ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្របានអំពាវនាវដល់ភាគីជម្លោះនៅក្នុងប្រទេសយេមែនឲ្យអនុវត្តភ្លាមៗនូវកិច្ចព្រមព្រៀងមួយដើម្បីដកកងកម្លាំងរបស់ពួកគេចេញពីកំពង់ផែសំខាន់ៗចំនួនបីនិងឃ្លាំងគ្រាប់ធញ្ញជាតិដ៏សំខាន់មួយ។
នៅក្នុងសេចក្តីប្រកាសជាឯកច្ឆន្ទ ក្រុមប្រឹក្សាដែលមានសមាជិក១៥ប្រទេសមួយនេះបានស្វាគមន៍កិច្ចព្រមព្រៀងដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិនាពេលថ្មីៗនេះរវាងពួកឧទ្ទាម Huthi និងក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតដែលកំពុងប្រយុទ្ធពួកគេ។
ពួកគេបានអំពាវនាវឲ្យមានការអនុវត្តជាបន្ទាន់នូវជំហានដំបូងនៃកិច្ចព្រមព្រៀងនេះដែលតម្រូវឲ្យក្រុមផ្សេងៗត្រូវដកអ្នកប្រយុទ្ធរបស់ពួកគេចេញពីកំពង់ផែ Saleef និង Ras Issa ជាមុនសិនហើយបន្ទាប់មកដកចេញពីទីក្រុងកំពង់ផែ Hodeida ។
លោក Martin Griffiths ប្រេសិតពិសេសអង្គការសហប្រជាជាតិក្នុងប្រទេសយេមែនបាននិយាយកាលពីថ្ងៃអង្គារថា លោកសង្ឃឹមថា ការដាក់ពង្រាយកងកម្លាំងជាថ្មីនឹងកើតឡើងនៅព្រឹកថ្ងៃអង្គារឬថ្ងៃពុធប៉ុន្តែមិនមានការចង្អុលបង្ហាញថាវានឹងកើតឡើងដែរឬក៏អត់នោះទេ។
កាលពីថ្ងៃព្រហស្បតិ៍ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានរៀបចំកិច្ចប្រជុំមួយស្តីពីបញ្ហានេះនៅទីក្រុងញូយ៉កជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo។
នៅក្រោមកិច្ចព្រមព្រៀងដែលបានឈានដល់ក្នុងប្រទេសស៊ុយអ៊ែតកាលពីថ្ងៃទី១៧ខែកុម្ភៈ ពួកយុទ្ធជននឹងត្រូវដាក់ពង្រាយឡើងវិញនៅខាងក្រៅកំពង់ផែនិងឆ្ងាយពីតំបន់នានាដែលជាចំណុចសំខាន់នៃកិច្ចខិតខំប្រឹងប្រែងជំនួយមនុស្សធម៌ក្នុងប្រទេសយេមែន។
កំពង់ផែទាំងនេះគឺស្ថិតនៅភាគខាងលិចដែលគ្រប់គ្រងដោយក្រុម Huthi ក្នុងប្រទេសនេះ។ កិច្ចព្រមព្រៀងនេះក៏បានកំណត់នូវសិទ្ធិចូលដោយសេរីទៅឃ្លាំងស្តុកគ្រាប់ធញ្ញជាតិនៅរោងចក្រ Red Sea Mills ផងដែរដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពរដ្ឋាភិបាលដែលគាំទ្រដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា ប្រមាណ៨០ភាគរយនៃប្រជាជនយេមែនឬប្រហែល២៤លាននាក់គឺកំពុងត្រូវការជំនួយស្បៀងអាហារ៕ AFP
Source: Kampuchea Thmey Daily
0 Comments