ព្រឹត្តិការណ៍ប្រកួតកីឡាសូហ្វតឺន្នីសពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី ៦ ឆ្នាំ២០១៩ ដែលបានចាប់នៅទីលានសូហ្វតឺន្នីសក្នុងពហុកីឡដ្ឋានជាតិកាលពីថ្ងៃទី០៨កុម្ភៈមកនោះ បានបញ្ចប់នៅព្រឹកថ្ងៃទី១០កុម្ភៈ។
ព្រឹត្តិការណ៍ដែលឧបត្ថម្ភទាំងស្រុងដោយសម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នោះ ត្រូវបាន ក្រុមកីឡាសូហ្វតឺន្នីសក្លិបក្រសួងមហាផ្ទៃ ដណ្តើមយកពានរង្វាន់លេខ១ បានទាំងអស់ ក្នុងចំណោមក្លិបទាំង៦ដែលចូលរួម។
លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង អនុប្រធានទី ១ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់ការប្រកួតឲ្យដឹងថា ការប្រកួតនេះវាបានផ្ដល់នូវបទពិសោធន៍ថ្មីៗបន្ថែមទៀតទៅដល់អត្តពលិករបស់យើងក្នុងការពង្រឹងសមត្ថភាពឱ្យកាន់តែល្អ ហើយគិតមកដល់ពេលនេះសម្ដេចក្រឡាហោមសខេងជាប្រធានសហព័ន្ធបានឧបត្ថម្ភយ៉ាងច្រើនក្នុងការជួយជំរុញឲ្យកីឡាសូហ្វតិន្នីសកម្ពុជាឲ្យមានការរីកចម្រើនយ៉ាងខ្លាំងក្លានិងដណ្តើមបានមេដាយជាបន្តបន្ទាប់នៅលើឆាកអន្តរជាតិ។
ចំពោះលទ្ធផលលើវិញ្ញាសា ដាក់ឲ្យប្រកួតចំនួន៧នោះ ដែលរួមមាន វិញ្ញាសាប្រកួតឯកត្តជនបុរសនារី ,វាយគូបុរសនារី, ឯកត្តជនយុវជនអាយុក្រោម១៨ឆ្នាំ, វាយគូបុរសក្របខ័ណ្ឌក - ខ និងវិញ្ញាសាវាយគូយុវជនអាយុក្រោម១៨ឆ្នាំ គឺសុទ្ធតែបានទៅលើកីឡាករ កីឡាការិនី មកពីក្លិបក្រសួងមហាផ្ទៃទាំងអស់។
ក្នុងនោះ ក្លិបក្រសួងមហាផ្ទៃបានឈ្នះមេដាយមាសទាំង ៧ វិញ្ញាសាទាំងលើការប្រកួតក្របខណ្ឌក១ និងក២ រួមជាមួយមេដាយប្រាក់ចំនួន ៤ និងសំរិទ្ធចំនួន ៥ ទៀត ។នៅក្នុងចំណោមមេដាយមាសទាំង ៧ នោះកីឡាករឆ្នើមកាន់សុភ័ណ្ឌ បានឈ្នះមេដាយមាស២តែម្នាក់ឯង នៅក្នុងការប្រកួតក្របខ័ណ្ឌក១ ។
ចំណែកក្លិបដែលថិតនៅលំដាប់លេខ២ នៅក្នុងការប្រកួតដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោមសខេងលើកទី ៦ នេះ គឺក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានឈ្នះមេដាយប្រាក់ ២ និងសំរិទ្ធ ៤ ,ក្លឹបក្រសួងការពារជាតិបានឈ្នះមេដាយប្រាក់ ១ សំរិទ្ធ២,ក្លិបខេត្តកំពង់ស្ពឺឈ្នះបានមេដាយសំរឹទ្ធ២និងក្លិបជប៉ុនបានឈ្នះមេដាយសំរឹទ្ធ ១ ហើយចំណែកក្លិបខេត្តកំពង់ឆ្នាំងនិងក្លឹបអង្គការមិត្តសំឡាញ់ គឺពុំដណ្ដើមបានមេដាយពីការប្រកួតនេះទេ ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាសូហ្វតឺន្នីសដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី ៦ ឆ្នាំ២០១៩ មាន កីឡាករ កីឡាការិនី ចូលរួមសរុបចំនួន៩០រូប ក្នុងនោះមាន២៥រូបជាកីឡាការិនី។ មានក្លិបចំនួន៦ចូលរួមគឺ ក្លិបក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្លិបខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង អង្គការមិត្តសម្លាញ់ និងក្លិប ជប៉ុន៕
Source: Kampuchea Thmey Daily
0 Comments