Ad Code

រាជបណ្ឌិត្យសភាកម្ពុជា​បង្ហាញ​គំរោង​ស្រាវជ្រាវ​«​ការគាំទ្រ​បច្ចេកវិទ្យា​ផលិត​និង​ប្រើប្រាស់​បាយ​អូ​ឆា (BIOCHARS)​ដើម្បី​បង្កើន​ទិន្នផល​កសិក​កម្ម​នៅ​កម្ពុជា​»



ភ្នំពេញ ៖ រាជបណ្ឌិត្យសភាកម្ពុជា​បាន បង្ហាញ​គំរោង​ស្រាវជ្រាវ ស្តីពី «​ការ​គាំទ្រ​បច្ចេកវិទ្យា​ផលិត​និង​ប្រើប្រាស់​បាយ​អូ​ឆា (BIOCHARS)​ដើម្បី​បង្កើន​ទិន្នផល​កសិកម្ម​នៅ​កម្ពុជា​» នា​ព្រឹក​ថ្ងៃទី​១៤​ ខែកុម្ភៈ ​ឆ្នាំ​២០១៩ ​ក្រោម​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​បណ្ឌិត យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​និង​មន្ត្រី​ស្ថាប័ន​ពាក់​ព័ន្ធ​រួម​ទាំង​និស្សិត​មួយចំនួន​ផងដែរ​។



លោក​បណ្ឌិត យង់ ពៅ បាន​មានប្រសាសន៍ថា «​បច្ចេកវិទ្យា​ផលិត​និង​ប្រើប្រាស់​បាយ​អូ​ឆា​(BIOCHARS) គឺ​មាន​សារៈសំខាន់​ណាស់ ដោយ​យក​កាកសំណល់​ទៅ​ផលិត​ជា​បាយ​អូ​ឆា ដែល​ជួយ​ដល់​គុណភាព​ដី​ឲ្យ​បាន​ល្អ​ឡើងវិញ ដែល​ជា​ការ​រួមចំណែក​ជួយ​ដល់​វិស័យ​កសិកម្ម និង ប្រជាជន​នៅ​តាម​ជនបទ​បាន​យ៉ាងច្រើន​។ ទន្ទឹម​នឹង​នោះ ក៏​ជួយ​ដល់​ប្រជា ជន​នៅ​ទីក្រុង​ដែរ ព្រោះ​អ្នក​នៅ​ទីក្រុង ផលិត​សំរាម​ច្រើន​ជាង​គេ ជាពិសេស​សំរាម​ផ្ទះបាយ ដែល​អាច​យក​ទៅ​ផលិត​បាយ​អូ​ឆា​យ៉ាង​ល្អ​។ ឧទាហរណ៍ នៅ​រដូវ​ទុរេន ការពិត​សម្បក​ទុរេន​ទាំងនោះ​គ្រាន់តែ​ជា​កាកសំណល់​តែប៉ុណ្ណោះ ប៉ុន្តែ​បើ​ផលិត​ជា​បាយ​អូ​ឆា នោះ​នឹង​ក្លាយជា​វត្ថុ​មានតម្លៃ​ជាទីបំផុត​»​។ ហេតុនេះ លោក​បណ្ឌិត យង់ ពៅ ស្នើ​ឲ្យ​មានការ​ដោះដូរ​យោបល់​គ្នា​រវាង​អ្នក​ដែល​ចូលរួម​ក្នុង​កម្មវិធី​នេះ ឲ្យ​បាន​កាន់​តែ​ច្រើន​ដើម្បី​ស្វែងរក​ឲ្យ​ឃើញ​រូបមន្ត​ល្អៗ ដើម្បី​ជួយ​ដល់​ប្រទេសជាតិ​យើង​។



ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​បណ្ឌិត​បាន​ប្រកាស​ថា « រាជបណ្ឌិត្យសភាកម្ពុជា មាន​ដៃគូ​វិទ្យាសាស្ត្រ​ជាច្រើន ទាំង​ក្នុងស្រុក និង​អន្តរជាតិ ដែល​អាច​ជំរុញ​ដល់​ការសិក្សា​ស្រាវជ្រាវ​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន ហើយ​រាជបណ្ឌិត្យ សភា​កម្ពុជា​ជំរុញ​និង​បើក​ចំហ​ចំពោះ​ការសិក្សា​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​។ ជាមួយគ្នា​នោះ រាជបណ្ឌិត្យសភាកម្ពុជា​ស្នើ​ឲ្យ​មានការ​ប្រមូល​ផ្តុំគ្នា​បង្កើត​ជា​ស្នាដៃ​ថ្មី ដើម្បី​ជួយ​ដល់​សង្គមជាតិ​ឲ្យ​មាន​ការ​រីកចម្រើន ពីព្រោះ​បើ​យើង​មិន​ប្រឹង​បង្កើត​ស្នាដៃ​ថ្មី​ទេ យើង​បាន​ត្រឹមតែ​បង្អួត​ប្រាង្គ​ប្រាសាទ​ចាស់ៗ ចុះបើ​របស់​ទាំងនោះ​សឹករិចរិល​អស់ តើ​យើង​បាន​អ្វី​ទៅ​បង្អួត​គេ​ទៀត​? ហើយ​បច្ចុប្បន្ន យើង​កំពុង​ប្រើប្រាស់​បច្ចេកទេស​របស់​គេ ដែល​ពេលខ្លះ​បច្ចេកទេស​ទាំងនោះ​មិន​ត្រូវ​នឹង​បរិបទ​របស់​យើង ដូចនេះ​បើ​យើង​មិន​ស្វាគមន៍​ការសិក្សា​ការ​ស្រាវជ្រាវ​រក​ឃើញ​ថ្មីៗ​ទេ សង្គម​យើង​នឹង​ថយក្រោយ​ហើយ ហើយ​យើង​នឹង​រង់ចាំ​ប្រើ​បច្ចេកទេស​របស់គេ​រហូត​»​។



គួរ​បញ្ជាក់​ថា បាយ​អូ​ឆា គឺជា​ផលិតផល​ដែល​បាន​មក​ពី​ការ​ដុត​មិនផ្ទាល់​នូវ​ជីវម៉ាស ឬ​ភាវរស សរីរាង្គ​ដោយ​អុកស៊ីហ្សែន​តិចតួច ​ឬ ​គ្មាន​អុកស៊ីហ្សែន​។​ វិធី​ដែល​ដុត​នេះ​ហៅថា វិធី​Pyrolysis​។​បាយ​អូ​ឆា​មាន​ប្រយោជន៍​ច្រើន​ដូចជា រក្សា​សំណើម​ក្នុង​ដី មិន​ងាយ​ពុក​ផុយ​(​រយៈពេល​រាប់​ឆ្នាំ​)​ជា​ជំរក​របស់​អតិសុខុមប្រាណ បង្កើន​អុកស៊ីហ្សែន​ក្នុង​ដី និង​ធ្វើ​ឲ្យ​ដី​មាន​ជីជាតិ​។​ បាយ​អូ​ឆា​ដែល​សិក្សា​ស្រាវជ្រាវ​នេះ​នឹង​យក​ទៅ​អនុវត្ត​លើ​ដំណាំ​ពីរ​ប្រភេទ រួមមាន​ដំណាំ​ស្ពៃ​ខ្មៅ​និង​ដំណាំ​ពោត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu