ឧត្តរមានជ័យ ៖ មានករណីលង់ទឹកស្លាប់មួយ បានកើតឡើងកាលពីវេលាម៉ោង១៤និង២៥នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិឈើទាលជ្រំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ជនរងគ្រោះ ដែលលង់ទឹកស្លាប់នោះមាន ឈ្មោះ ថាត ចិន ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ មានប្តី ឈ្មោះ កន កាំង ភេទប្រុស អាយុ៤៥ឆ្នាំ មានកូននៅក្នុងបន្ទុកចំនួន០៤នាក់ ស្រី០២នាក់ ប្រុស២នាក់។
មូលហេតុដែលបណ្តាលឲ្យជនរងគ្រោះលង់ទឹកស្លាប់នោះ ដោយសារទៅរាវខ្ចៅក្នុងទឹកអូរខាងក្រោយផ្ទះ ហើយក៏លង់ទឹកស្លាប់តែម្នាក់ឯង។
ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចយើងបានសហការជាមួយ លោក ចូត ចន ជាប្រធានមណ្ឌលសុខភាព ឃុំផ្អាវ បានចុះទៅពិនិត្យសាកសពជនរងគ្រោះ។
សមត្ថកិច្ចបានឲ្យដឹងថា ការប្រមូលព័ត៌មានជុំវិញកន្លែងកើតហេតុ យោងតាមការបំភ្លឺរបស់ឈ្មោះ ថាត នៅ ភេទស្រី អាយុ៤៥ឆ្នាំ ត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះ និងយោងតាមការបំភ្លឺរបស់ ឈ្មោះ កន កាំង ភេទប្រុស អាយុ៤៥ឆ្នាំ ត្រូវជាប្តី បានឲ្យដឹងថា ជនរងគ្រោះឧស្សាហ៍ផឹកស្រា.ស ជាប្រចាំហើយមានជំងឺសរសៃប្រសាទ ធ្វើទុកម្តងៗទៀតផង ជួនកាលវង្វេង ដើរដេកក្នុងព្រៃក៏មានដែរ និងមានជំងឺស្ពឹកជើង (ជនរងគ្រោះពុំដែលមានជម្លោះជាមួយគ្រួសារ និងអ្នកជិតខាងទេ) ។
ដោយយោងទៅតាមការបំភ្លឺរបស់ ឈ្មោះ កន សុខឡៃ ភេទស្រី អាយុ១០ឆ្នាំ ត្រូវជាកូន បានឲ្យដឹងថា មុនពេលម្តាយរបស់គេ បានប្រើឲ្យរូបគេទៅទិញស្រា.ស ចំនួន១,០០០រៀល (មួយពាន់រៀល) យកមកផឹកអស់ពាក់កណ្ដាល រួចក៏បាននាំខ្លួនទៅរាវខ្ចៅនៅអូរខាងក្រោយផ្ទះ លុះរាវបានមួយសន្ទុះ ម្តាយរបស់ខ្លួន (ជនរងគ្រោះ) បានដេញខ្លួនឲ្យត្រឡប់ទៅផ្ទះមុន ហើយខ្លួនក៏បានទៅផ្ទះមុនទៅ លុះដល់ម៉ោងប្រហែល១៣និង៤០នាទី ទើបដឹងថាម្តាយរបស់ខ្លួនបានលង់ទឹកស្លាប់។
សមត្ថកិច្ចបានពិនិត្យសាកសពបានឲ្យដឹងថា ពុំមានស្លាកស្នាមរបួសនៅលើខ្លួនប្រាណគួរឲ្យសង្ស័យឡើយ។ មានស្នាមរបកស្បែក០១កន្លែង ជាស្នាមឆ្អើរភ្លើង ក្រោយពេលលើកចេញពីក្នុងទឹក។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា សាកសពស្លាប់នៅចន្លោះម៉ោង១១ទៅម៉ោង១២និង០០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។ ក្រោយពីធ្វើការកោសល្យវិច័យរួច ពិនិត្យឃើញថា សាកសពពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។
បច្ចុប្បន្ន សាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments