ភ្នំពេញ ៖ រថយន្តព្រូសពណ៌សមួយគ្រឿង បានទទួលរងការខូចខាត ដោយរួញអស់មួយកំណាត់មុខ ខណៈដែលម្ចាស់របស់វា បើកបររថយន្តមួយគ្រឿងនេះ លឿនដូចព្យុះ ហើយបានជ្រុលចង្កូតទៅបុកខឿនក្រោមស្ពានអាកាសតិចណូយ៉ាងពេញទំហឹងនោះ។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្ពានអាកាស៥មករា (តិចណូ)តាមបណ្តោយផ្លូវសហព័ន្ធរុស្សី កែង និងផ្លូវ២៨៩ ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។
ប្រភពព័ត៌មានពីរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តព្រូសពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2Y-0507 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ផ្លូវក្រោមស្ពានទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ស្តាំដៃមកផ្លូវ២៨៩ ក្នុងល្បឿនលឿន បួងចង្កូតមិនទាន់ជ្រុលខឿនផ្លូវពេញទំហឹង បណ្តាលឲ្យបែកខឿនផ្លូវ និងរបើកការ៉ូមួយចំនួន ចំណែករថយន្តបង្ក ខូចខាតផ្នែកខាងមុខខាងឆ្វេងយ៉ាងដំណំ ទៅមុខលែងរួច រីឯម្ចាស់រថយន្តបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments