បកស្រាយដោយ ៖ លោក ម៉ិច សុខន SOKHAN MECH អ្នកឯកទេសផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអ៊ែរ៉ូខាំ aerocom អាល្លឺម៉ង់ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ជាសមាជិកសកម្ម ក្នុងក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្របច្ចេកទេស និងនវានុវត្តន៍ ជានាយកក្រុមហ៊ុនសុខកាណ្ឌីកាហ្គ្រីន Sokhandyka Green Co.,Ltd និងជាអ្នកបង្កើតបច្ចេកវិទ្យាត្រល់ខេមប្រាង ប្រាសាទអង្គរវត្តរបស់យើងបានបង្ហាញស្នាដៃជាបដិវត្តន៍បច្ចេកវិទ្យាផ្នែកកំពូលវិស្វកម្ម ក្នុងយុគសម័យបុរាណកាលរបស់ព្រះរាជាណាចក្រកម្ពុជាយើងរួចមកហើយ។ ស្នាដៃដ៏អស្ចារ្យរបស់ដូនតា យើងនេះ បានបន្សល់ទុករហូតមកដល់បច្ចុប្បន្នបញ្ជាក់យ៉ាងច្បាស់ថា ដូនតារបស់យើងកាលពីបុរាណកាលនោះ គឺជាអ្នកវិទ្យាសាស្ត្រ និងបច្ចេកទេសផ្នែកវិស្វកម្មកំពូល លើលោកយ៉ាងពិតប្រាកដ។
អតីតកាលសង្គ្រាម សង្គ្រាម សង្គ្រាមរ៉ាំរ៉ៃក្នុងភូមិសាស្ត្រ នៃទឹកដីសុវណ្ណភូមិដែលយើងកំពុងរីករាយសព្វថ្ងៃ បានបន្សល់ទុកស្លាកស្នាមភាពវេទនាសោកសៅ ស្លាប់ព្រាត់ប្រាស បែកបាក់ ពិការភាពការសម្លាប់រង្គាលបំផ្លិចបំផ្លាញគ្មានសល់ អត់បាយហូប...ជាព្រឹត្តិការណ៍ចងចាំមិនអាចបំភ្លេចបានដែលខ្មែរគ្រប់រូប តែងតែបួងសួងជាមួយសារជូនពរតាមបែបសាសនា នានា ជារៀងរាល់ថ្ងៃ មិនឲ្យសោកនាដកម្មព្រៃផ្សៃទាំងនេះ ត្រឡប់មកជាលើកទី២ជាដាច់ខាត។
ជាមួយសន្តិភាពពិតប្រាកដនាពេលនេះ ព្រះរាជាណាចក្រកម្ពុជា បានអភិវឌ្ឍន៍ខ្លួនយ៉ាងលឿនឲ្យទាន់បដិវត្តន៍ឧស្សាហកម្មទី៤ ទាំងគ្រប់ផ្នែករបស់ពិភពលោក ដើម្បីចូលរួមដំណើរការស្តោះទៅមុខគ្រប់វិនាទី។ សម័យអាវខ្មៅវាលពិឃាត ជាមួយនឹងឃ្លាងចងចាំមានផ្ទះ អត់មនុស្សនៅមានផ្លូវអត់មនុស្សដើរដែលកម្ពុជាកម្សត់របស់យើង ធ្លាប់ជួបជាមួយអំពីប្រល័យពូជសាសន៍យ៉ាងឃោរឃៅអមនុស្សធម៌ជាទីបំផុតជាមេរៀន។
ខ្ញុំបាទ សូមអធ្យាស្រ័យជាមុនថា រាល់អត្ថបទផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រូបខ្ញុំតែងតែរំលឹកប្រយោគទាំងនេះ ដើម្បីផ្សព្វផ្សាយដល់ប្អូនៗ ដែលជាវីរធនធានយុវជនទាំងអស់គិតពិចារណាឲ្យបានច្បាស់ថា មានតែសន្តិភាពទេ ទើបមានការអភិវឌ្ឍន៍ទាំងគ្រប់វិស័យបាន។
