Ad Code

សម្ដេចម៉ែ អំពាវនាវ​ឲ្យ​មាតាបិតា​អាណាព្យាបាល​ទាំងអស់​ បង្កើន​ការអប់រំ​កូនចៅ​ ដើម្បី​ចូលរួម​លើក​កម្ពស់​សីលធម៌ សង្គម​



​ភ្នំពេញ ​៖​ សម្តេចព្រះ​មហាក្សត្រី នរោត្តម​មុ​នី្ន​នាថ​សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ​ក្នុង​សេរីភាព សេចក្ដីថ្លៃថ្នូរ និង​សុភមង្គល​ បាន​អំពាវនាវ​ឲ្យ​មាតាបិតា​អាណាព្យាបាល​ទាំងអស់​ចូលរួម​បង្កើន​ការ​អប់រំ​ដល់​កូនចៅ​របស់ខ្លួន​ ដើម្បី​លើកកម្ពស់​សីលធម៌​ និង វប្បធម៌​អហិង្សា ​ក្នុង​គ្រួសារ ​ដើម្បី​លើក​ស្ទួយ​ទំនៀម​ទម្លាប់​ប្រពៃណី​ជាតិខ្មែរ​ឲ្យ​កាន់តែ​ផូរផង់​ថែមទៀត​។

យោង​តាម​ព្រះរាជសារ​ដែល​បាន​ផ្ញើ​ជួន​ប្រជារាស្ត្រ​ នៅ​ក្នុង​ឱកាស​ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០១៩​នេះ​ សម្ដេចម៉ែ​ បាន​មាន​ព្រះរាជបន្ទូល​ ដោយ​ណែនាំ​ដល់​មាតាបិតា​អាណាព្យាបាល​ទាំង​អស់​ ត្រូវ​អប់រំ​ទូន្មាន​ប្រៀនប្រដៅ​កូនចៅ​ឲ្យ​ក្លាយ​ជា​កូន​ល្អ សិស្ស​ល្អ​ និង​ពលរដ្ឋ​ល្អ​ និង​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន គ្រឿង​ស្រវឹង​ និង​អំពើ​អបាយមុខ​ផ្សេងៗ​ក្នុងសង្គម​។​

ជាងនេះទៅទៀត​ ត្រូវ​អប់រំ​កូនចៅ​ឲ្យ​ប្រកាន់ខ្ជាប់​នូវ​សីលធម៌ សុជីវធម៌​ ដើម្បី​រួមចំណែក​អនុវត្ត​គោ​លន​យោបាយ​ភូមិ/​ឃុំ​មាន​សុវត្ថិភាព ​ដើម្បី​រក្សាសុខ​សន្តិភាព​សុវត្ថិភាព​សណ្ដាប់ធ្នាប់​សង្គម​ សាមគ្គី​ជា​ធ្លុង​មួយ ​ព្រមទាំង​រក្សា​សេចក្ដីថ្លៃថ្នូរ​សំដៅ​ឈាន​ឆ្ពោះ​ទៅ​រក​ភាព​សម្បូរសប្បាយ ​និង​សុខ​ដុមរមនា​ជា​រៀង​រហូត​។​

នៅក្នុង​ព្រះរាជសារ​នោះ​ សម្តេចម៉ែ​ បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ ​សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​បាន​ខិតខំ​បំពេញភារកិច្ច​ ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ ​មាតុភូមិ ​និង​ ប្រជារាស្ត្រ​កម្ពុជា​។​

ជាមួយគ្នានេះដែរ​ សម្ដេច​ម៉ែ​ ក៏បាន​កោតសរសើរ​ចំពោះ​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ​ហ៊ុន សែន​ដែលជា​អ្នកដឹកនាំ​ដ៏​ឆ្នើម​ និង​ជា​គំរូ​ដ៏​ល្អ​ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត​ ក្នុង​សកម្មភាព​របស់​កាក​បាទ​ក្រហម​កម្ពុជា​ និង​បាន​ខិតខំ​លើកកម្ពស់​សីលធម៌​សង្គម​តម្លៃ​ស្ត្រី​ និង​គ្រួសារ​ខ្មែរ​ឲ្យ​មាន​កិត្តិយស​និង​សេចក្ដីថ្លៃថ្នូរ​ក្នុង​សង្គម​។​

ថ្លែង​នៅ​ក្នុង​ពិធី​អបអរ​ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០១៩ នៅ​ព្រឹក​ថ្ងៃទី​២៨​កុម្ភៈ​នេះ ​នៅ​ទីស្តីការ​ក្រសួង លោកជំទាវ ស៊ើ​ង សរ​សុចិត្តា រដ្ឋលេខាធិការ​ក្រសួង​ការងារ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​គាំទ្រ​ទាំងស្រុង​នូវ​ព្រះរាជសារ​របស់ ​សម្ដេច​ម៉ែ​ ព្រោះ​ជួយ​ឲ្យ​កូនចៅ​ដែល​ជា​ក្មេងជំនាន់ក្រោយ​ក្លាយជា​ពលរដ្ឋ​ល្អ រស់នៅ​ដោយ​សេចក្ដីថ្លៃថ្នូរ ​និង​ថ្កុំថ្កើង​នៅក្នុង​សង្គម​។​
​លោកស្រី​បាន​បន្តថា ​«​ចាស​ទាក់ទង​នឹង​ព្រះរាជសារ​សម្ដេចម៉ែ​ លោក​សូម​សំណូមពរ​ឲ្យ​មាតា​ពិសេស​ស្ត្រី​ទាំងអស់ ​គឺ​សូម​ចូលរួម​អប់រំ​ទូន្មាន​ប្រៀនប្រដៅ​ដល់​កូនចៅ​ឲ្យ​ដើរតួនាទី​ជា​កូន​​ល្អ​ សិស្ស​ល្អ​ និង​ពលរដ្ឋ​ល្អ​ ក្នុងនោះ​ជៀស​ឲ្យ​ផុតពី​គ្រឿងញៀន​គ្រឿង​ស្រវឹង​ និង​អំពើ​ហិង្សា​ ដើម្បី​ចូលរួម​ទាំង​អស់​គ្នា​ កសាង​នូវ​ប្រទេសជាតិ​ ហើយ​ដើម្បី​ឲ្យ​យុវជន​ក្លាយ​ជា​ទំពាំង​ស្នង​ឫស្សី​»​។​

លោកស្រី​បាន​បន្តថា​ ព្រះរាជសារ​នេះ​ គឺ​ពិតជា​សមស្រប​ទៅ​នឹង​សម័យកាល​នេះ ​ដោយសារតែ​បច្ចុប្បន្ន​បញ្ហា​គ្រឿងញៀន​ គឺជា​ក្តីបារម្ភ​យ៉ាងខ្លាំង​របស់​រាជរដ្ឋាភិបាល ​ព្រោះ​គ្រឿងញៀន​នេះ​បាន​បំផ្លាញ​ធនធានមនុស្ស​ និង​សង្គមជាតិ​។​

លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​ជំរុញ​ឲ្យ​ស្ត្រី​ ត្រូវ​បន្ត​យកចិត្តទុកដាក់​លើកកម្ពស់​សមត្ថភាព ចំណេះ ជំនាញ​វិជ្ជាជីវៈ​បន្ថែម ដើម្បី​ចូលរួម​កសាង​គ្រួសារ​មួយ​ប្រកបដោយ​សុភមង្គល​ ក៏ដូចជា​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​។

គួរ​បញ្ជាក់​ថា​ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០១៩​ ដែលជា​ខួប​លើក​ទី​១០៨​នេះ​ ធ្វើឡើង​ ក្រោម​ប្រធានបទ​លើកកម្ពស់​សមភាព​យេនឌ័រ​ និង​ការ​គាំពារ​សង្គម​ ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​៕​

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu