កំពង់ស្ពឺ ៖ ក្នុងគោលបំណងដើម្បីជួយបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជានៅតាមភូមិឲ្យកាន់តែប្រសើរឡើងតាមរយៈការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ សាលាខេត្តគ្យុងជី នៃសាធារណរដ្ឋកូរ៉េ បានឧបត្ថម្ភសូឡាស្រូបពន្លឺព្រះអាទិត្យបច្ចេកវិទ្យាចុងក្រោយដល់ប្រជាពលរដ្ឋតាមភូមិមួយចំនួននៅក្នុងប្រទសកម្ពុជា។
ពិធីប្រគល់និងទទួលប្រព័ន្ធសូឡាស្រូបពន្លឺព្រះអាទិត្យតាមផ្ទះចំនួន១៥០ឈុត និងបង្គោលភ្លើងសូឡាបំភ្លឺផ្លូវចំនួន១០បង្គោលដល់សាលាខេត្តកំពង់ស្ពឺ ជាមួយសាលាខេត្តគ្យុងជី អង្គការ អន្តរជាតិក្រៅរដ្ឋាភិបាលហ្គូដភីផលនិងក្រុមហ៊ុនដាវ៉ុននៃសាធារណរដ្ឋកូរ៉េបានធ្វើឡើងកាលពីពេលថ្មីនេះដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរដែនដី និងប្រជាពលរដ្ឋនៅក្នុងឃុំជជ្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
លោក គឹម ឌេហន់ (Daeheon)ប្រធានគម្រោងនៃអង្គការហ្គូដភីផលGood People បានប្រាប់ឲ្យដឹងថា ការផ្តល់ជូនប្រជាពលរដ្ឋ ប្រព័ន្ធសូឡាស្រូបពន្លឺព្រះអាទិត្យតាមផ្ទះដល់ប្រជាពលរដ្ឋកម្ពុជាតាមភូមិ គឺអង្គការហ្គូដភីផលបានធ្វើឡើងតាំងពីឆ្នាំ២០១៧ដោយបានផ្តល់ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិអេកូសម្តេចហ៊ុនសែន ខេត្តព្រះវិហារចំនួន២០០ សូឡា ប្រជាពលរដ្ឋនៅស្រុកប្រាសាទបាគងខេត្តសៀមរាបចំនួន៣០០សូឡានិង ចំនួន១៥០សូឡានិងបង្គោលភ្លើងសូឡាបំភ្លឺផ្លូវចំនួន១០បង្គោលដល់សាលាខេត្តកំពង់ស្ពឺនិងរដ្ឋបាលឃុំជង្រុកក្នុងឆ្នាំ២០១៨ដែលជាឆ្នាំបញ្ចប់គំរោងនាពេលនេះ។
លោក គឹម ឌេហន់ បានឲ្យដឹងបន្ថែមថា ការផ្តល់ជូនដល់ប្រជាពលរដ្ឋនូវប្រព័ន្ធសូឡាស្រូបពន្លឺព្រះអាទិត្យតាមផ្ទះ ជាផ្នែកមួយនៃគម្រោងODA នៅក្នុងប្រទេសកូរ៉េដើម្បីជួយលើកកម្ពស់ជីវភាពប្រជាជននៅតាមភូមិឲ្យកាន់តែប្រសើរឡើងនៅកម្ពុជា។ គម្រោងនេះ ទទួលបានការឧបត្ថម្ភថវិកាពីសាលាខេត្តគ្យុងជីនិងក្រោមកិច្ចសហការពីក្រុមហ៊ុនដាវ៉ុននៃសាធារណរដ្ឋកូរ៉េ តាមរយៈអង្គការអន្តរជាតិក្រៅរដ្ឋាភិបាលហ្គូដភីផល ដែលបានបំពេញការងារអស់ រយៈពេលជាង១០ឆ្នាំកន្លងទៅនេះនៅកម្ពុជា។ បន្ថែមពីការអនុវត្តគម្រោង អង្គការហ្គូដភីផលក៏បានជួយបង្រៀនដល់ប្រជាជនតាមភូមិពីរបៀបនៃការប្រើប្រាស់ប្រពន្ធ័សូឡាស្រូបពន្លឺព្រះអាទិត្យ ដោយសហការជាមួយនិស្សិតវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា(NPIC)ផងដែរ។ជាមួយគ្នានេះអង្គការក៏មានចុះអនុស្សារណៈយោគយល់ជាមួយក្រសួងអប់រំយុវជននិងកីឡាក្នុងកិច្ចសហការអប់រំនិងគាំទ្រដល់កុមារនៅរាជធានីភ្នំពេញ ខេត្តកំពង់ចាមនិងកំពង់ស្ពឺដែលមានជីវភាពក្រីក្រមួយចំនួនឲ្យទទួលបានសិក្សាពីថ្នាក់បឋមសិក្សារហូតដល់ថ្នាក់វិទ្យាល័យ។
លោក ហែម សុគា ពលរដ្ឋរស់នៅឃុំជជ្រុក ស្រុកគងពិសី ដែលបានទទួលសូឡាស្រូបពន្លឺព្រះអាទិត្យ បានឲ្យដឹងថា ប្រព័ន្ធសូឡាស្រូបពន្លឺព្រះអាទិត្យ ឧបករណ៍នេះនៅពេលដែលសាកថ្មពេញ១០០%អាចប្រើប្រាស់បានជាមួយអំពូល៣និងកង្ហារ១រហូតដល់៦ម៉ោង៣០នាទី។ វាជួយសន្សំសំចៃថវិកាច្រើនក្នុងជីវភាពប្រចាំថ្ងៃ៕
Source: Kampuchea Thmey Daily
0 Comments