Ad Code

លោក​ចៅ​សង្កាត់​ជ្រោយចង្វា រៀបចំ​ប្រារព្ធ​ទិវា ទីក្រុង​ស្អាត​ក្រោម​ប្រធានបទ​«ទីក្រុង​ស្អាត​ផ្ដល់​ភាព​កក់​ក្ដៅ»



ភ្នំពេញ​ ៖​ ក្នុង​ឱកាស​ប្រារព្ធ​​​ ទិវា ​ទីក្រុង​ស្អាត ​សង្កាត់​ជ្រោយចង្វា​ លោក​ម៉ៅ ប៊ុន​ថា ចៅសង្កាត់​ជ្រោយចង្វា បាន​អាន​សារលិខិត សម្ដេច​តេ​ជោ ហ៊ុន សែន ដោយ​បញ្ជាក់​ថា​ ទីក្រុង​ស្អាត ​៖​ គឺជា​ទីក្រុង​ផ្តល់​ភាព​កក់ក្តៅ ​ឆ្លើយតប​នឹង​ប្រធានបទ​ នៃ​ទិវា​ជាតិ​ទីក្រុង​ស្អាត ​រាជរដ្ឋាភិបាល​បាន​ដាក់​ឲ្យ​ថ្នាក់ក្រោម​ជាតិ​ បន្ត​ខិតខំ​ការងារ​អាទិភាព​ចំនួន​៦​ចំណុច ទី​១.​ខិតខំ​ចាប់​យក​កាលានុវត្តភាព​ នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ឌីជីថល ដោយ​ត្រូវ​រួមគ្នា​ឆ្ពោះ​ទៅ​អភិវឌ្ឍ​ទីក្រុង​ប្រកបដោយ​ភាព​ឆ្លាត​វៃ​។ ​២.​រៀបចំ​ឲ្យ​មាន​សកម្មជន​ទីក្រុង​ស្អាត​នៅ​តាម​កន្លែងធ្វើការ ស្ថាប័ន សាលារៀន គ្រឹះ​ស្ថាន​សិក្សា វត្ត​អារាម ផ្សារ រោងចក្រ សហគ្រាស បុរី ជាដើម សំដៅ​ធ្វើ​ឲ្យ​កន្លែង​ទាំងនោះ ​ប្រកបដោយ​ភាព​ស្អាត និង​បៃតង​គ្រប់​រដូវ​កាល បំផុស​ជាប្រចាំ​យុទ្ធនាការ (​កម្ពុជា​ស្អាត​នៅ​គ្រប់​ទីកន្លែង​)​។​ ៣.​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ការងារ​អនាម័យ និង​ត្រូវ​រៀបចំ​ឲ្យ​មាន​សង្កាត់​គំរូ​នៅ​តាម​ទីក្រុង ទីប្រជុំជន​និមួយៗ និង​មាន​បង្គន់​អនាម័យ​សាធារណៈ នៅតាម​ទី​សាធារណៈ​ និង​រមណីយដ្ឋាន​ទេសចរណ៍​គ្រប់​រាជធានី ខេត្ត​។​៤.​ស្របតាម​ស្តង់ដារ​ទីក្រុង​ស្អាត រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ ត្រូវ​រៀបចំ​ឲ្យ​មាន​សួន​កុមារ និង​ទីតាំង​សម្រាប់​លេង​កីឡា​ឲ្យ​បាន​គ្រប់គ្រាន់​។​ ៥.​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ផ្នែក​ឯកជន និង​ភាគី​ពាក់ព័ន្ធ ត្រូវ​រៀបចំ​បង្កើត​វិថី​ម្ហូបអាហារ និង​ពង្រឹង​គុណភាព​សេវាកម្ម​តូប​លក់​ម្ហូប​តាម​ដងផ្លូវ​ស្របតាម​ស្តង់ដារ ដើម្បី​សុខុមាលភាព​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ និង​ត្រូវ​រៀបចំ​ខ្សែក្រវាត់​បៃតង​នៅ​តាម​ទីក្រុង​ទេសចរណ៍​សំខាន់ៗ ក្នុងន័យ​គាំទ្រ​ដល់​យុទ្ធនាការ​(​ទេសចរណ៍​ គឺជា​ការនាំចេញ​នៅនឹងកន្លែង​។ ​ទី​៦.​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​បន្ត​ថែរក្សា​ឲ្យ​បាន​នូវ​សន្តិសុខ សណ្ដាប់​ធ្នាប់ សុវត្ថិភាព​សង្គម ស្របតាម​ទស្សនាទាន​(​ទីក្រុង​ស្អាត ​៖ ទីក្រុង​ប្រកបដោយ​សុខ​សុវត្ថិភាព​ល្អ​) និង (​ទីក្រុង​ស្អាត​ ៖​ ទីក្រុង​មាន​សណ្ដាប់ធ្នាប់​សាធារណៈ​ល្អ​)​។​

ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៣​កុម្ភៈ​នេះ នៅមុខ​សង្កាត់​ជ្រោយចង្វា​ ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ក្រុម​ព្រឹក្សា​សង្កាត់ មេភូមិ ប្រជា​ការពារ​ និង​ប្រជាពលរដ្ឋ​ចំនួន​៥​ភូមិ ​ក្នុង​សង្កាត់​ជ្រោយ​ចង្វា​ចំនួន​៨៥​នាក់។​

ជាមួយគ្នា​នោះ​ សូម​អំពាវនាវ​ដល់​គ្រប់​ក្រសួង​ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​អនុវត្ត​ឲ្យ​បាន​ផុសផុល​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​នូវ​ចលនា​ប្រឡងប្រណាំង (​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​) ដើម្បី​ឲ្យ​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព ចីរភាព និង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង អន្តរជាតិ​សក្ដិសម​និង​កិត្តិនាម​(​កម្ពុជា​ ៖ ព្រះរាជាណាចក្រ​អច្ឆរិយៈ​ផ្ដល់​ភាព​កក់ក្ដៅ​)​។​

លោក​ចៅសង្កាត់​ជ្រោយចង្វា ម៉ៅ ប៊ុន​ថា បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​ត្រូវ​យល់ដឹង​អំពី អនាម័យ​បរិស្ថាន​ល្អ អាស្រ័យ​លើ​ការចូលរួម​ពី​យើងទាំងអស់គ្នា ​និង​ត្រូវ​យល់ដឹង​អំពី​សារៈសំខាន់​បរិស្ថាន ដែល​វា​បានផ្ដល់​ផលប្រយោជន៍​ដល់​យើង​នូវ​សុខភាព​ទាំង​ផ្លូវកាយ​ និង​ផ្លូវចិត្ត ដោយ​កុំ​បោះ​សំរាម​ចោល​ពាសវាលពាសកាល​ពេល​ហូប ​រួច​ត្រូវ​វេច​ខ្ចប់​សំរាម​ទុកដាក់​ក្នុង​ធុង​ ឬ​ទីកន្លែង​ប្រមូលផ្ដុំ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ ទើប​ធានា​បាន​សុខុមាល​ភាព​ល្អ​ប្រសើរ​ឡើង​។​

បន្ទាប់ពី​អាន​សារ​របស់​ សម្ដេច​តេ​ជោ​ ហ៊ុន សែន​ ចប់ លោក ម៉ៅ ប៊ុន​ថា ក៏បាន​បែងចែក​កម្លាំង​ជា​ពីរ​ក្រុម ​ដើម្បី​ដើរ​រើស​សំរាម​តាម​ទី​សាធារណៈ​ និង​នៅតាម​ផ្លូវ​នានា​នៅក្នុង​សង្កាត់​ជ្រោយចង្វា ដើម្បី​អបអរសាទរ​ទិវា​ទីក្រុង​ស្អាត​ដែល​ក្រោម​ប្រធានបទ (​ទីក្រុង​ស្អាត​នាំមក​ភាពកក់ក្តៅ​)៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu