Ad Code

រាជរដ្ឋាភិបាល​កម្ពុជា​ ចាត់ទុក​ស្ត្រី​ គឺជា​កម្លាំង​ចលករ​ដ៏​សំខាន់​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច



ភ្នំពេញ ​៖ ​លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍ ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​ការ​យកចិត្តទុកដាក់​យ៉ាងខ្លាំង ក្នុង​ការ​លើកកម្ពស់​សមភាព​យេនឌ័រ និង​ពង្រឹង​ភាព​អង់អាច​ដល់​ស្ត្រី និង​ក្មេងស្រី ដើម្បី​ឲ្យ​ពួកគេ​ក្លាយជា​កម្លាំងចលករ​ចូលរួម​ក្នុង​កិច្ច​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​។

ថ្លែង​នៅក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៨ នៃ​ទិវា​អន្តរជាតិ​នារី ៨​មីនា​កាលពី​ថ្ងៃទី​២៨​ខែកុម្ភៈ​លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បន្ត​ថា ​គោលដៅ​ជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល គឺ​ការពង្រឹង​សមភាព​យេនឌ័រ និង​ការ​គាំពារ​សង្គម ដើម្បី​លើកស្ទួយ​ស្ថានភាព​សង្គម​-​សេដ្ឋកិច្ច និង​ពង្រឹង​តួនាទី​ស្ត្រី ដែលជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច និង​សង្គមជាតិ​។

ជា​មួយ​គ្នា​នេះ​ដែរ ​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​ក្របខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ឆ្នាំ​២០១៦-២០២៥ ដែលមាន​លក្ខណៈ​ទូលំទូលាយ ដោយ​ផ្តោតលើ​សសរស្តម្ភ​ពីរ គឺ​ប្រព័ន្ធ​ជំនួយ​សង្គម និង​ប្រព័ន្ធ​សន្តិសុខ​សង្គម​។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ​ក្របខណ្ឌ​គោលនយោបាយ​នេះ នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើន​លទ្ធភាព​ទទួល​បាន​សេវា​ជំនួយ​សង្គម និង​សន្តិសុខ​សង្គម ដែល​ជា​ការ​គិតគូរ​ចំពោះ​ស្ត្រី មាន​ជា​អាទិ៍ ៖​ទី​១៖ កម្មការិនី​សម្រាលកូន​បានទទួល​ប្រាក់​ឈ្នួល​ចំនួន ១២០% ចំនួន​៣​ខែ​។ ចាប់ពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៨ រាជរដ្ឋាភិបាល បាន​អនុវត្ត​កម្មវិធី​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់ក​ម្មការ​នី​សម្រាលកូន ដោយ​ផ្តល់ជូន​កូន​មួយ​នាក់​ចំនួន ៤០​ម៉ឺន​រៀល ចំពោះ​កូនភ្លោះ​ទទួលបាន ៨០​ម៉ឺន​រៀល និង​កូនភ្លោះ​បី​បាន ១​លាន​២​សែន​រៀល ព្រមទាំង​ទទួលបាន​ថវិកា​បន្ថែមចំនួន ៥​លាន​រៀល ពីស​ម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ផ្ទាល់​។

ទី​២៖ នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៩ អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ នៃ​គ្រួសារ​ក្រីក្រ​ដែលមាន ៣​ដំណាក់កាល គឺ​ដំណាក់កាល​ទី​១ ឧបត្ថម្ភ​៤​លើក ក្នុង​១​លើក ៤​ម៉ឺន​រៀល នៅពេល​ស្ត្រី​មាន​ផ្ទៃពោះ​ទៅ​ទទួលយក​សេវា​ពិនិត្យ​ផ្ទៃពោះ នៅ​មូលដ្ឋាន​សុខាភិបាល​របស់​រដ្ឋ​, ដំណាក់កាល​ទី​២ ឧបត្ថម្ភ​២០​ម៉ឺន​រៀល នៅពេល​ស្ត្រី​សម្រាលកូន​នៅ​មូលដ្ឋាន​សុខាភិបាល​របស់​រដ្ឋ និង​ដំណាក់កាល​ទី​៣ ឧបត្ថម្ភ​១០​លើក ក្នុង​១​លើក ៤​ម៉ឺន​រៀល នៅពេល​ស្ត្រី​ជា​ម្តាយ​នាំ​ទារក​ទៅ​ទទួល​ថ្នាំ​បង្ការ ឬ​សេវា​គាំពារ​រហូតដល់​កុមារ​មាន​អាយុ​២​ឆ្នាំ​។



ទី​៣. ការ​អនុញ្ញាត​ឲ្យ​កម្មការិនី​ជា​ស្ត្រី​ដែលមាន​ផ្ទៃពោះ ចេញ​មុន​ម៉ោង​យ៉ាងតិច​១៥​នាទី​។ លើសពី​នេះ​ទៀត គ្រប់​រោងចក្រ​ទាំងអស់​ត្រូវ​រៀបចំ​បន្ទប់​បំបៅ​កូន​សម្រាប់​កម្ម​ការ​នី ដែលមាន​កូន​អាយុ​ក្រោម​១២​ខែ​និង​ត្រូវ​មាន​ទារកដ្ឋាន​សម្រាប់​កម្ម​កា​រ​នី​ ដែល​មានកូន​អាយុ​លើស​ពី​១៨​ខែ​។ គ្រប់​តំបន់​សេដ្ឋកិច្ច​ពិសេស ឬ​សួន​ឧស្សាហកម្ម​ត្រូវ​រៀបចំ​ឲ្យ​មាន​ទារកដ្ឋាន​មួយ​នៅក្នុង​តំបន់​របស់ខ្លួន​។

ទី​៤៖ ទន្ទឹម​នឹង​នេះ គ្រប់​រោងចក្រ​ទាំងអស់​ បាន​អនុញ្ញាត​ឲ្យ​កម្មករនិយោជិត​ជា​ស្ត្រី​ខ្មែរឥស្លាម អាច​ប្រើប្រាស់​សម្លៀកបំពាក់​តាម​បែប​ប្រពៃណី​ឥស្លាម​និង​ទី​៥៖ រាជរដ្ឋាភិបាល​ប្រកាស​ផ្តល់ជូន​ប្រាក់ឧបត្ថម្ភ​ដល់​ស្ត្រី​ជា​មន្ត្រីរាជការ​ស៊ីវិល នគរបាល និង​កងកម្លាំង​ប្រដាប់​ឤ​វុ​ធ ដែល​បាន​សម្រាលកូន ក្នុង​នោះ​កូន​មួយ​ទទួលបាន ៨០​ម៉ឺន​រៀល កូនភ្លោះ​ទទួល​បាន ១​លាន​៦០​ម៉ឺន​រៀល កូនភ្លោះ​៣ ទទួល​បាន ២​លាន​៤០​ម៉ឺន​រៀល រួម​ជា​មួយ​នឹង​ការឈប់​សម្រាក​លំហែ​មាតុភាព រយៈពេល​៣​ខែ ជាមួយ​ប្រាក់បៀវត្ស ១០០%​។

លោក​បណ្ឌិត​អ៊ិត ​សំហេង ​បាន​បញ្ជាក់​ថា ​ទាំងអស់​នេះ បានបង្ហាញ​ច្បាស់​ថា រាជរដ្ឋាភិបាល​តែង​បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ស្ត្រី ដោយ​ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ ស្ត្រី​តែង​ទទួល​បាន​នូវ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ច្រើន និង​កាត់បន្ថយ​បន្ទុកគ្រួសារ​កាន់​តែ​ច្រើន ដែលជា​ការលើកកម្ពស់​ដល់​សមភាព​យេនឌ័រ​កាន់តែ​ប្រសើរ​ឡើង នៅ​គ្រប់​វិស័យ​នៅ​កម្ពុជា​។



ក្នុង​ឱកាស​នោះ​ លោក​រដ្ឋមន្ត្រី បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល និង​ស្នាដៃ​ទាំង​ឡាយ របស់​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់​នៅក្នុង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល លទ្ធផល​ជោគជ័យ​ដ៏​ធំធេង​នេះ​មិនអាច​កាត់ផ្តាច់​បាន​ពី​ការប្តេជ្ញាចិត្ត​ចូលរួម​សហការ និង​សាមគ្គី ឯកភាព​គ្នា​ជា​ធ្លុង​មួយ​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​លំដាប់​ថ្នាក់​ទាំង នារី និង​បុរស ក្នុងការ​គ្រប់គ្រង​រាល់​សភាពការណ៍ និង​ពុះពារ​កសាង​នូវ​បរិយាកាស​វិជ្ជមាន និង​ល្អ​ប្រសើរ​សម្រាប់​ធានា​ដល់​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។

លោក​រដ្ឋមន្ត្រី ក៏បាន​ផ្តាំផ្ញើ​ដល់​បុរសៗ សូម​បន្ត​យកចិត្តទុកដាក់​ចំពោះ​ស្ត្រី ស្របតាម​ពាក្យស្លោក​ខ្មែរ​យើង​ដែល​បាន​លើក​ឡើង​ថា “​សំណាប​យោង​ដី​-​ស្រី​យោង​ប្រុស​” ជាពិសេស​សូមកុំ​មានការ​រើសអើង​ការងារ​រវាង​ស្ត្រី និង​បុរស ទាំង​ការងារ​ក្នុងផ្ទះ និង​ក្រៅ​ផ្ទះ គឺ​សុទ្ធសឹងតែ​មានតម្លៃ​ស្មើគ្នា​។​



លោកស្រី ខេង សំ​វ៉ា​ដា រដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី​ដែល​បាន​ចូលរួម​នៅក្នុង​ទិវា​នា​ឱកាស​នោះ​បាន​ឲ្យ​ដឹងថា​ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០១៩​ដែលជា​ខួប​លើក​ទី​១០៨​នេះ​ធ្វើឡើង​ក្រោម​ប្រធានបទ​«​លើកកម្ពស់​សមភាព​យេនឌ័រ​និង​ការ​គាំពារ​សង្គម​ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​»​ដែលជា​ប្រធានបទ​មួយ​មាន​សារសំខាន់​ក្នុងការ​យកចិត្តទុកដាក់​រប​ស់រាធ​រដ្ឋាភិបាល​ដែល​តែងតែ​គិតគូ​ដើម្បី​ក​ឬ​ប្រែ​ស្ថានភាព​រស់នៅ​របស់​ស្ត្រី​កម្ពុជា​ឲ្យ​មាន​ភាពល្អប្រសើរ​ជា​លំដាប់​។

ជាង​នេះ​ទៅ​ទៀត ​លោកស្រី​បាន​បន្ត​ថា ​រាជរដ្ឋាភិបាល​បាន​កំណត់​ថា​ ការជួយ​ដល់​ស្ត្រី​ឲ្យ​មាន​ប្រាក់ចំណូល​ឲ្យ​ជៀស​ផុត​ពី​ភាព​ក្រីក្រ​នឹង​ជួយ​ឲ្យ​ប្រជាជន​រួច​ផុត​ពី​ភាព​ក្រីក្រ​ ព្រោះ​ស្ត្រី​កម្ពុជា​តែងតែ​យក​ប្រាក់​ចំណូល​របស់​ខ្លួន​មក​ផ្គត់ផ្គង់​កូនចៅ​ថែទាំ​ចាស់ទុំ​នៅក្នុង​គ្រួសារ​ធ្វើ​ឲ្យ​គ្រួសារ​មាន​ជីវភាព​កាន់តែ​ល្អប្រសើរ​។

គួរ​បញ្ជាក់​ថា ​បច្ចុប្បន្ន​នេះ​មាន​មន្ត្រីរាជការ​ទាំងអស់​ចំនួន​២១៧១៧១​នាក់​ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​៤១​ភាគរយ​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu