អាជ្ញាធរវៀតណាម កំពុងត្រៀមខ្លួនទទួលមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនដែលនឹងមកដល់តាមរថភ្លើងនាសប្តាហ៍ក្រោយនេះ មុនកិច្ចប្រជុំកំពូលរបស់លោកជាមួយប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ។
មេដឹកនាំទាំងពីរគ្រោងនឹងជួបប្រជុំគ្នានៅទីក្រុងហាណូយចាប់ពីថ្ងៃទី២៧ដល់២៨ខែកុម្ភៈបន្ទាប់ពីកិច្ចប្រជុំលើកដំបូងរបស់អ្នកទាំងពីរកាលពីខែមិថុនានៅប្រទេសសិង្ហបុរីដែលបញ្ចប់ទៅដោយការប្តេជ្ញាចិត្តមិនច្បាស់លាស់អំពីការលុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង។
ប្រភពបានប្រាប់ភ្នាក់ងារ AFP ថា លោកគីមត្រូវបានគេរំពឹងថានឹងមកដល់តាមរថភ្លើងមុនពេលកិច្ចប្រជុំតាមការគ្រោងទុកជាមួយលោកត្រាំហើយនឹងទៅធ្វើទស្សនកិច្ចខេត្តចំនួនពីរក្នុងប្រទេសវៀតណាមដើម្បីពិនិត្យមើលការអភិវឌ្ឍសេដ្ឋកិច្ចក្រោយសង្គ្រាមរបស់ប្រទេសនេះ។
ប្រភពមួយដែលជិតស្និទ្ធនឹងការរៀបចំខាងភ័ស្តុភារបានប្រាប់ AFP ថា “យើងកំពុងរៀបចំសម្រាប់ការមកដល់របស់គណៈប្រតិភូកូរ៉េខាងជើងនៅថ្ងៃទី២៥ខែកុម្ភៈ។ យើងកំពុងធ្វើការសម្រាប់ការមកដល់នៅស្ថានីយរថភ្លើង Dong Dang ហើយបន្ទាប់មកបញ្ជូនទៅទីក្រុងហាណូយតាមរថយន្ត”។
ប្រភពនិងប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា លោកគីមត្រូវបានគេរំពឹងថានឹងចូលក្នុងស្ថានីយ Dong Dang តាមផ្លូវមកពីទីក្រុងព្យុងយ៉ាងតាមរយៈទីក្រុងប៉េកាំង។ ប្រភពដឹកជញ្ជូនទីពីរបានបញ្ជាក់ថា រថភ្លើងត្រូវបានគេរំពឹងថានឹងមកដល់នៅល្ងាចថ្ងៃទី២៥ខែកុម្ភៈឬថ្ងៃទី២៦ខែកុម្ភៈ។
នៅក្នុងទង្វើមិនធ្លាប់មានពីមុនមក នាយកដ្ឋានផ្លូវជាតិរបស់ប្រទេសវៀតណាមបាននិយាយកាលពីល្ងាចថ្ងៃសុក្រថា រថយន្តដឹកទំនិញធំៗនឹងត្រូវហាមឃាត់ពីការធ្វើចរាចរណ៍លើផ្លូវដែលតភ្ជាប់ស្ថានីយរថភ្លើង Dong Dang ក្បែរព្រំដែនចិនទៅកាន់ទីក្រុងហាណូយនៅថ្ងៃទី២៥ ខែកុម្ភៈ។
ការហាមឃាត់ទាំងស្រុងលើយានយន្តទាំងអស់តាមបណ្តោយផ្លូវប្រវែង១៧០គីឡូម៉ែត្រមួយនេះនឹងអនុវត្តចាប់ពីម៉ោង៦:០០នាទីព្រឹកដល់ម៉ោង២:០០រសៀលនៅថ្ងៃទី២៦ខែកុម្ភៈដែលមានន័យថា លោកគីមអាចមកដល់នៅថ្ងៃនោះ៕ AFP
Source: Kampuchea Thmey Daily
0 Comments