ទូរទស្សន៍ BBC បានស្នើសុំឲ្យសេតវិមានពិនិត្យមើលការរៀបចំសន្តិសុខឡើងវិញ កាលពីថ្ងៃអង្គារបន្ទាប់ពីអ្នកកាន់កាមេរ៉ារបស់ BBC ម្នាក់ត្រូវបានគេវាយដុំនៅឯការជួបជុំមួយក្នុងរដ្ឋ តិចសាស់ ជាមួយលោកប្រធានាធិបតី Donald Trump។
អ្នកថតរូប Ron Skeans របស់សារជីវកម្មផ្សព្វផ្សាយព័ត៌មានចក្រភពអង់គ្លេសត្រូវរងការវាយប្រហារដោយអ្នកគាំទ្រលោក Trump ម្នាក់ដែលស្រែកពាក្យស្លោកប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយក្នុងអំឡុងពេលនៃការជួបជុំរបស់ប្រធានាធិបតីអាមេរិកនៅទីក្រុង El Paso កាលពីល្ងាចថ្ងៃចន្ទ។
ដូចដែលគាត់ធ្លាប់ធ្វើនៅឯការប្រមូលផ្តុំភាគច្រើនដែរ, លោក Trump បានលើកទឹកចិត្តឲ្យហ្វូងមនុស្សស្រែកសម្តែងការមិនពេញចិត្តដាក់អ្នកកាសែតដែលផ្សាយអំពីព្រឹត្តិការណ៍នេះដោយចោទប្រកាន់ពួកគេថា “ផ្សាយព័ត៌មានក្លែងក្លាយ”។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់លោក Trump គឺលោកស្រី Sarah Sanders បាននិយាយថា លោកប្រធានាធិបតីថ្កោលទោសរាល់អំពើហឹង្សាប្រឆាំងនឹងបុគ្គលឬក្រុមមនុស្សរួមទាំងសមាជិកនៃសារព័ត៌មានមាន។ លោកស្រីបាននិយាយថា “យើងសុំឲ្យអ្នកដែលចូលរួមក្នុងពិធីនេះធ្វើអ្វីដោយសន្តិវិធីនិងការគោរព”។
លោក Skeans មិនមានរងរបួសអ្វីទេហើយអ្នកវាយប្រហារដែលពាក់មួក “Make America Great Again” ត្រូវបានឃាត់ខ្លួនដោយអ្នកសរសេរប្លុកម្នាក់សម្រាប់គេហទំព័រ Frontline America។
លោក Paul Danahar បណ្ណាធិការព័ត៌មានប្រចាំអាមេរិករបស់ BBC បាននិយាយនៅក្នុងការបង្ហោះ Twitter មួយថា លោកបានស្នើសុំឲ្យលោកស្រី Sanders ពិនិត្យមើលឡើងវិញនូវការរៀបចំសន្តិសុខក្រោយការវាយប្រហារកាលពីយប់មិញ។
លោក Danahar បាននិយាយថា “ការចូលទៅក្នុងតំបន់យកព័ត៌មានគឺមិនត្រូវបានត្រួតពិនិត្យទេ។ គ្មាននរណាម្នាក់នៅក្នុងមន្ត្រីអនុវត្តន៍ច្បាប់បានចូលធ្វើអន្តរាគមន៍ឡើយមុនពេល អំឡុងពេលឬក្រោយពេលនៃការវាយប្រហារ”។
លោក Danahar បាននិយាយថា “មិនមានសកម្មភាពឆាប់រហ័សពីភ្នាក់ងារសន្តិសុខណាមួយដើម្បីការពារឬបង្អាក់ការវាយប្រហារនេះទេ”៕ AFP
Source: Kampuchea Thmey Daily
0 Comments