ភ្នំពេញ ៖ តារាសម្តែង និងជាប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានប្រកាសពីគោលជំហររបស់ខ្លួនក្នុងការចូលរួមលើកទឹកចិត្តដល់បងប្អូនជនពិការឲ្យមានភាពរឹងមាំ និងការតស៊ូលើផ្លូវជីវិត។ ខណៈដែលថ្មីៗនេះ នាងបានបង្កើតឲ្យមានកម្មវិធី សំនៀងតន្ត្រីជនពិការ ដែលមានការផ្សាយផ្ទាល់តាមរយៈផេក ទូរទស្សន៍សិល្បៈ ដើម្បីជាការផ្តល់ឱកាសឲ្យពួកគាត់បានបញ្ចេញសមត្ថភាព។
អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ជាក់គ្រាដែលកំពុងកាន់ក្បាលមេក្រូធ្វើជាពិធីការិនី ក្នុងកម្មវិធី សំនៀងតន្ត្រីជនពិការ ថា ខ្លួនមិនសប្បាយចិត្តទេ នៅពេលដែលមានជនទាំងឡាយណាម្នាក់ ដែលបង្ហាញការមាក់ងាយ ឬមិនឲ្យតម្លៃលើជនពិការ ដែលពួកគាត់ ក៏ជាមនុស្សមានបេះដូង ចេះឈឺចាប់ ដូចយើងរាល់គ្នាជាមនុស្សដែលកើតមានកាយសម្បទាគ្រប់គ្រាន់ផងដែរ។
តារាស្រី និងជាប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានប្រកាសពីឆន្ទៈរបស់ខ្លួនដែរថា នាងនឹងធ្វើការថ្កោលទោសចំពោះជនទាំងឡាយដែលបានមាក់ងាយដល់ជនពិការ ថ្វីត្បិតតែខ្លួនពុំមាននូវសមត្ថភាព ឬអំណាច។ ប៉ុន្តែនាងសុំប្រើនូវទឹកចិត្តស្នើសុំដល់បណ្ដាម្ចាស់កម្មវិធីផ្សេងៗ មេត្តាជួយផ្តល់ឱកាសដល់ជនពិការមានឱកាសច្រៀង ដើម្បីទទួលបានកម្រៃខ្លះៗ សម្រាលដល់ជីវភាពប្រចាំថ្ងៃ។
លើសពីនេះទៀត អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានចាត់ទុកថា ចំពោះបុគ្គលទាំងឡាយណា ដែលនិយាយមិនល្អ ឬមាក់ងាយលើជនពិការ គឺ បុគ្គលរូបនោះជាប្រភេទមនុស្សមានសតិមិនល្អ ព្រោះសូម្បីតែជនពិការ ក៏មិនលើកលែង និងច្រណែនឈ្នានីសគ្នាដែរ។ បុគ្គលបែបនេះគ្មានបេះដូងជាមនុស្សនោះទេ ដូច្នេះហើយ ខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនជនពិការទាំងអស់ ត្រូវរឹងមាំឡើង ព្រោះបងប្អូនមិនឯកានោះទេ គឺនៅមានមនុស្សល្អជាច្រើនជុំវិញខ្លួនកំពុងផ្តល់កម្លាំងចិត្ត និងឲ្យតម្លៃ….។
ជាមួយគ្នានេះដែរ បើផ្អែកតាមការបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនថា ការស្ទុះឱបរបស់គាត់ ដោយក្តីរំភើបចំពោះការបង្កើតកម្មវិធី ដើម្បីជនដែលមានពិការភាពដូចពួកគាត់ គាត់មានកិត្តិយស ហើយ បានទទួលថវិកាសម្រាប់ដោះស្រាយជីវភាពរបស់គាត់ខ្លះដែរ។ អរគុណ Honey ហេងឡុង ដែលបានចំណាយថវិកា និងខំប្រឹងឈ្មុសឈ្មុលជំរុញទឹកចិត្តខ្ញុំឲ្យបង្កើតកម្មវិធីនេះឡើង៕
Source: Kampuchea Thmey Daily
0 Comments