន្ថែមទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា ជា ពិសេសជាមួយក្រសួងធនធានទឹក និងឧតុនិយម៕
Source: Kampuchea Thmey Daily
0 Comments