នៅលើពិភពលោកនេះគ្មានមហាសេដ្ឋីអ្នកវិនិយោគណា ល្ងង់យកលុយជាមួយចំណាយផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ទៅបោះចោល និងបង្កើតការងារជូនពលរដ្ឋក្នុងប្រទេសដែលមានសង្គ្រាមនោះទេ។
សូមចូលរួមរីករាយជាមួយនឹងសម្រស់ធម្មជាតិទេពអប្សរ នៅក្នុងភូមិសាស្ត្រ លើទឹកដីដ៏បវររបស់យើងវិញ។ ក្រមុំជើងល្មៀត ជាពាក្យមួយដែលខ្ញុំបាន ឮ ពេលដែលខ្ញុំបានទៅបំពេញការងារជាគ្រូបង្រៀន នៅវិទ្យាល័យមួយតាមដងទន្លេមេគង្គ លើនាឆ្នាំ១៩៩៦។
ក្រមុំជើងល្មៀត ជាពាក្យមួយដែលបង្ហាញពីរូបសម្រស់ស្រស់បវររបស់យុវតីនៅទីនោះ មានស្បែកលឿង-សស្រស់ថ្លា ផាសុកភាពពីកំណើតធម្មជាតិ ពិតជាក្តីស្រមៃរបស់យុវជនសម្រាប់គូអនាគត។
ជាមួយនឹងបដិវត្តន៍ផ្នែកបច្ចេកវិទ្យា ជាពិសេសស្មាតហ្វូនទំនើបៗនៅក្នុងដៃ និងបណ្តាញឌីជីថលគ្រប់កន្លែងបានចែកចាយផ្សព្វផ្សាយចំណេះដឹង ព័ត៌មាន វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ទាំងផ្នែកសុខភាពសម្ផស្ស សន្តិសុខ ការអភិវឌ្ឍជាដើម ដល់ឧត្តមយុវតី-យុវជន ទទួលបានទាន់ពេលវេលា រៀបចំខ្លួនបានយ៉ាងល្អស្រស់ស្អាតស្ទើរតែដូចៗ គ្នាគ្រប់ទីកន្លែងស្រស់ស្រាយ សប្បាយ លើជីវិតសម័យទំនើបក្នុងដៃជំនាញប្រមាញ់រូបភាពស៊ែលហ្វីបង្ហោះតាមបណ្ដាញសង្គមនានា ជាពិសេសហ្វេសប៊ុកជាដើម...មើលទៅរីករាយទាំងផ្លូវកាយ និងផ្លូវចិត្ត ដូចទេពអប្សរ និងបុរសជិះសេះស ជួបស្នេហ៍ក្នុងរឿងព្រេងមនោសញ្ចេតនានានាពិតប្រាកដមែន។
ភាពសំបូរបែប នៃជីវិតរីករាយកក់ក្ដៅក្នុងដែនដីសន្តិភាព គឺយ៉ាងដូច្នេះមិនត្រូវបដិសេធឡើយ។ ស្មាតហ្វូនទំនើប នៅក្នុងដៃបស់ប្អូនៗ នឹងចាប់ផ្តើមមមាញឹកនៅពេលចូលឆ្នាំប្រពៃណីខ្មែរមកដល់ខាងមុខនេះ។ ពាក្យជោគជ័យ សុខភាពល្អ សម្រស់ស្រស់ស្អាត អាយុយឺនយូរ និងអភិវឌ្ឍន៍ អត្ថន័យពេញនិយមក្នុងសារជូនពរ។ មានសន្តិភាព ទើបមានការអភិវឌ្ឍយើងបានឮគ្រប់ពេលវេលាក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើង។ អភិវឌ្ឍ អភិវឌ្ឍន៍ អភិវឌ្ឍន៍ ក្នុងដែនដីសុវណ្ណភូមិនេះចំពេលបដិវត្តន៍ឧស្សាហកម្មទី៤ ក្នុងពិភពលោកកំពុងតែរីកចម្រើនរួចទៅហើយ។
ចំណែកតួនាទីរបស់យុវជន មិនត្រឹមតែចូលរួមការពារសន្តិភាពប៉ុណ្ណោះទេ ការចូលរួមឱកាសកសាងសមត្ថភាពជាមួយចំណេះដឹងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពិតជាភារកិច្ច និងកាតព្វកិច្ចមិនអាចខ្វះបានរបស់យុវជន លើវាសនាអនាគតយូរអង្វែង គាំទ្រសម្ទុះសេដ្ឋកិច្ចរបស់កម្ពុជា។
ការសិក្សាផ្នែក វិទ្យាសាស្ត្រ បច្ចេកវិទ្យា ជាឧត្ដមធនធាន ជំនាញដែលត្រូវតែមានក្នុងខ្លួនពិតប្រាកដដើម្បីគ្រប់គ្រងខ្សែចង្វាក់ផលិតកម្មដែលដើរដោយស្វ័យប្រវត្តិគ្រប់គ្រងដោយភាពវៃឆ្លាត នៃខួរក្បាលសិប្បនិមិត្ត (AI-Artificial Intelligent) ដែលបង្ហាញពីទំនើបកម្មក្នុងបដិវត្តន៍ឧស្សាហកម្មទី៤ ក្នុងពិភពលោក។ អេកូ-នានុវត្ដន៍ (Eco-Innovations) ត្រូវបានអ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្ដ្រ បញ្ចូលបន្ថែមក្នុងបដិវត្តន៍ឧស្សាហកម្មទី៤ ដើម្បីឲ្យមាននិរន្តរភាព និងការទទួលខុសត្រូវបរិស្ថានសង្គមកម្រិតខ្ពស់បំផុត។ សារអប់រំក្នុងទិវាសិទ្ធិនារី៨មីនា រៀងរាល់ឆ្នាំ គួរតែលើកកម្ពស់ផ្សព្វផ្សាយធនធានរបស់យុវតី និងស្ត្រី ចូលរួមផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពិតរឿងសាទរសម្រាប់ទស្សនៈយ៉េនឌ័រ និងការអភិវឌ្ឍក្នុងគោលនយោបាយជាតិនារីរតនៈជាដើម។
អ្នកសេដ្ឋកិច្ច តែងតែផ្ដល់អនុសាសន៍ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតខ្ពស់ក្នុងអន្តរវិស័យដល់យុវជនជំនាន់ក្រោយ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចចូលរួមកាត់បន្ថយថ្លៃដើមផលិតនិងពេលវេលាតិចជាមួយបរិមាណផលិតបានច្រើនតាមតម្រូវការទីផ្សារ។
ក្នុងបណ្ដាញសង្គមយ៉ាងទូលំទូលាយក្រោមម្លប់ នៃសន្ដិភាព ភាពសំបូរបែបតាមប្រព័ន្ធបណ្ដាញសង្គមផ្សេងៗនាពេលនេះ គឺជាប្រភព នៃចំណេះដឹងសម្រាប់ប្អូនៗអានបន្ថែម នឹងទទួលបានគំនិតថ្មីដើម្បីពង្រឹងទំហំ នៃការសិក្សាជំនាញឲ្យបានទូលំទូលាយ។ ភូមិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា ពិតជាមានតម្រូវការពិសេស ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អេកូ-នវានុវត្តន៍ សមស្របជាមួយតម្លៃធនធានហិរញ្ញវត្ថុ ដើម្បីឆ្លើយតបដល់ធនធានអ្នកអាស្រ័យផល និងបរិយាកាស ភូមិសាស្ត្រ ទើបមាននិរន្តរភាពដល់គុណភាពបច្ចេកវិទ្យាជាវិជ្ជមានដែលជាលទ្ធផលក្នុងការបង្កើតថ្មីនេះ ជួយដល់សហគមន៍ និងសង្គមពិតៗ។ ដោយខ្ញុំបាទ មានបទពិសោធន៍ផ្នែកបច្ចេកវិទ្យានេះហើយ ជាមួយនឹងសមត្ថភាពអ្នកចូលរួមប្រើប្រាស់តម្រូវឲ្យមានការណែនាំរយៈពេលវែង ទើបខ្ញុំបាទ ម៉ិច សុខន បានបង្កើត បច្ចេកវិទ្យា ត្រល់ខេម នេះឡើង ដែលមានតម្លៃទាបបំផុតងាយស្រួលប្រើ សន្សំថាមពលខ្ពស់ សាមញ្ញ ប្រើវត្ថុធនធានក្នុងស្រុក ជាមួយនឹងដំណើរការគ្រប់វិនាទីតាំងពីពេលព្រះទិនកររះរហូតដល់ព្រះទិនករអស្ដង្គត និងព្រះទិនករបច្ចេករស្មីឡើងវិញដោយបម្រើសេវាកម្មជូន លោកស្រី លោកប្រុស យ៉ាងសកម្ម រួចទៅហើយ ដែលកំពុងជួយសម្រួលការងារក្នុងមន្ទីរពេទ្យធំមួយចំនួននៅរាជធានីភ្នំពេញ និងខេត្តនានា។
ក្រោយពីទទួលបានការសិក្សាអប់រំ រួចយុវជនត្រូវតែចូលរួមផ្សព្វផ្សាយបន្ដលើកកម្ពស់ចំណេះដឹងផ្នែកបច្ចេកវិទ្យា បច្ចេកទេស និង នវានុវត្តន៍ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឆ្លើយតបនឹងសភាពការណ៍តម្រូវការរបស់ពិភពលោកនូវបដិវត្តន៍បច្ចេកវិទ្យាក្នុងឧស្សាហកម្មទី៤នេះ ជូនដល់អ្នកជុំវិញ និងសមាជិកគ្រួសារជ្រាប។
ព័ត៌មានតាមប្រព័ន្ធ ផ្សព្វផ្សាយឯកជនស្របច្បាប់ និងរដ្ឋ ពិតជាប្រភពដែលគួរឲ្យជឿទុកចិត្តបានសម្រាប់ប្អូនៗចូលរួមស្វែងយល់អំពីបច្ចុប្បន្នភាពរបស់កម្ពុជាស្ដោះទៅផ្នែកបច្ចេកវិទ្យា បច្ចេកទេស និងនវានុវត្តន៍។ ការទទួលយកឱកាសទស្សនកិច្ចសិក្សា ទៅកាន់ទីតាំងដែលមានកំពូលបច្ចេកវិទ្យា បច្ចេកទេស និងនវានុវត្តន៍ គឺជាចម្លើយពិតជាវិជ្ជមានបំផុតសម្រាប់ប្អូនៗ។ តាមដំណឹងមិនផ្លូវការ នាពេលនេះមានក្រសួងភាគច្រើនបានបង្កើតវិទ្យាស្ថាន នាយកដ្ឋាន ឬការិយាល័យតាំងបង្ហាញ ផ្នែកបច្ចេកវិទ្យា បច្ចេកទេស និងនវានុវត្តន៍ តាមជំនាញរៀងៗខ្លួន ថែមទាំងបើកស្វាគមន៍ដល់ប្អូនៗដែលមានបំណងចូលរួមបង្កើនសមត្ថភាព ឬផ្ដើមអាជីវកម្ម ទៀតផង។
បដិវត្តន៍បច្ចេកវិទ្យា ក្នុងការគ្រប់គ្រងបម្រែបម្រួលអាកាសធាតុលើពិភពលោកនាពេលនេះ អាចធ្វើអ្នកជំនាញនៅក្នុងប្រទេសនានា ដឹងមុនរយៈពេលវែង និងបានផ្សព្វផ្សាយឲ្យពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធត្រៀមខ្លួនជាមុនការពារនូវផលប៉ះពាល់ជាអវិជ្ជមាន ដោយបម្រែបម្រួលនេះ ដោយបង្កើននូវភាពធន់កម្រិតខ្ពស់ជាពិសេសផ្នែកកសិកម្ម សុខភាពប្រជាជនជាមួយចំណាត់ការដោះស្រាយទាន់ពេលវេលា។ សុខភាពរឹងមាំ គឺជាទ្រព្យ មិនអាចគណនាបានរបស់មនុស្សគ្រប់រូប និងនាំឲ្យប្រភពធនធានបញ្ញាផ្នែកបច្ចេកវិទ្យា បច្ចេកទេស និងនវានុវត្តន៍ យូរអង្វែង។ ជាទម្លាប់ល្អមួយដែលប្អូនៗស្វែងយល់អាហារដែលមានគុណភាព ជាតិកាឡូរីខ្ពស់ភេសជ្ជៈផ្អែម ថាមពល គ្រឿងស្រវឹងតម្រូវឲ្យប្អូនៗទទួលទានតាមការកំណត់។ ស្វែងរកឱកាសទទួលទានរសជាតិអាហារផ្សេងៗជុំវិញពិភពលោកពិតជាមានឧត្ដមភាពសម្រាប់ចូលរួមចំណែកការអភិវឌ្ឍទាំងរាងកាយ និងបញ្ញាស្មារតី។
ជាពិសេសតាមដានពិនិត្យសុខភាព និងហាត់ប្រាណជាប្រចាំ។ ឃ្លាមួយដែលយើងធ្លាប់ឮ បើស្រឡាញ់ខ្លួនឲ្យស្ងួនចំណី ពិតជាត្រឹមត្រូវណាស់នាពេលនេះ។
សូមចងចាំថា ពេលដែលអ្នកមានជំងឺឈឺចាប់ អ្នកដែលឈឺចាប់បំផុត គឺជារូបយើង គ្មានអ្នកណាមកទទួលឈឺចាប់ជំនួយយើងបានទេ។ ជាមួយសន្ដិភាព ការចាប់ផ្ដើមកសាងធនធានមនុស្សផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទើបព្រះរាជាណាចក្រកម្ពុជា យើងមានការអភិវឌ្ឍជឿនលឿនជារៀងរហូតបាន។ តម្លៃមិនអាចកាត់ថ្លៃបាន នៃសន្តិភាពត្រូវតែការពារដោយច្បាប់ និងកុំឲ្យក្រុមជនក្រៅច្បាប់មកតថ្លៃបំផ្លាញឲ្យសោះ។ ដោយរីករាយជាមួយសន្តិភាពនាពេលនេះ វីរជនរបស់យើងមានឱកាសបែងចែកពេលវេលាដ៏មានតម្លៃមួយភាគមកថែទាំសុខភាពឲ្យបានល្អប្រសើរ ដើម្បីជាម្លប់ការពារសន្ដិភាពឲ្យបានគង់វង្សជានិរន្តរ៍ដល់មហាធនធានយុវជនជំនាន់ក្រោយ។
ការទទួលបានសន្តិភាពពេញបរិបូរណ៍ ជាឱកាសតែមួយគត់ជំរុញលើកកម្ពស់ចំណេះដឹងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដល់ប្អូនៗដែលជាយុវជនមានជំនាញខ្ពស់បាន។
ដូច្នេះ ចាប់ពីវិនាទីនេះតទៅ ព្រះរាជាណាចក្រកម្ពុជា ត្រូវការតែបដិវត្តន៍បច្ចេកវិទ្យា (Technology Revolution) តែមួយគត់ប៉ុណ្ណោះ៕
Source: Kampuchea Thmey Daily
0 Comments