Ad Code

លោក​Guaido ជំទាស់​នឹង​បម្រាម​ធ្វើដំណើរ​ ខណៈ​ជម្លោះ​ស្ដីពី​ជំនួយ​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់



មេដឹកនាំ​គណបក្សប្រឆាំង​វេ​ណេ​ហ្ស៊ូ​អេ​ឡា​លោក​Juan Guaido បាន​អះអាង​ថា យោធា​បាន​ជួយ​គាត់​ប្រឆាំង​នឹង​បម្រាម​ធ្វើដំណើរ​របស់​រដ្ឋាភិបាល​នៃ​លោក​ប្រធានាធិបតី Nicolas Maduro នៅពេលដែល​គាត់​បាន​ចូលរួម​ជាមួយ​មនុស្ស​រាប់​ពាន់​នាក់​លើ​ព្រំដែន​កូឡុំប៊ី​កាលពី​ថ្ងៃ​សុក្រ​សម្រាប់​ការប្រគំ​តន្ត្រី​សប្បុរសធម៌​មួយ​ដើម្បី​ជំរុញ​ការ​ផ្តល់​ជំនួយ​មនុស្សធម៌។

លោក Maduro កំពុង​ព្យាយាម​ទប់ស្កាត់​អាហារ​និង​ឱសថ​ពី​ការចូល​ក្នុងប្រទេស​ខណៈ​ភាព​តានតឹង​លើ​ការផ្គត់ផ្គង់​ជំនួយ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ហើយ​បង្ក​ឲ្យ​មានការ​ថ្កោលទោស​ទាំង​កំហឹង​ពី​សហរដ្ឋអាមេរិក។

លោក Guaido បានធ្វើ​ឲ្យ​លោក Maduro ជួប​ឧបសគ្គ​ខណៈពេល​គាត់​បង្ហាញខ្លួន​ដ៏​ភ្ញាក់ផ្អើល​ក្នុងការ​ប្រគុំ​តន្ត្រី​មួយ​នៅ​ទីក្រុង​ព្រំដែន Cucuta របស់​ប្រទេស​កូ​ឡុំ​ប៊ី​ដោយ​អះអាងថា កងកម្លាំងប្រដាប់អាវុធ​បាន​ចូលរួម​ក្នុង​ដំណើរការ​នេះ​ដើម្បី​ជួយ​គាត់​ឲ្យ​យកឈ្នះ​លើ​បំរាម​ធ្វើដំណើរ​របស់គាត់។

ប៉ុន្មាន​ម៉ោង​ក្រោយមក រដ្ឋាភិបាល​ក្រុង Caracas បាន​និយាយថា ​ខ្លួន​បាន​បិទ​ច្រកព្រំដែន​កូ​ឡុំ​ប៊ី​នៅ​រដ្ឋ Tachira ដោយ​សំអាង​លើ​ការគំរាមកំហែង​ដល់​សន្តិសុខ​របស់​វេ​ណេ​ហ្ស៊ូ​អេ​ឡា​។​

អនុ​ប្រធានាធិបតី Delcy Rodriguez បាន​បង្ហោះ Twitter ថា “​ដោយសារតែ​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​និង​ខុសច្បាប់​ដែល​ប៉ុនប៉ង​ដោយ​រដ្ឋាភិបាល​កូ​ឡុំ​ប៊ី​ប្រឆាំងនឹង​សន្តិភាព​និង​អធិបតេយ្យភាព​នៅ​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា រដ្ឋាភិបាល​វេ​ណេ​ហ្ស៊ូ​អេ​ឡា​បានសម្រេច​ចិត្ត​បិទ​ជា​បណ្តោះអាសន្ន​នៃ​ស្ពាន​ទាំងអស់​ដែល​បង្រួបបង្រួម​ប្រទេស​ទាំងពីរ​នៅ​រដ្ឋ Tachira”។

ការគាំទ្រ​របស់​យោធា​ដ៏​មាន​ឥទ្ធិពល​គឺមាន​សារៈសំខាន់​ខ្លាំងណាស់​ចំពោះ​លទ្ធភាព​ជោគជ័យ​របស់​មេដឹកនាំ​សង្គមនិយម​ប៉ុន្តែ​ការបោះបង់ចោល​គាត់​គឺ​នឹង​ពង្រឹង​ដល់​លោក Guaido វិញ​។​

ការប្រឈមមុខ​ដាក់គ្នា​ដ៏​តានតឹង​លើ​ជំនួយ​បាន​ឆក់យក​ជីវិត​មនុស្ស​ជា​លើកដំបូង​កាលពី​ថ្ងៃ​សុក្រ​នៅពេលដែល​ជនជាតិដើម​ភាគតិច​ពីរ​នាក់​ត្រូវបាន​សម្លាប់​ខណៈ​ព្យាយាម​រារាំង​កងទ័ព​ពី​ការបិទផ្លូវ​ក្រៅផ្លូវការ​ដែល​ឆ្លងកាត់​ព្រំដែន​ប្រេស៊ីល។

ក្រុម​សិទិ្ធ​មនុស្ស​ក្នុងស្រុក​មួយ​ឈ្មោះ Kape Kape បាន​និយាយថា “​ស្ត្រី​ជនជាតិដើម​ភាគតិច​និង​ប្តី​របស់​នាង​ត្រូវបាន​សម្លាប់​ហើយ​មនុស្ស​យ៉ាងតិច​១៥​នាក់​ផ្សេងទៀត​នៃ​សហគមន៍​ជនជាតិដើម Pemon បាន​រងរបួស​”​។​

គួរ​បញ្ជាក់​ថា អំពើហិង្សា​នេះ​ បាន​កើត​ឡើង​នៅ​រដ្ឋ Bolivar ភាគ​អាគ្នេយ៍​ជិត​ព្រំដែន​ប្រទេស​ប្រេ​ស៊ី​ល​ដែល​លោក Maduro បាន​បញ្ជា​ឲ្យ​បិទ​កាលពី​ថ្ងៃ​ព្រហស្បតិ៍៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu