Ad Code

ប្រទេស​នី​ហ្សេ​រី​យ៉ា ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​ បន្ទាប់ពី​ការ​ពន្យារពេល



ប្រជា​ជននី​ហ្សេ​រី​យ៉ា​បាន​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នៅ​ថ្ងៃ​សៅរ៍​ក្រោយពី​មានការ​ពន្យារពេល​មួយ​សប្តាហ៍​ដែល​បាន​បង្កើន​ភាព​តានតឹង​ផ្នែក​នយោបាយ បង្ក​ឲ្យ​មានការ​អះអាង​អំពី​ការ​សមគំនិត​និង​ជំរុញ​ភាពភ័យខ្លាច​អំពី​អំពើហិង្សា​។​

ស្ថានីយ​បោះឆ្នោត​ចំនួន​១២០,០០០​កន្លែង​ត្រូវបាន​បើក​ចាប់ពី​ទីក្រុង Lagos និង​មជ្ឈមណ្ឌល​ប្រេង Port Harcourt នៅ​ភាគខាងត្បូង​ទៅដល់​ទីក្រុង​បុរាណ Kano នៅ​ភាគ​ខាងជើង​និង​បណ្តា​តំបន់​ជនបទ​របស់​ប្រទេស​នេះ។

លទ្ធផល​ត្រូវបាន​គេ​រំពឹងទុក​ថា​នឹង​ប្រកាស​នៅ​ដើម​សប្តាហ៍​ក្រោយ​ដោយ​អ្នកឈ្នះ​នឹងត្រូវ​គ្រប់គ្រង​ប្រទេសមួយ​នេះ​ដែលមាន​ប្រជាជន​ច្រើន​បំផុត​ក្នុង​ទ្វីបអាហ្វ្រិក​និង​ជា​អ្នក​ផលិត​ប្រេង​ឈានមុខ​គេ​សម្រាប់​រយៈពេល​៤​ឆ្នាំ។

បេក្ខជន​ប្រធានាធិបតី​ឈានមុខ​ពីររូប​គឺមាន​លោក Muhammadu Buhari អាយុ​៧៦​ឆ្នាំ​ដែល​កំពុង​កាន់តំណែង​និង​អតីត​អនុ​ប្រធានាធិបតី​លោក Atiku Abubakar អាយុ​៧២​ឆ្នាំ​។​

អ្នកបោះឆ្នោត​ក៏ត្រូវ​ជ្រើសរើស​សមាជិកសភា​ចំនួន​៣៦០​រូប​និង​សមាជិក​ព្រឹទ្ធសភា​១០៩​រូប​ចេញពី​បេក្ខជន​ចំនួន​៦,៥០០​រូប​ផងដែរ​។​

គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ឯករាជ្យ (INEC) កាលពី​ថ្ងៃ​សៅរ៍​មុន​បានប្រកាស​ពី​ការពន្យារពេល​មួយ​សប្ដាហ៍​ក្នុងការ​បោះឆ្នោត​នេះ​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុនពេល​ចាប់ផ្តើម​ដំណើរការ។

ការពន្យារពេល​នោះបាន​ធ្វើ​ឲ្យ​អ្នកបោះឆ្នោត​មានការ​ខឹងសម្បា​ដោយសារតែ​ពួកគេ​បានធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​និង​ភូមិដ្ឋាន​របស់​ពួកគេ​រួចទៅហើយ​ដើម្បី​ចូលរួម​បោះឆ្នោត​ហើយ​មាន​គណបក្ស​សំខាន់ៗ​បាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​ពីបទ​សម​គំនិត​ជាមួយ INEC ដើម្បី​ក្លែងបន្លំ​សន្លឹកឆ្នោត​។​

ប្រធាន INEC លោក Mahmood Yakubu បានបង្ហាញ​ពី​ទំហំ​នៃ​ភារកិច្ច​ដោយ​ប្រកាសថា បុគ្គលិក​បណ្តោះអាសន្ន​ជាង​៨២៥,០០០​នាក់​ត្រូវបាន​បម្រុង​ទុក​ដើម្បី​ជួយ​រៀបចំ​ការបោះឆ្នោត​។​
​រថយន្ត​ជាង​៨០,០០០​គ្រឿង​និង​ទូក​ជិត​១,០០០​គ្រឿង​ត្រូវបាន​ជួល​ឲ្យ​ដឹក​សន្លឹកឆ្នោត ក្រដាស​លទ្ធផល​និង​សម្ភារៈ​ផ្សេងៗ​ទៀ​តទៅ​និង​មកពី​អង្គភាព​បោះឆ្នោត​៕ AFP

​ 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu