Ad Code

ព្រះរាជអាជ្ញា​ បង្គាប់​ឲ្យ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ បើក​ការស៊ើបអង្កេត លើ​ ឈ្មោះ គង់ ភាសិត និង​បក្ខពួក បន្លំ​ជា​សមត្ថកិច្ច​ទៅ​ជំរិត​លុយ​ពាណិជ្ជករ



ភ្នំពេញ​ ៖ ​ក្រោយពី​ទទួល​ បាន​ពាក្យបណ្ដឹង ពី​ជនរងគ្រោះ ដែល​ត្រូវ​ក្រុម​ជនសង្ស័យ ចូល​គំរាម​ជំរិត​ទារ​លុយ ដល់​ក្រុមហ៊ុន ដោយ​អយុត្តិធម៌​នោះ កាលពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ម្សិលមិញ លោក កែវ សុធា ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​នាយក​ដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បើ​ការស៊ើបអង្កេត ជាបន្ទាន់។

ដីកា​បង្គាប់​ឲ្យ​ស៊ើបអង្កេត​លេខ ៨៨៨ អ​.​យ​.​ក ចុះ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បាន​បង្គាប់​ឲ្យ ប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ បើក​ការស៊ើបអង្កេត​លើ ​ឈ្មោះ គង់ ភាសិត និង​បក្ខពួក ពាក់ព័ន្ធ​នឹង​បទល្មើស បទ រំលោភ​លំនៅដ្ឋាន​ដោយមាន​ស្ថាន​ទម្ងន់​ទោស (​ប្រព្រឹត្ត​ដោយ​អ្នករាជការ​សាធារណៈ​),​បទ ក្លែងបន្លំ​ជា​សមត្ថកិច្ច និង​បទ​កំហែង​យក យោង​តាម​មាត្រា ២៩៩, មាត្រា ៣០០, មាត្រា ៣៦៣, មាត្រា ៣៦៤ នៃ​ក្រមព្រហ្មទណ្ឌ។



ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្គាប់​ឲ្យ ប្រធាន​នាយកដ្ឋាន​ព្រហ្ម​ទណ្ឌ នៃ​ក្រសួងមហាផ្ទៃ បើក​ការស៊ើបអង្កេត​តាមផ្លូវ​ច្បាប់ និង​ត្រូវ​បញ្ជូន​លទ្ធផល​ទៅ​អយ្យការ​អម​សាលាដំបូង​ធានី​ភ្នំពេញ​ឲ្យ​បាន​ឆាប់រហ័ស​។​

សូម​ជម្រាប​ជូន​ថា លោកស្រី ហ៊ឹម សុ​ភ័​ក្រ អគ្គ​នាយិកា​ក្រុមហ៊ុន គ្រួសារ​កក់ក្តៅ បាន​ដាក់​ពាក្យ​បណ្ដឹង​ចូល​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​រក​យុត្តិធម៌ បន្ទាប់ពី​មាន​ក្រុម​ជនសង្ស័យ​មួយ​ក្រុម បន្លំ​ខ្លួន​ជា​សមត្ថកិច្ច ចូល​អុកឡុក​ក្នុង​ឃ្លាំង​ទំនិញ​របស់​លោក​ស្រី​នៅក្នុង​ខណ្ឌ​សែន​សុខ និង​ជំរិត​ទារ​ប្រាក់​លោកស្រី។

យោងតាម​ពាក្យបណ្ដឹង ចុះ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩ លោកស្រី ហ៊ឹម សុ​ភ័​ក្រ បាន​ប្តឹង​ឈ្មោះ គង់ ភាសិត និង​បក្ខពួក ដែលមាន​អាសយដ្ឋាន​ផ្ទះ​លេខ​៧១​អា ផ្លូវ​១៩២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ ពីបទ រំលោភ​លំនៅដ្ឋាន​ដោយមាន​ស្ថាន​ទម្ងន់​ទោស​,​បទ ក្លែងបន្លំ​ជា​សមត្ថកិច្ច និង​បទ​កំហែង​យក​។​



ដើមបណ្ដឹង បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​ប្រហែល​៨​ព្រឹក​ ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ឈ្មោះ គង់ ភាសិត និង​បក្ខពួក បាន​បើក​រថយន្ត ម៉ាក ឡង់​គ្រី​សឺ ពណ៌​ស​កាំ​ម៉ៃ ពាក់​ស្លាក​លេខ ភ្នំពេញ 2BC-5688 ចុះទៅ​ឃ្លាំង​របស់ លោក​ស្រី ហ៊ឹម សុ​ភ័​ក្រ ដោយ​អះអាង​ថា ពួកគេ ជា​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច សម្រុក​ចូល​ក្នុង​ឃ្លាំង និង​បិទទ្វារ និង​ឆែកឆេរ​ឃ្លាំង។

ឈ្មោះ គង់ ភាសិត និង​បក្ខពួក បាន​បង្ខំ​ឲ្យ​បុគ្គលិក ក្រុមហ៊ុន​ទាំងអស់​ចេញពី ឃ្លាំង និង​ទាក់ទង​ទៅ​លោកស្រី ហ៊ឹម សុ​ភ័​ក្រ មក​ចរចា បង់លុយ​សម្រួល​បញ្ចប់​រឿង បើ​មិន​ដូច្នេះ​ទេ ពួកគេ [​គង់ ភាសិត និង​បក្ខពួក​] នឹង​សុំ​ឲ្យ​ព្រះរាជអាជ្ញា ចាប់ខ្លួន​បុគ្គលិក​ទាំងអស់​នៅ​ក្នុង​ឃ្លាំង​។

ក្រុម​ជនសង្ស័យ ត្រូវ​គេ​ស្គាល់​ថា មាន​បុរស​ម្នាក់​ ឈ្មោះ ពិត បញ្ញា ពាក់​អាវយឺត​ពណ៌​ក្រហម ក្រមៅ ដែលជា​អ្នកដឹកនាំ​កម្លាំង សម្រុក​ចូលក្នុង​ឃ្លាំងទំនិញ របស់ លោក​ស្រី ហ៊ឹម សុ​ភ័​ក្រ រួច​ទាញ​ទ្វារ​ឃ្លាំង​បិទ និង​បញ្ជា​ឲ្យ​បុគ្គលិក​ក្រុមហ៊ុន ហៅ​ទូរស័ព្ទ​ហៅ​ទៅ លោកស្រី​ ហ៊ឹម សុ​ភ័​ក្រ ឲ្យ​មក​ចរចា បង់​លុយ ឲ្យ​ពួកគេ​ដើម្បី​បញ្ចប់​រឿង​។​

បន្ទាប់ពី​មេធាវី ការពារ​ក្រុមហ៊ុន ចំនួន​២​នាក់ បាន​ចុះ​ទៅដល់​ឃ្លាំង សួររក​ដីកា​ឆែកឆេរ លិខិត​បញ្ជា​បេសកកម្ម និង​អត្តសញ្ញាណ ពី​ក្រុម​ជនសង្ស័យ ក្រុម​ជនសង្ស័យ​មិនបាន​បង្ហាញ​អ្វី​ទាំងអស់ ដល់​មេធាវី​។​



ក្រុម​ជនសង្ស័យ ថែមទាំង​គំរាម​មេធាវី​វិញ​ថា បើ​មិន​យក​លុយ​មក​បង់​តាម​ការ​ទាមទារ​របស់​ពួកគេ​ទេ ពួកគេ​នឹង​បញ្ជា​ឲ្យ​ព្រះរាជអាជ្ញា​ចុះមក​ចាប់​នៅ​ពេល​រសៀល​ថ្ងៃ​ដដែល​ភ្លាម​។

នៅពេល​ក្រុម​មេធាវី ទាក់ទង​ទៅ​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សាកសួរ​រឿងរ៉ាវ ព្រះរាជអាជ្ញា ប្រាប់​ថា មិនដឹង​រឿង និង​មិនបាន​បញ្ជា​ឲ្យ​ក្រុម​ជនសង្ស័យ​ចុះទៅ​ឃ្លាំង​នោះទេ។

បន្ទាប់ពី​ដឹងថា បែកការ​រឿង​កៀប​ស៊ី​អាជីវករ ដល់​ព្រះរាជអាជ្ញា ភ្លាមៗ ក្រុម​ជនសង្ស័យ ក៏បាន​នាំ​គ្នីគ្នា រត់ឡើង​រថយន្ត​ឡង់​គ្រី​សឺ យ៉ាង​ប្រញាប់ប្រញាល់ ដោយ​ភ្លេច​ទាំង​យក​វិទ្យុ​ទាក់ទង (ID) ចំនួន ១​គ្រឿង ពី​ក្នុង​ឃ្លាំង ទៀត​ផង​។

លោកស្រី ហ៊ឹម សុ​ភ័​ក្រ បានបញ្ជាក់​ក្នុង​ពាក្យបណ្ដឹង​ថា ក្រុមហ៊ុន​ លោកស្រី បានទទួល​ស្គាល់​ដោយ ក្រសួងពាណិជ្ជកម្ម​, ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់ ទើប​អាច​បើក​អាជីវកម្ម ថែមទាំង​រកស៊ី​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹមត្រូវ ប៉ុន្តែ​ក្រុមមន្ត្រី​ជំនាញ​មួយចំនួន​តែងតែ​ចង់​ធ្វើ​ស៊ី​ក្រុមហ៊ុន​របស់លោក​ស្រី ដែល​ជា​ក្រុមហ៊ុន​ក្នុងស្រុក ហាក់បីដូចជា​ចង់​បំផ្លាញ​ក្រុមហ៊ុន​លោកស្រី​ឲ្យ រលាយ​តែម្ដង​។​

សូមបញ្ជាក់ថា ដើម្បី​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​បង្កើត​មុខរបរ​រកស៊ី រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​គោលនយោបាយ​លើកកម្ពស់​សហគ្រាស​ធុន​តូច និង​មធ្យម សំដៅ​បង្កើត​ការ​ការងារ​ជូន​ពលរដ្ឋ និង​បង្កើន​ចំណូល​ជាតិ តាមរយៈ​ការ​បង់ពន្ធ​របស់ សហគ្រិន​។

ក្នុង​គោលបំណង​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ ប្រមុខ​ដឹកនាំ រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ដាក់​ចេញ​នូវ អភិក្រម ចំនួន​៥​រួមមាន ​៖ ឆ្លុះកញ្ចក់​, ងូតទឹក​, ដុសក្អែល​, ព្យាបាល និង​វះកាត់ ដើម្បី​កែប្រែ​ទម្លាប់​របស់​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​ឲ្យ​បញ្ឈប់​រាល់​អំពើ ល្មើសច្បាប់ កៀប​ប្រជាជន និង​សហគ្រិន ស៊ី​ដោយ​ខុសច្បាប់​តទៅទៀត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu