Ad Code

អាសូរ​បំផុត ! រថយន្ត​ធុន​ធ្ងន់ បុក​ ហើយ​កិន​ពីលើ​រថយន្ត​តូច ស្លាប់​២​នាក់​គួរឲ្យសង្វេគ និង​ ២​នាក់ ទៀត​របួសធ្ងន់ ​



​បាត់ដំបង ៖ យ៉ាងហោចណាស់​ក៏មាន​មនុស្ស២នាក់​ដែរ ក្នុងចំណោម​មនុស្ស​ចំនួន៤នាក់ នៅក្នុង​រថយន្ត​ធុន​តូច ត្រូវបាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​ជាទីបំផុត ( រួមទាំង​អ្នកបើក​បរផង ) ខណៈដែល​កំពុង​បើកបរ ស្រាប់តែ​រថយន្ត​ធំ​បាន​រេ​ចង្កូត​មក​បុក​ទាំង​កម្រោល ថែមទាំង​កិន​ពីលើ​ទៀតផង។​

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មោងឬស្សី​បាន​បញ្ជាក់ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បានកើត​ឡើង​កាលពី​វេលា​ម៉ោង៨និង៥នាទី​យប់ ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ​ចំណុច​ក្រុមទី​១២ ភូមិ​ព្រៃ​ស្វាយ ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង លើ​ផ្លូវ​ជាតិ​លេខ៥ ត្រង់​ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ​២៣៥ និង ២៣៦។​

​របាយការណ៍​បាន​បន្តថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ បានកើត​ឡើង រវាង​រថយន្ត ម៉ាក​ហ៊ី​ណូ ធុន​ដឹកជញ្ជូន​ធំ ពាក់​ស្លាក​លេខ ភ្នំពេញ 3A. 2727 ដែល​បាន​ធ្វើ​ដំណើរ​ពី​បាត់ដំបង ទៅ​ភ្នំពេញ ជា​មួយនឹង​រថយន្ត ម៉ាក់​ហ៊ី​យិន​ដាយ ពាក់​ស្លាក​លេខ បាត់ដំបង​2B.6341 ក្នុងទិសដៅ​ច្រាស់​គ្នា។​

​ក្រោយពី​សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅពិនិត្យ​លើ​ទីតាំង​កើតហេតុ គឺ​សង្កេត​ឃើញថា រថយន្ត​ធំ​ដែល​អ្នកបើក​បរបានរ​ត់​គេចខ្លួន​ទៅហើយនោះ បាន​រេ​ចង្កូត​ទៅបុក ​ហើយ​កិន​លើ​រថយន្ត​ធុន​តូច ដែល​បណ្តាល​ឲ្យ​មនុស្ស​២​នាក់​ស្លាប់​នៅនឹងកន្លែង ( កៀប​ក្នុង​រថយន្ត ) និង​មនុស្ស​២​នាក់​ទៀត បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ ដោយបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មោងឬស្សី។​

​ក្រោយពី​បាន​ស្រាវជ្រាវ​ទើប​ដឹងថា រថយន្ត​តូច​ គឺ​បើកបរ​ដោយ​ឈ្មោះ សោម ស៊ីដេ​ត ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ ឃុំ​រាំង​កេ​សី ស្រុក​សង្កែ ( ស្លាប់ ) និង​អ្នកស្លាប់​ម្នាក់ទៀត​ឈ្មោះ ហង្ស សីហា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ឃុំ​រាំង​កេ​សី ស្រុក​សង្កែ​ដូចគ្នា ចំណែក​អ្នករបួស​ទាំង​២​នាក់ មាន​ឈ្មោះ ហង្ស វណ្ណា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ និង ឈ្មោះ វណ្ណៈ ចរណៃ ភេទ​ស្រី អាយុ​១១​ឆ្នាំ អ្នក​ទាំង ២ រស់នៅ​ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់។

បច្ចុប្បន្ន​ សព​ ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ទៅឲ្យ​ក្រុម​គ្រួសារ​នាំយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ ដោយឡែក​រថយន្ត​ទាំង​២​គ្រឿង ក៏បាន​ប្រគល់​ទៅឲ្យ​​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ហើយ​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu