Ad Code

កម្ពុជា និងថៃ ត្រៀម​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ស្ពាន​អន្តរជាតិ​ស្ទឹង​បត់​ថ្មី នា​ពេល​ខាង​មុខ



ប៉ោយប៉ែត​ ៖ ​ប្រជាពលរដ្ឋ​ជាច្រើន​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក៏ដូចជា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ផង​ដែរ បាន​អបអរសាទរ​យ៉ាង​ខ្លាំង​ចំពោះ​សមិទ្ធផល​ថ្មី​មួយទៀត​ ដែល​បាន​កើតឡើង​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​ថៃ​ ខណៈ​ដែល​ពួកគាត់​បាន​ឃើញ​ស្ពាន​អន្តរជាតិ​ថ្មី ​ត្រូវ​បាន​កសាង​រួចរាល់​ជា​ស្ថាពរ​ហើយ​នោះ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ ប្រជាពលរដ្ឋ ​និង​ភ្ញៀវ​ជាតិ​ជាច្រើន​តែងតែ​នាំគ្នា​ធ្វើដំណើរ​ទៅ​កម្សាន្ត​នៅ​លើ​ស្ពាន​នោះ​ជា​រៀងរាល់ថ្ងៃ ទៀត​ផង។



តាម​ការ​ឲ្យ​ដឹង​ពី​លោក​គឹម​សុវណ្ណ ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​កម្ពុជា​ថ្មី​តាម​ទូរស័ព្ទ​ថា ស្ពាន​អន្តរជាតិ​ស្ទឹង​បត់​នេះ គឺ​ស្ថិតនៅ​ក្នុងភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយ​ស្ពាន​ស្ទឹង​បត់​ថ្មី​នេះ​បាន​ចាប់ផ្ដើម​កសាងឡើង​កាលពី​ខែ 8 ឆ្នាំ 2017 មកម្ល៉េះ។

លោក​បាន​បន្តទៀតថា​ ស្ពាន​នេះ​មាន​ប្រវែង 620​ម៉ែត្រ​ទទឹង 17​ម៉ែត្រ​ឯណោះ ​ហើយ​ការកសាង​ស្ពាន​នេះ​គឺជា​ជំនួយ​ឥត​ចំណង​ផ្ទាល់​របស់​ប្រទេស​ថៃ សម្រាប់​អោយ​រថយន្ត​ធុន​ធ្ងន់ ​និង​រទេះដឹក​ទំនិញ​ចេញពី​ប្រទេស​ថៃ​មក​កម្ពុជា​និង​ពី​កម្ពុជា​ចូលទៅ​ប្រទេស​ថៃ​វិញ។ ចំពោះ​ការដាក់​សម្ពោធ​អោយ​ប្រើប្រាស់​នោះ គឺ​យើង​មិនទាន់​កំណត់​ថ្ងៃ​បានទេ វា​អាស្រ័យ​ទៅ​លើ​ភាគី​ខាង​ថៃ​ជា​អ្នក​កំណត់​ថា​តើ​ត្រូវ​បើក​ឲ្យ​ដំណើរការ​ស្ពាន​នេះ​នា​ពេល​ណា​នោះ។



ដោយឡែក លោក​សាន​ស៊ាន ហូ​អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃទី​9 ខែកុម្ភៈ ឆ្នាំ 2019​នេះ​ថា ជា​ការពិតហើយ ការធ្វើ​ស្ពាន​អន្តរជាតិ​ស្ទឹង​បត់​ថ្មី​នេះ គឺ​ដើម្បី​សម្រួលការ​ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ​តាម​រថយន្ត​តូចធំ​និង​ប្រទេស​ឲ្យ​មក​ធ្វើចរាចរ​នៅលើ​ស្ពាន​ថ្មី​នេះ​វិញ ហើយ​ស្ពាន​មិត្តភាព​កម្ពុជា​ថៃ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នោះ គឺ​សម្រាប់​ឲ្យ​តែ​ភ្ញៀវ​ជាតិ​អន្តរជាតិ​ធ្វើដំណើរ​ថ្មើរជើង​ទៅមក​តែប៉ុណ្ណោះ ព្រោះ​អី​កន្លងទៅ​យើង​ឃើញថា​មានការ​កកស្ទះ​ជា​ញឹកញាប់​នៅលើ​ស្ពាន​អន្តរជាតិ​ប៉ោយប៉ែត​សព្វថ្ងៃនេះ បើទោះជា​អាជ្ញាធរ​ជួយ​សម្រួល​ឲ្យ​អោយមាន​ការកកស្ទះ​យ៉ាងណាក៏ដោយ ក៏​វា​មិនអាច​ទប់ស្កាត់​ទៅបាន​ដែរ ព្រោះ​អី​ទំនិញ​ចូលមក​ប្រទេស​យើង​ច្រើន​ហួស​ពី​ការ​ស្មាន ហើយ​ម្យ៉ាងទៀត​នោះ​គឺ​ស្ពាន​អន្តរជាតិ​ប៉ោយប៉ែតរ​បស់​យើង​តូច​ហើយ​មានការ​ចង្អៀត​ក្នុងការ​ធ្វើដំណើរ​ទៅមក​ទើប​មានការ​កកស្ទះ​ជាប្រចាំ​បែបនេះ។

លោក​អភិបាលក្រុង​ក្នុងនោះ​លោក​បាន​បន្តទៀតថា​ ដោយសារ​តែមាន​បញ្ហា​កកស្ទះ​បែបនេះហើយ​ទើប​ប្រមុខ​រាជរដ្ឋាភិបាល​ទាំងពីរ​កម្ពុជា​និង​ថៃ​ បាន​ឯកភាពគ្នា​រួចជាស្រេច ​ហើយ​កសាង​ស្ពាន​អន្តរជាតិ​ស្ទឹងបត់​ថ្មី 1 ទៀត​ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ​ទៅមក​ឱ្យបាន​ស្រួល​នោះ។



លោក​អភិបាលក្រុង​ខាងលើ​​​បាន​បញ្ជាក់ទៀតថា ពិត​ហើយ​ការ​កសាង​និង​អភិវឌ្ឍន៍​ព្រំដែន​សន្តិភាព​ថ្មី​របស់​រាជរដ្ឋាភិបាល​កម្ពុជា​សព្វ​ថ្ងៃនេះ គឺ​ពិត​ជា​មាន​ប្រសិទ្ធភាព ដែល​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ទាំងពីរ​ប្រទេស​មានការ​សាទរ​យ៉ាង​ខ្លាំង​បំផុត ជាពិសេស​ពួកគាត់​សប្បាយចិត្ត​ក្នុង​ការ​រកស៊ី​ទទួលទាន​ដោះដូរ​ទំនិញ​ទៅមក​រវាង​ប្រជាពលរដ្ឋ​កម្ពុជា​ និង​ប្រជាពលរដ្ឋ​ជាប់​ព្រំដែន​បាន​ស្រួល​ទៀត​ផង។ ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​ទី 9 ខែ​កុម្ភៈ​ ឆ្នាំ​2019​នេះ គេ​សង្កេតឃើញ​វត្តមាន​របស់​លោក​ជាម​យៀប ប្រធាន​គណៈកម្មការ​ទី២ រដ្ឋសភា ​បាន​មក​ត្រួតពិនិត្យ​ស្ថានភាព​ច្រក​ទ្វារ​អន្តរជាតិ​ចំនួន២ គឺ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត និង​ច្រក​អន្តរជាតិ​ស្ទឹង​បត់​ថ្មី​ដែល​ទើបតែ​កសាង​រួច​ហើយ​នោះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu