ឧត្តរមានជ័យ ៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង០៨និង០០នាទី នៅសាលាបឋមសិក្សាសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានធ្វើពិធីជួបជុំ និងសំណេះសំណាលជាមួយមាតា បិតា អាណាព្យាបាលសិស្ស ក្រោមអធិបតីភាព លោក អ៊ុន សុភ័ក្រ អភិបាលក្រុងសំរោង។
ពិធីនេះ មានការអញ្ជើញចូលរួមពី លោកអធិការនគរបាលក្រុងសំរោង, លោកចៅសង្កាត់សំរោង មានលោកគ្រូអ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស និងសិស្សានុសិស្ស ចូលរួមសរុបចំនួន ៣១១នាក់/ស្រី ១៨២នាក់។
ក្នុងនោះដែរ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសំរោង២នាក់ ដឹកនាំដោយលោកអនុសេនីយ៍ទោ ទឺ សុបញ្ញា នាយប៉ុស្តិ៍ បានផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និង វេទិកាសាធារណៈបាន១លើក ហើយក៏មានការសំណូមពរពី លោកគ្រូ អ្នកគ្រូ ឲ្យកម្លាំងនគរបាល ចុះជួយសម្រួលចរាចរណ៍នៅពេលសិស្សចេញពីសាលារៀនផងដែរ។
នៅពេលនោះ សមត្ថកិច្ច បានចែកជូននូវ ៖ ខិត្តប័ណ្ណព័ត៌មានបានចំនួន៣១១សន្លឹក លេខទូរស័ព្ទសម្រាប់ទំនាក់ទំនងចំនួន៣១១សន្លឹកទៀតផងដែរ ដើម្បីទាក់ទងរវាងប្រជាពលរដ្ឋ និងសមត្ថកិច្ច ឲ្យទាន់ហេតុការណ៍នៅពេលមានការចាំបាច់ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments