ស្ទឹងត្រែង ៖ សាខាកាំកុងត្រូលខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងចម្រុះ នៅវេលាម៉ោង៦ល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចុះពិនិត្យចំណីអាហារ ដែលបងប្អូនអាជីវករលក់ក្នុងកម្មវិធីប្រគំតន្ត្រី(ហ្ក្រេម ស្ប័រ) នៅខេត្តស្ទឹងត្រែង ដកហូតបានម៉ឹកមានសារធាតុ( ហ្វកម៉ាលីន)ចំនួន៣៨គីឡូក្រាមយកដុតកម្ទេចចោល។
លោកគឹមប្រុស ប្រធានសាខាកាំកុងត្រូលខេត្តបានបញ្ជាក់ថា ៖ នេះជាសារមួយ ឲ្យបងប្អូនមានការប្រុងប្រយ័ត្នចំពោះចំណីអាហារ ហើយបង្គា ម៉ឹកនេះ មានបងប្អូនអាជីវករនៅបន្តលក់ មន្ត្រីជំនាញពាក់ព័ន្ធនឹងផាកពិន័យតាមច្បាប់ ហើយបងប្អូនប្រជាពលរដ្ឋ ក៏ត្រូវគិតពីសុខភាពផងដែរ ចំពោះការបរិភោគចំណីអាហារគ្រឿងសមុទ្រទាំងនេះ។
លោកថា ៖ ការដកហូតនេះ យើងបានលើកកម្ពស់សុខភាពដល់អ្នកបរិភោគ និងចៀសវាងកុំឲ្យភ្ញៀវទេសចរ ឬប្រជាពលរដ្ឋនៅក្នុងខេត្តឬទីជនបទបរិភោគចំណីអាហារទាំងនេះ មានផលប៉ះពាល់ ផ្នែកសុខភាពជាពិសេសក្នុងពេលដែលបងប្អូនអាជីវករយកមកតាំងលក់ក្នុងពិធីតាំងពិព័រណ៍លក់ទំនិញនេះ។
លោកម៉ូ សុខគា មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តបានបញ្ជាក់ថា ៖ នេះជាលើកទី៤ហើយ ដែលមន្ត្រីជំនាញបានយកចំណីអាហារធ្វើពិសោធន៍រកសារធាតុគីមីដូចជា ប្រហិត ត្រី ប្រហិតសាច់គោ -បង្គា -ប្រហិតក្ដាម -និងម៉ឹក ដែលបងប្អូនអាជីវករយកមកលក់ឃើញថា អាហារមួយចំនួន មានគុណភាពល្អ ហើយខ្លះទៀតមានសារជាតិ(ហ្វកម៉ាលីន)ច្រើនអាចបង្កផលប៉ះពាល់ដល់អ្នកបរិភោគ។
លោកជន ភាព អាជីវករលក់គ្រឿងសមុទ្រ និងប្រហិតគ្រប់មុខក្នុងពិធីតាំងពិព័រណ៍នេះ បានសាទរជាមួយនឹងសកម្មភាព ចុះពិនិត្យ និងពន្យល់ណែនាំពីមន្ត្រីសាខា ព្រោះថាកាលណាយើងបានត្រួតពិនិត្យនិងបានយល់ដឹង ហាក់ដូចជាបានបង្កើនការប្រុងប្រយ័ត្នលើកកម្ពស់ថែរក្សាសុខភាពព្រោះពួកគាត់ក៏បរិភោគចំណីអាហារទាំងនេះដែរ។
លោកអះអាងថា ៖ កន្លងមក គាត់ធ្លាប់ទិញទំនិញ ខ្វះការត្រួតពិនិត្យ ធ្វើឲ្យទំនិញនោះ ហួសកាលកំណត់ប្រើប្រាស់ពិបាកលក់ ហើយចំពោះគ្រឿងសមុទ្រនេះ បងប្អូនអាជីវករមិនមានឧបករណ៍ធ្វើពិសោធន៍ទេ ជឿជាក់លើតែអ្នកនាំចូល ដូចនេះសំណូមពរមន្ត្រីជំនាញនៅតាមព្រំដែនជួយមើលៗផង។
សូមបញ្ជាក់ថា ៖ នេះជាលើកទី៤ហើយ ដែលសាខាកាំកុងត្រូល បានធ្វើសកម្មភាពទៅលើការដាក់តាំងចំណីអាហារលក់ចល័តរបស់បងប្អូនអាជីវករខ្មែរថៃ ដែលជាកត្តាមួយ បានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សុខភាពទាំងអស់គ្នានៅតាមទីប្រជុំជន និងទីជនបទ៕
Source: Kampuchea Thmey Daily
0 Comments