ក្លិបបាល់ទាត់ខេត្តកំពង់ចាម សមាជិកថ្មីក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) រដូវកាលឆ្នាំ២០១៩ មួយក្នុងចំណោម១៤ ផ្សេងគ្នា បានសម្រេចចុះកិច្ចសន្យាជាមួយកីឡាករបរទេសចំនួន៤នាក់រួចរាល់ហើយមុនរដូវកាលថ្មីខាងមុខដែលនឹងចាប់ផ្តើមពីពាក់កណ្ដាលខែមីនា តទៅ។
ប្រភពមកពីក្លិបបាល់ទាត់ខេត្តកំពង់ចាម បានបញ្ជាក់ថា កីឡាករទាំង៤នាក់នេះបានស្ម័គ្រចិត្តចូលរួមជាមួយក្លិប ក្រោយបានចុះកិច្ចសហការជាមួយដៃគូ Eselemo Diamond african all stars in Cambodia។ កីឡាករទាំង៤រូប ត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការឃើញថា មានកីឡាករសញ្ជាតិហ្គាណា Osei Tutu ដែលធ្លាប់ជាអតីតកីឡាកររបស់ ក្លឹបមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ, កីឡាករ Tcheugoue Edongue សញ្ជាតិកាមេរ៉ូន, កីឡាករ Onar Ibrahim Abdelkhalek Sayed Ahmed វ័យ២២ឆ្នាំ និងកីឡាករ Adnam Abdelrahin Fawzy Elebiary វ័យ២៦ឆ្នាំ ទាំងពីររូបជាកីឡាករសញ្ជាតិអេហ្ស៊ីប។
យោងតាមការកំណត់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) បានបញ្ជាក់ថា ក្លិបជាសមាជិករបស់លីគខ្លួនមានសិទ្ធិចុះបញ្ជីកីឡាករបរទេសចំនួន៥នាក់ ប៉ុន្តែដាច់ខាតក្នុងនោះត្រូវតែមានកីឡាករជាជនជាតិសមាជិកទ្វីបអាស៊ី ១រូប។ យ៉ាងណាក្តីក្លិបកំពុងធ្វើតេស្តកីឡាករបរទេស១រូបទៀត ប៉ុន្តែក៏កំពុងតែចាំការចចារគ្នាលើចំណុចមួយចំនួនទៀតដែរ។
តាមគម្រោងពានរង្វាន់បាល់ទាត់លីគកំពូលកម្ពុជារដូវកាលថ្មីឆ្នាំ ២០១៩ នេះនឹងចាប់ផ្ដើមពីថ្ងៃទី១៦ ខែមីនា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។ ចំណែកក្រុមដែលចូលរួមទាំង១៤វិញនោះមានណាហ្គាវើល,បឹងកេត,វិសាខា,ក្រសួងការពារជាតិ,ភ្នំពេញក្រោន,អាស៊ីអឺរ៉ុប,អគ្គស្នងការដ្ឋាននគរបាលជាតិ,អង្គរថាយហ្គឺរព្រះខ័នរាជស្វាយរៀង,សូលទីឡូអង្គរ,អគ្គីសនីកម្ពុជា។ ចំណែកក្រុមលេចមុខថ្មី៣ក្រុមគឺ គីរីវង់សុខសែនជ័យ,ខេត្តកំពង់ចាម និង U18 សាលាបាល់ទាត់ជាតិបាទី។
យោងតាមវិបសាយរបស់ CNCC បានបញ្ជាក់ថា ការដំឡើងក្រុមទាំង ៣ ខាងលើនេះបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំរបស់គណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នាពេលថ្មីៗ។ ការសម្រេចរបស់ គណៈកម្មាធិការប្រតិបត្តិ ក្នុងការដំឡើង គីរីវង់សុខសែនជ័យ និង ក្លឹបបាល់ទាត់ខេត្តកំពង់ចាម ដោយសារមិនមានការប្រកួតលីគ២ នាឆ្នាំកន្លងទៅ។ ប៉ុន្តែ គណៈកម្មាធិការប្រតិបត្តិ បានពិនិត្យឃើញថាទោះបី ក្រុម ទាំងពីរលេងនៅលីគ ២ ក៏មានលទ្ធភាពអាចឡើងមក លីគកំពូលបានដែរ។ ចំណែក ការដាក់បញ្ចូល U18 សាលាបាល់ទាត់ជាតិ គឺ ដើម្បីឲ្យពួកគេសុំាទៅនឹងការប្រកួតធំ និង បង្កើនសមត្ថភាពឲ្យបានខ្ពស់ ក្នុងបំណងឲ្យពួកគេត្រៀមខ្លួនរួចរាល់សម្រាប់ស៊ីហ្គេម ឆ្នាំ ២០២៣ ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕
Source: Kampuchea Thmey Daily
0 Comments