Ad Code

លោក​Guaido ព្រមាន​យោធា​អំពី​ការរារាំង​ជំនួយ



មេដឹកនាំ​គណបក្សប្រឆាំង​លោក Juan Guaido ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​ប្រទេស​ចំនួន​៥០​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​របស់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ បាន​ព្រមាន​យោធា​កាលពី​ថ្ងៃអាទិត្យ​ថា ការទប់ស្កាត់​ជំនួយ​មនុស្សធម៌​ពី​ការចូល​ក្នុងប្រទេស​នេះ​គឺជា “​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​”​។​

ការព្រមាន​នេះ​បាន​កើតឡើង​ខណៈពេលដែល​ជំនួយ​អន្តរជាតិ​បាន​ឈានដល់​ចំណុច​សំខាន់​នៅក្នុង​ការធ្វើ​តេស្ត​ឆន្ទៈ​រវាង​លោក Guaido និង​លោក​ប្រធានាធិបតី Nicolas Maduro ដែល​ក្នុងនោះ​កងកម្លាំងប្រដាប់អាវុធ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ត្រូវបាន​គេ​មើលឃើញថា​ជា​តួអង្គ​សំខាន់​។​

ថ្នាំពេទ្យ​និង​ស្បៀងអាហារ​ដែល​បញ្ជូន​ដោយ​សហរដ្ឋអាមេរិក​គឺ​ត្រូវបាន​រារាំង​អស់​រយៈពេល​៣​ថ្ងៃ​នៅលើ​ព្រំដែន​ក្នុង​ទីក្រុង Cucuta នៃ​ប្រទេស​កូ​ឡុំ​ប៊ី​បន្ទាប់ពី​ទាហាន​វេ​ណេ​ហ្ស៊ូ​អេ​ឡា​បាន​បិទ​ស្ពាន​មួយ​ដែល​ត​ភ្ជាប់​រវាង​ប្រទេស​ទាំងពីរ​។​

នៅលើ​ព្រំដែន​ខាង​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​, គ្រូពេទ្យ​រាប់សិប​នាក់​បានធ្វើ​បាតុកម្ម​កាល​ពីថ្ងៃ​អាទិត្យ​ដើម្បី​ទាមទារ​ឲ្យ​មានការ​អនុញ្ញាត​ឲ្យ​ជំនួយ​ចូល​។​

លោក Guaido បាន​និយាយថា “​មាន​មនុស្ស​ទទួលខុស​ត្រូវចំ​ពោះ​រឿងនេះ​ហើយ​របប​នេះ​គួរតែ​ដឹង​អំពី​រឿងនេះ​។ នេះ​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​”​។ លោក​បានលើកឡើង​បែបនេះ​បន្ទាប់ពី​បាន​ចូលរួម​ពិធី​មួយ​កាលពី​ថ្ងៃអាទិត្យ​ជាមួយ​ភរិយា​និង​ទារក​អាយុ​២០​ខែ​របស់គាត់​។​

លោក​បាន​ព្រមាន​ថា យោធា​នឹង​ទទួលខុសត្រូវ​ចំពោះ​ការស្លាប់​របស់​ក្រុមអ្នកតវ៉ា​ហើយ​បាន​អះអាង​ជាថ្មី​នូវ​ការអំពាវនាវ​របស់គាត់​សម្រាប់​ការ​ដង្ហែ​ក្បួន​ដ៏​ធំ​មួយ​នៅ​ថ្ងៃ​អង្គារ​ដើម្បី​ចងចាំ​ដល់​មនុស្ស​ប្រមាណ​៤០​នាក់​ដែល​បាន​ស្លាប់​នៅក្នុង​ចលាចល​ចាប់តាំងពី​ថ្ងៃទី​២១​ខែមករា​មក​។​

លោក Guaido បានផ្តល់​ការលើកលែងទោស​ដល់​ស​មា​ជិ​ក​នៃ​កងកម្លាំងប្រដាប់អាវុធ​រូប​ណា​ដែល​រត់​ចេញពី​លោក Maduro ប៉ុន្តែ​មេដឹកនាំ​យោធា​នៅតែ​គាំទ្រ​ជា​សាធារណៈ​ដល់​លោក​ប្រធានាធិបតី​។​

កាលពី​ថ្ងៃអាទិត្យ យោធា​វេ​ណេ​ហ្ស៊ូ​អេ​ឡា​បានប្រកាសថា ខ្លួន​បានចាប់ផ្តើម​ធ្វើ​សមយុទ្ធ​ដែល​នឹង​ដំណើរការ​រហូតដល់​ថ្ងៃទី​១៥​ខែកុម្ភៈ​នៅ​ទូទាំងប្រទេស​ដើម្បី​ពង្រឹងសមត្ថភាព​ការពារ​របស់​ប្រទេស​នេះ​។​

លោក Maduro បាន​ច្រានចោល​ជំនួយ​មនុស្សធម៌​ថា​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព​របស់​អាមេរិក​ដើម្បី​ធ្វើ​អន្តរាគមន៍​នៅក្នុង​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ហើយ​ហៅ​ការដាក់​ពង្រាយ​ជំនួយ​នេះ​ថា​ជា “​ការសម្តែង​នយោបាយ​” និង​បាន​ស្តីបន្ទោស​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​សម្រាប់​ការខ្វះខាត​ស្បៀងអាហារ​និង​ឱសថ​របស់​ប្រទេស​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu