កំពង់ឆ្នាំង ៖ មន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងម្នាក់ បានស្លាប់ ក្នុងហេតុការណ៍កាណូត២គ្រឿងបុកគ្នាកាលពីម៉ោងជាង៧យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ចំណុចកំពង់តាសុខ ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក្នុងពេលបំពេញបេសកកម្មក្នុងការងារជំនាញ។
លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ នៅរសៀលថ្ងៃទី២៨កុម្ភៈ នេះបានឲ្យដឹងថា ជនរងគ្រោះ ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះមាន ឈ្មោះ អ៊ុយ ប៊ុនធន ភេទប្រុស អាយុ៥២ឆ្នាំ ជាមន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ប្រចាំការនៅឃុំឆ្នុកទ្រូ មានទីលំនៅក្នុងភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។
ក្នុងពេលកើតហេតុមានកាណូតមួយគ្រឿង បានបើកបុកកាណូតរបស់លោកពេញទំហឹង ព្រោះតែងងឹត មើលគ្នាមិនឃើញ បណ្តាលឲ្យលោករបួសធ្លាក់ទឹកស្លាប់។ នៅលើសពជនរងគ្រោះ សមត្ថកិច្ចពិនិត្យឃើញមានរបួសចំស្នៀតផ្កាខាងឆ្វេង។
ក្រោយពេលកើតហេតុ កាណូតបង្ក និងអ្នកបើកបរ បានរត់គេចខ្លួនបាត់ មកដល់ពេលនេះ សមត្ថកិច្ចមិនទាន់រកឃើញអត្តសញ្ញាណកាណូតបង្ក និងជនបង្កគ្រោះថ្នាក់ខាងលើនេះឡើយ ដោយបន្តធ្វើការស្រាវជ្រាវទៀត។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅសង្កាត់ព្រែកព្នៅ ខេត្តកណ្តាល ព្រោះលោកមានភរិយានៅទីនោះ៕
Source: Kampuchea Thmey Daily
0 Comments