វេបសាយស៊ើបអង្កេត Bellingcat បានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា បុរសទី៣ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងការបំពុលអតីតចារកម្មរុស្ស៊ីលោក Sergei Skripal នៅប្រទេសអង់គ្លេសកាលពីឆ្នាំមុនគឺជាភ្នាក់ងារចារកម្មយោធាជាន់ខ្ពស់របស់រុស្ស៊ី។
លោក Skripal អតីតមន្ត្រីក្នុងទីភ្នាក់ងារចារកម្មយោធារុស្ស៊ីដែលបានក្បត់អ្នកស៊ើបការណ៍រាប់សិបនាក់ទៅ MI6 និងកូនស្រីរបស់គាត់ឈ្មោះ Yulia ត្រូវបានគេប្រទះឃើញសន្លប់លើកៅអីក្នុងទីក្រុង Salisburyភាគខាងត្បូងកាលពីខែមីនាឆ្នាំ២០១៨បន្ទាប់ពីត្រូវបានបំពុលជាមួយសារធាតុគីមីបំផ្លាញប្រព័ន្ធប្រសាទថ្នាក់យោធា Novichok។ ក្រោយមកអ្នកទាំងពីរបានជាសះស្បើយ។
ចក្រភពអង់គ្លេសបានចោទប្រកាន់ភ្នាក់ងារស៊ើបការណ៍យោធា GRU រុស្ស៊ីពីរនាក់សម្រាប់ការវាយប្រហារហើយគេហទំព័រ Bellingcat បាននិយាយថា ខ្លួនបានកំណត់អត្តសញ្ញាណភ្នាក់ងាររុស្ស៊ីទី៣ដែលក៏មានវត្តមាននៅចក្រភពអង់គ្លេសផងដែរហើយត្រូវបានសង្ស័យជាប់ពាក់ព័ន្ធ។
គេហទំព័រនេះបាននិយាយថា “ឥឡូវនេះ Bellingcat អាចបង្ហាញពីអត្តសញ្ញាណពិតប្រាកដនិងប្រវត្តិនៃមន្ត្រី GRU រូបនេះដែលបានធ្វើប្រតិបត្តិការជាអន្តរជាតិក្រោមឈ្មោះ Sergey Vyachaeslavovich Fedotov។ ការពិតមនុស្សម្នាក់នេះមានឈ្មោះ Denis Vyacheslavovich Sergeev ដែលជាមន្ត្រីជាន់ខ្ពស់ GRU និងបញ្ចប់ការសិក្សាពីបណ្ឌិតសភាការទូតយោធារបស់រុស្ស៊ី”។
កាលពីខែកញ្ញាឆ្នាំមុន ព្រះរាជអាជ្ញាអង់គ្លេសបានចោទប្រកាន់ជនជាតិរុស្ស៊ី២នាក់ដែលត្រូវបានគេស្គាល់ឈ្មោះក្លែងក្លាយថា Alexander Petrov និង Ruslan Boshirov ពីបទប៉ុនប៉ងធ្វើឃាត។
គេហទំព័រ Bellingcat គឺជាប្រភពដំបូងគេដែលបានកំណត់អត្តសញ្ញាណបុរសទាំងពីរថាមានឈ្មោះ Alexander Yevgenyevich Mishkin និង Anatoly Chepiga ដែលអ្នកទាំងពីរបានធ្វើការឲ្យសេវាចារកម្ម GRU របស់រុស្ស៊ី។
ទោះបីជាយ៉ាងណាក៏ដោយ ការិយាល័យការបរទេសអង់គ្លេសបាននិយាយថា ខ្លួនមិនធ្វើសេចក្តីអត្ថាធិប្បាយភ្លាមៗណាមួយលើរបាយការណ៍របស់គេហទំព័រ Bellingcat នេះទេ៕ REUTERS
Source: Kampuchea Thmey Daily
0 Comments